ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចំនួន ៩ ប្រទេស​បាន​ឯកភាព​គ្នា​នឹង​កែប្រែ​ជំហរ របស់​ខ្លួន​ទៅ​លើ​ទីក្រុង ណៃពីដោ ប្រទេស​មីយ៉ាន់ម៉ា ប្រសិន​បើ​មាន​ការ​ប្រហារ​ជីវិត​សកម្មជន​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត។

ការ​ឯកភាព​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន (AMM) លើក​ទី​៥៥ កាល​ពី​ថ្ងៃទី៣ ខែ​សីហា នៅ​រាជធានី​ភ្នំពេញ ដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បន្ទាប់​ពី​យោធា​មីយ៉ាន់ម៉ា​ដែល​កំពុង​កាន់​អំណាច​បាន​ប្រកាស​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ថា ខ្លួន​បាន​កាត់ទោសប្រហារ​ជីវិត​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៤​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ជួយ​ដល់ «អំពើភេរវកម្ម»។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​កាសែត នាថ្ងៃ​ទី៦ ខែ​សីហា បន្ទាប់ពី​បិទ​បញ្ចប់​កិច្ច​ប្រជុំ AMM និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​បាន​ដំណើរការ​កាល​ពី​ថ្ងៃទី​២៩ ខែ​កក្កដា ដល់​ថ្ងៃទី​៥ ខែ​សីហា ថា៖ «បញ្ហា​ប្រហារ​ជីវិត​ដែល​ទើប​តែ​កើត​មាន​ឡើង​នេះ ប្រទេស​សមាជិក​អាស៊ាន​ទាំង ៩ គឺ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ពិនិត្យ​មើល​វឌ្ឍនភាព​ជាក់ស្ដែង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ»។

លោកបន្តថា៖ «ប្រសិន​បើ​មាន​ការ​ប្រហារ​ជីវិត​បន្ថែម​ទៀត នោះ​យើង​នឹង​ធ្វើ​ការ​ពិចារណា​ឡើង​វិញ ហើយ​ជំហរ​របស់​យើង​ក៏​ត្រូវ​តែ​ធ្វើការ​កែប្រែ ឬ​ក៏​ពិចារណា​ឡើងវិញ​ដែរ ហើយ​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង ៩ គឺ​បាន​ឯកភាព​ទៅ​លើ​សំណើ​នេះ»។

លោក ប្រាក់ សុខុន ប្រកាសថា លោក​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​លើក​ទី ៣ ទៅ​កាន់​ប្រទេស មីយ៉ាន់ម៉ា នៅ​ដើម​ខែកញ្ញា។ ប្រសិន​បើ​ក្នុងអំឡុង​ពេល​នេះ វឌ្ឍនភាព​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជាឯកច្ឆន្ទ ៥ ចំណុច​របស់​អាស៊ាន ដោយ​ទីក្រុង ណៃពីដោ មិនត្រូវ​បាន​បញ្ជាក់​ឱ្យ​ឃើញថា មាន​ភាព​វិជ្ជមាន អាស៊ាន​នឹង​គិតគូរ​ពិចារណា​ទៅ​លើ​សេចក្ដី​សម្រេច​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត។

លោកថ្លែងថា ក្នុង​នាម​លោក​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក​នឹង​បំពេញ​នូវ​អាណត្តិ​ការងារ​របស់​លោក​យោង​ទៅ​តាម​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ចំណុច​នេះ។ លោកថា អាណត្តិ​របស់​លោក​គឺ​សាមញ្ញ ហើយ​លោក​នឹង​បំពេញ​ឱ្យ​បាន ហើយ​លោក​នឹង​មិន​បោះបង់ចោល​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ចំពោះ​បញ្ហា​មីយ៉ាន់ម៉ា​នោះ​ទេ៕