
ក្រចេះ៖ លោកគង់ គឹមនី អភិបាលរងខេត្តក្រចេះបានជំរុញអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវតែខិតខំបន្តទៀត ក្នុងការស្វែងរកនូវផលិតផលផ្សេងៗបន្ថែមទៀតដែលមានសក្ដានុពលក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីដាក់បញ្ចូលទៅជាចលនា ភូមិ ១ ផលិតផល ១។
ការជំរុញរបស់អភិបាលរងខេត្តក្រចេះរូបនេះធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីអនុវត្តការងារ ប្រមូលចងក្រងសមាជិក ចលនាភូមិមួយ ផលិតផលមួយ សម្រាប់ឆ្នាំ២០២២ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២នេះ នៅសាលាខេត្តក្រចេះ។
លោកគង់ គឹមនី បញ្ជាក់ថា៖«អាជ្ញាធរក្រុង ស្រុក ទាំងអស់ត្រូវតែខិតខំបន្តទៀត ក្នុងការស្វែងរកនូវផលិតផលផ្សេងទៀតដែលមានសក្ដានុពលក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីដាក់បញ្ចូលផលិតផលនោះទៅជាចលនា ភូមិ១ ផលិតផល១ ហើយអាចយកទៅ ប្រកួតប្រជែង ក្នុងទីផ្សារ ក្នុងស្រុក និងក្រៅស្រុក ឱ្យគេបានដឹងថាផលិតផលរបស់យើងក៏មានគុណភាពល្អ មិនចាញ់ ផលិតផលក្រៅស្រុកប៉ុន្មាននោះទេ»។
លោកអភិបាលរងខេត្តក្រចេះរូបនេះ បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ដែលកន្លងទៅធ្វើឱ្យចលនាភូមិ១ ផលិតផល១ ក្នុងខេត្តក្រចេះ ដំណើរការបានល្អប្រសើរ ជាបន្តបន្ទាប់មក តាមរយៈយុទ្ធសាស្ត្រផ្សេងៗ។ រដ្ឋបាលខេត្តក្រចេះ មានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានខិតខំប្រឹងប្រែង និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់សេដ្ឋកិច្ច នៅក្នុងខេត្ត និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកបានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ បានពិនិត្យ និងវាយតម្លៃ ក្នុងការកំណត់ ផលិតផលខ្មែរ ដែលមានសក្តានុពលក្នុងខេត្តក្រចេះ ជាភូមិ១ ផលិតផល១ ហើយការពិនិត្យ និងវាយតម្លៃ នៃផលិតផលទាំងនោះ ត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ ចំនួន ៤គឺ ៖ ទី១.មានទីតាំងផលិតកម្មច្បាស់លាស់ ទី២. មានការឆ្លុះបញ្ចាំងនូវអត្តសញ្ញាណភូមិឋាន ដែលឆ្លើយតបទៅនឹងនិយមន័យចលនាភូមិ១ ផលិតផល១ ទី៣. មានការកែច្នៃដោយបានបង្កប់គំនិតច្នៃប្រឌិត និងទី៤ ជាផលិតផល ប្រមូលផ្តុំគ្នា ជាសហគមន៍ ឬសមាគមន៍៕