ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា​-​អូស្ត្រាលី​ អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក និង​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។​

​ការប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោកស្រី ផេ​ន​នី វង (Penny Wong) រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ថ្ងៃទី​៥ ខែសីហា នៅ​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​នា​ថ្ងៃទី​៥ ខែសីហា ថា​៖ «​រដ្ឋមន្ត្រីការបរទេស​ទាំង​២ បាន​សម្តែង​ការពេញចិត្ត ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​យូរលង់ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ជាពិសេស​នៅក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​អូស្ត្រាលី ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក និង​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​»​។​

​លោក ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​អូស្ត្រាលី​ដែល​បាន​គាំទ្រ​ដល់​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា និង​ជំនួយ​ជា​បន្តបន្ទាប់ «​ដែល​មិនអាច​កាត់ថ្លៃ​បាន​» របស់​អូស្ត្រាលី​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា ជាពិសេស​ជំនួយ​វ៉ាក់សាំង Pfizer ចំនួន ២,៣៥​លាន​ដូ​ស និង​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ សម្រាប់​កុមារ​ចំនួន ២០​ម៉ឺន​ដូ​ស ដែល​ទើបបាន​ដឹកជញ្ជូន​មកដល់​ជា​លើក​ទី​១ នាពេល​ថ្មីៗ​នេះ​។​

​លោក​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​កិច្ចខិតខំ​របស់លោក​ក្នុង​ការជួយ​ប្រទេស​មី​យ៉ាន់​ម៉ា​ឱ្យ​វិលត្រឡប់​មករក​ប្រក្រតីភាព​ឡើងវិញ​។​

​ភាគី​ទាំង​២​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅលើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដទៃទៀត ដែលជា​កង្វល់​រួម ផងដែរ​៕