រតនគិរីៈ រដ្ឋបាលខេត្ត​រតនគិរី​ប្រកាសជូន​ដំណឹង​ដល់​សាធារណជន ព្រមទាំង​គ្រប់​មន្ទីរ​អង្គភាព និង​ស្ថាប័ន​ភ្នាក់ងារ​ហិរញ្ញវត្ថុ ដែលមាន​ការពាក់ព័ន្ធ​នឹង​ក្បាលដី​ទាំងអស់​នៅ​ភូមិ​ឡូ​ន សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ថ្ងៃទី ៩ ខែសីហា​នេះ​កុំបី​ខាន​។

​លិខិត​របស់​រដ្ឋបាល​ខេត្តរតនគិរី​ចុះ​ថ្ងៃទី​៨ ខែកក្កដា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅថ្ងៃនេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត​នឹងធ្វើ​ការផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ ភូមិ​ក្បួន ដើម្បី​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា ប្រព័ន្ធ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ២ និង ៣០​នាទី​រសៀល​។​

​ការប្រកាស​ផ្សព្វផ្សាយ​នេះ​គឺ​ដើម្បី​អនុវត្តតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែឧសភា​ឆ្នាំ​២០០២ ស្តីពី​នីតិវិធី​នៃ​ការកសាង​ប្លង់​សុរិយោដី និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី និង​អនុក្រឹត្យ​លេខ ១២២ អនក្រ​.​បក ចុះ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ស្តីពី​ការកែសម្រួល​មាត្រា ៦ មាត្រា ៧ និង​មាត្រា ១១ នៃ​អនុក្រឹត្យ​លេខ ៤៦ អនក្រ​.​បក ចុះ​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០០២ ស្តីពី​នីតិវិធី​នៃ​ការកសាង​ប្លង់​សុរិយោដី និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​។

​រដ្ឋបាលខេត្ត​នេះ​បាន​ប្រាប់​ទៅ​សាធារណជន និង​អង្គភាព​នានា ដែលមាន​ការពាក់ព័ន្ធ នឹង​ក្បាលដី ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ មេត្តា​ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ និង​ស្តាប់​ការពន្យល់ ណែនាំ​ពី​មន្ត្រី គ្រប់គ្រង ការងារ​តំបន់​វិនិច្ឆ័យ​។ តំណាង​គណៈកម្មការ​រ​ដ្ឋ​បាល​ស្ដីពី​ដំណើរការ​នៃ​ការវិនិច្ឆ័យ នឹង​បំភ្លឺ​ពី​បញ្ហា​ច្បាប់ និង​ឆ្លើយ​រាល់​សំណួរ​ទាក់ទង​នឹង​ការវិនិច្ឆ័យ តាម​ពេលវេលា និង​ទីកន្លែង​ដូច​បាន​ជម្រាបជូន​ខាងលើ​ឱ្យបាន​គ្រប់គ្នា​កុំបី​អាក់ខាន​។​

​រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា​៖«​ទទួលបាន​សេចក្តីជូនដំណឹង​នេះ រដ្ឋបាលខេត្ត​រតនគិរី សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណជន និង អង្គភាព​នានា ដែលមាន​ការពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ នឹង​ឆ្លៀតឱកាស​ដើម្បី​ចូលរួម​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​យ៉ាង​ផុសផុល​ជាមិនខាន​»៕