កំពង់ធំៈ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​បាននិងកំពុង​អនុវត្ត​គម្រោង​ពិព័រណ៍​សហគមន៍ ក្នុង​គោលបំណង​លើកកម្ពស់​សេដ្ឋកិច្ច​សហគមន៍ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​មាន​ជីវភាព​ប្រសើរឡើង​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។

​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​គម្រោង​នេះ​មាន​គោលដៅ​បង្កើត​មុខរបរ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​១៧ ក្នុង​ខេត្តកំពង់ធំ​។ តាមរយៈ​គម្រោង​នេះ ប្រជាពលរដ្ឋ​ទាំង​១៧​សហគមន៍​បានជ្រើសរើស​មុខរបរ​ចំនួន​១១ មានដូចជា ការដាំដុះ ការចិញ្ចឹម​សត្វ ពេទ្យសត្វ ភ្លេង​ប្រពៃណី សំអាង កែច្នៃ វេច​ខ្ចប់ ធ្វើ​ម្ហូប មគ្គុទេសក៍ ជួសជុល​គ្រឿង​ម៉ាស៊ីន និង​កុំព្យូទ័រ​។

​រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ចំនួន​១២​នាក់ មកពី​២​សហគមន៍​តំបន់ការពារធម្មជាតិ​បាននិងកំពុង​ទទួល​ការបណ្តុះបណ្តាល​លើ​ជំនាញ​ភ្លេង​ប្រពៃណី និង​ជួសជុល​ម៉ូតូ​។ ឆាប់ៗ​នេះ ប្រជាពលរដ្ឋ​មួយចំនួនទៀត​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​លើ​ជំនាញ​ដាំ​ដុះ ចិញ្ចឹមសត្វ និង​ពេទ្យសត្វ​។

​ក្រសួងបរិស្ថាន​បញ្ជាក់​ថា​៖«​គម្រោង​នេះ​បានទទួល​ការឧបត្ថម្ភ​ថវិកា​ពី​មូលនិធិ​បរិស្ថាន​និង​សង្គម និង​មាន​កិច្ចសហការ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​សាលា​បច្ចេកទេស​ខេត្តកំពង់ធំ​»៕