
ក្រចេះ៖ ប្រជាសហគមន៍ព្រៃឈើវាលកន្សែង ជឿថាពិធីបំបួសដើមឈើជាកិច្ចបន់ស្រន់ និងជាចំណែកមួយដាស់តឿនឱ្យមានការជួយថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិដែលនៅសេសសល់ក្នុងសហគមន៍របស់ពួកគេ។ នេះបើតាមអង្គការ WWF Cambodia។
អង្គការ WWF ប្រចាំកម្ពុជា បានឱ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី៦ ខែសីហានេះថា ខ្លួនបានសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងសហគមន៍ រៀបចំពិធីបំបួសដើមឈើនៅក្នុងសហគមន៍ព្រៃឈើវាលកន្សែងដែលស្ថិតនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២។
កម្មវិធីនេះមានអ្នកចូលរួមសរុបប្រមាណ១៣០នាក់ ដែលនៅក្នុងនោះរួមមានព្រះសង្ឃ គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើ តំណាង មកពីរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ជាមួយនឹងដៃគូពាក់ព័ន្ធជាច្រើនទៀត។ ពិធីបំបួសដើមឈើនេះត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងសហគមន៍ព្រៃឈើវាលកន្សែង និងជាលើកទី២នៅក្នុងខេត្តក្រចេះ។
អង្គការនេះបានឱ្យដឹងថា ប្រជាសហគមន៍ជឿថាពិធីនេះជាកិច្ចបន់ស្រន់ និងជាចំណែកមួយដាស់តឿនឱ្យមានការជួយថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិដែលនៅសេសសល់ក្នុងសហគមន៍របស់ពួកគេ។ប្រភេទសត្វសំខាន់ៗដូចជា សត្វទន្សោង ខ្ទីង ឈ្លូស ជ្រូកព្រៃ និងពពួកពានរត្រូវបានតាមដាន និងឃើញមានរស់នៅក្នុងព្រៃសហគមន៍វាលកន្សែងនៅឡើយ។
ចាប់ពីឆ្នាំ២០១៧ អង្គការ WWF បាន និងកំពុងគាំទ្រសហគមន៍ព្រៃឈើវាលកន្សែង ដោយមានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាល ប្រទេសប៊ែលហ្ស៊ិកតាមរយៈគម្រោង Scale-up ដើម្បីគ្រប់គ្រងដីព្រៃសរុបចំនួន ១៦២៤ហិកតា ដែលមានទីតាំង នៅតំបន់ព្រៃ លិចទឹកមេគង្គកម្ពុជា។ សហគមន៍ក៏ទទួលបានការគាំទ្រពីកម្មវិធី PaFF ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍ កសិរុក្ខកម្ម ក្នុងដែនសហគមន៍ព្រៃឈើផងដែរ៕