ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើប្រមុខការទូតប៉ាគីស្ថានជំរុញវិនិយោគិនប៉ាគីស្ថានឱ្យមកកម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។
លោកស្នើបែបនេះក្នុងជំនួបជាមួយលោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន នាថ្ងៃទី៦ ខែសីហា នៅវិមានសន្តិភាព ក្នុងឱកាសលោកមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកស្រង់សម្ដីលោក Zardari ដែលថ្លែងក្នុងជំនួបនេះថា ប្រទេសកម្ពុជា មានសក្តានុពលក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។
ហ្វេសប៊ុកដដែលបញ្ជាក់ថា លោក Zardari នឹងពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដែលអាចធ្វើទៅបាន ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «សម្តេចតេជោ បានលើកទឹកចិត្តឱ្យឯកឧត្តម Zardari ជំរុញ និងលើកទឹកចិត្តវិនិយោគិនប៉ាគីស្ថានឱ្យមកកម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបាន ជាពិសេសលើវិស័យដែលឯកឧត្តមបានលើកឡើងនោះ គឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ»។
លោក Zardari បានអញ្ជើញលោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថាន និងស្នើសុំលោក ហ៊ុន សែន ពិចារណាបើកស្ថានទូតកម្ពុជានៅទីក្រុងឥស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
ហ្វេសប៊ុកដដែលបន្តថា លោក ហ៊ុន សែន បានទទួលយកនូវការអញ្ជើញនេះ ហើយក៏បានទទួលការឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំឱ្យពិចារណាបើកស្ថានទូតកម្ពុជានៅទីក្រុងឥស្លាមម៉ាបាដ៕