The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖ ជប៉ុន​នឹង​បន្ត​ជំរុញ​អ្នកវិនិយោគ​ខ្លួន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖ ជប៉ុន​នឹង​បន្ត​ជំរុញ​អ្នកវិនិយោគ​ខ្លួន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​

Content image - Phnom Penh Post

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖ ជប៉ុន​នឹង​បន្ត​ជំរុញ​អ្នកវិនិយោគ​ខ្លួន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ជប៉ុន​នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ជប៉ុន​លើ​វិស័យសេដ្ឋកិច្ច ការពារជាតិ និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ព្រមទាំង​ជំរុញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​។​

​ការបន្ត​ជំរុញ​បែបនេះ​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក និង​លោក ហា​យ៉ា​ស៊ិ យ៉ុ​ស៊ិ​ម៉ាសា (Hayashi Yoshimasa) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នា​ថ្ងៃទី​៦ ខែសីហា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន បានឱ្យដឹងថា​៖ «​ឯកឧត្តម​នឹង​បន្ត​កិច្ចសហការ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ហើយ​ធ្វើយ៉ាងណា​ជំរុញ​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​ជាមួយនឹង​ការជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំង​២​ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច ការជំរុញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា រួមទាំង​វិស័យ​ការពារជាតិ និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​»​។

​លោក ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន​ដែល​បាន​ផ្ដល់នូវ​ឥណទាន​សម្បទាន​ដល់​គម្រោង​ស្ថាបនា​សាងសង់​កំពង់ផែ​ក្រុងព្រះសីហនុ​។

​លោក​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ផ្ដល់នូវ​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​កម្ពុជា ហើយ​លោក​ចាត់ទុក​ការផ្ដល់​វ៉ាក់សាំង​នេះ ជាការ​ចូលរួមចំណែក​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ និង​មានលទ្ធភាព​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​។

​លោក ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ដោយ​លោក​លើកឡើងថា សង្គ្រាម​ជា​រឿង​មួយ ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​ជា​រឿង​មួយ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ទៅដល់​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល រួមទាំង​កម្ពុជា​ផងដែរ​។

​ទាក់ទង​ទៅនឹង​ករណី​នៅ​មី​យ៉ាន់​ម៉ា លោក​លើកឡើងថា អ្វីដែល​ជាការ​ខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​នោះ​គឺ​ក្នុង​គោលបំណង​ដើម្បីឱ្យ​ប្រទេស​នេះ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​។ អ្វីដែល​កម្ពុជា​ធ្វើ​កន្លងមក​គឺ​បាន​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​៣​សំខាន់ៗ គឺ​ការកាត់បន្ថយ ឬ​បញ្ឈប់​អំពើហិង្សា ការផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា និង​ការបង្ក​បរិយាកាស​សម​ស្រប​សម្រាប់​ការសន្ទនា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។

​លោក ហ៊ុន សែន បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការកាត់ទោស​ប្រហារជីវិត​សកម្មជន​ប្រឆាំង​៤​នាក់​ថ្មីៗ​នេះ និង​បញ្ជាក់ថា ទោះបីជា​ក្នុងករណី​យ៉ាងណាក៏ដោយ កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព​ធ្វើយ៉ាងណា​ជួយ​ដោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា ដើម្បី​នាំ​ប្រទេស​មី​យ៉ាម៉ា​ឱ្យ​វិលត្រឡប់​មករក​ប្រក្រតីភាព​វិញ​៕​

អត្ថបទគួរចាប់អារម្មណ៍