ភ្នំពេញៈ ជប៉ុន​បាន​ចុះហត្ថលេខា​ផ្តល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​ចំនួន​ជាង​ ៤១ ​ពាន់​លាន​យ៉េន (​ជាង​ ៣០០​ លាន​ដុល្លារ​អាមេរិក​) សម្រាប់​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ជំហាន​ទី​១​។​

​លិខិត​ប្តូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការផ្តល់​ឥណទាន​សម្បទា​ន​នេះ​បាន​ត្រូវ​ចុះហត្ថលេខា​នា​ថ្ងៃទី​៦ ខែសីហា រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក ហា​យ៉ា​ហ្ស៊ី យ៉ូ​ហ្ស៊ី​ម៉ាសា (Hayashi Yoshimasa) រដ្ឋមន្ត្រីការបរទេស​ជប៉ុន ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​នេះ​ត្រូវ​ចុះហត្ថលេខា​រវាង​លោក ហែម វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី កា​មេ ហា​រឹ​កុ (Kamei Haruko) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន JICA ប្រចាំ​កម្ពុជា បញ្ជាក់​នា​ថ្ងៃទី​៦ ខែសីហា ថា បច្ចុប្បន្ននេះ ការអភិវឌ្ឍ​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី ដែលជា​ចំណត​ផែ​ថ្មី​ទី​១ បាននិងកំពុង​ដំណើរកា​រ​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ក្រោម «​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​កំពង់ផែ​ក្រុងព្រះសីហនុ​ថ្មី​» ដោយ​ប្រើប្រាស់​ឥណទាន​សម្បទាន​អភិវឌ្ឍន៍​របស់​ជប៉ុន (ODA Loan)​។

​ទី​ភា្ន​ក់​ងារ JICA បញ្ជាក់ថា​៖ «​ដោយមាន​ការគិតគូរ​អំពី​ការកើនឡើង​ជា​លំដាប់​នៃ​បរិមាណ​ចំនួន​កុងតឺន័រ​ឆ្លងកាត់​នាពេល​អនាគត គម្រោង​ថ្មី​ដែល​បានធ្វើការ​ចុះហត្ថលេខា​នាពេលនេះ ត្រូវបាន​អនុវត្ត​ឡើង​ក្នុង​គោលបំណង​ពង្រីក​ចំណត​ផែ​កុងតឺន័រ​បន្ថែមទៀត​ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​កុងតឺន័រ និង​ផ្លូវ​រត់​នាវាចរណ៍​មកកាន់​កំពង់ផែ​ក្រុងព្រះសីហនុ ដែលជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​សំខាន់​នៅ​កម្ពុជា​»​។

​ទី​ភា្ន​ក់​ងារ JICA បាន​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាប​ន្ត​បន្ទាប់​ជាមួយ​កំពង់ផែ​ព្រះសីហនុ ចាប់តាំងពី​អំឡុង​ឆ្នាំ ១៩៩០ ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាព​ប្រតិបត្តិការ​របស់​ផែ តាមរយៈ​ការផ្តល់​ជា​គម្រោង​ឥណទាន​សម្បទាន គម្រោង​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង និង​គម្រោង​សហប្រតិបត្តិការ​បច្ចេក​ទេស​។​

​ទី​ភា្ន​ក់​ងារ JICA ចាត់ទុកថា​កំពង់ផែ​ក្រុងព្រះសីហនុ​មាន​តួនាទី​យ៉ាងសំខាន់​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ទាំងមូល​។​

​ទី​ភា្ន​ក់​ងារ JICA បញ្ជាក់ថា​៖ «​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ការប្រកួតប្រជែង​កម្រិត​អន្តរជាតិ​របស់​កំពង់​ផែ​ក្រុងព្រះសីហនុ​នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត​តាមរយៈ​គម្រោង​ថ្មី​មួយ​នេះ ហើយ​វា​នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»៕