
ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ពីមុនមក អ្នកដែលទើបគ្រប់អាយុ ១៨ ឆ្នាំ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្តែង។ នេះបើតាមលោក ម៉ុក តារ៉ា អគ្គលេខាធិការរង គ.ជ.ប បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៦ សីហានេះ។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ជូនដល់គ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប នៅទីស្តីការ គ.ជ.ប ក្រោមវត្តមាន លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប។
ក្នុងពិធីនោះលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ពីមុនមក អ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ (កើតមុន ឬត្រឹម ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥) អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំ ចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្តែង។
លោក ម៉ុក ដារ៉ា បានថ្លែងថា អនុលោមតាមច្បាប់បោះឆ្នោតបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំនិងសេចក្តីសម្រេចលេខ ២៧៦ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ដោយឡែកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២២។
លោកបានគូសបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ គ.ជ.ប បានចេញសេចក្តីណែនាំលេខ ០៥២ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការរដាក់ឱ្យដំណើរការកម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាមប្រព័ន្ធអ៊ីនធឺណិត ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២ ស្តីពីការដាក់ឱ្យដំណើរការកម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាម អ៊ីនធឺណិត ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) មានលទ្ធភាពធ្វើការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត របស់ខ្លួនបានងាយស្រួលទាន់ពេលវេលា និងមានបច្ចុប្បន្នភាព នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ។
លោកអគ្គលេខាធិការរង គ.ជ.ប បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះការបង្ហាត់បង្រៀន នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ទាំងផ្នែកទ្រឹស្តី និងបច្ចេកទេស និងសូមឱ្យគ្របង្ហាត់ គ.ជ.ប ចាត់ចែងការងារបង្ហាត់បង្រៀនបន្តឱ្យបានល្អតាមកម្មវិធីដែលបានកំណត់ តាមនិយាមគរុកោសល្យ រួមផ្សំនឹងបទពិសោធល្អៗដែលបានអនុវត្តនាពេលកន្លងមក។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាមជាគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ចូលរួមសរុប ប្រមាណ ៦០ នាក់៕