ភ្នំពេញៈ កម្ពុជាស្នើសុំឱ្យប្រទេសកាណាដា ផ្តល់វិភាគទានបន្ថែមទៀត ដើម្បីឱ្យកម្ពុជាឆ្ពោះទៅសម្រេចបាននូវគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥។
ការស្នើសុំនេះធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី Mary Ng រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ ការជំរុញការនាំចេញធុរកិច្ចធន់តូច និងការអភិវឌ្ឍសេដ្ឋកិច្ចកាណាដា នាថ្ងៃទី៥ ខែសីហា ក្នុងឱកាសលោកស្រីមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នៅរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះជំនួយ និងការគាំទ្រផ្នែកបច្ចេកទេសរបស់ប្រទេសកាណាដា នៅក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើសុំឱ្យមានវិភាគទានបន្ថែមទៀតពីកាណាដា ឆ្ពោះទៅសម្រេចបាននូវគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥»។
ប្រភពដដែលបញ្ជាក់ថា ភាគីទាំង២បានកត់សម្គាល់ដោយសេចក្ដីពេញចិត្តចំពោះគន្លងវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគី ខណៈដែលលោក ប្រាក់ សុខុន បានសម្តែងនូវអំណរគុណដល់កាណាដាដែលបានរក្សាប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់កម្ពុជា។
ភាគីទាំង២បានឯកភាពធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីពង្រឹងចំណងមិត្តភាព «ល្អ» រវាងប្រទេសទាំង២ និងបានជំរុញកិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយ ដើម្បីផលប្រយោជន៍រួមគ្នាក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកល។
ភាគីទាំង២បានឯកភាពរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២នៅឆ្នាំនេះ។
ចំពោះទំនាក់ទំនងអាស៊ាន-កាណាដា លោក ប្រាក់ សុខុន បានកោតសរសើរចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់កាណាដាសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។
ភាគីទាំង២ក៏បានពិភាក្សាគ្នាផងដែរអំពីការចូលរួមរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងសំណើរបស់កាណាដាក្នុងការលើកកម្ពស់ឋានៈរបស់ខ្លួនទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ៕