
រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៧ ខែសីហានេះបានចេញបញ្ជាឱ្យលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ និងឱ្យរក្សាដី និងព្រៃឈើនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម ហើយក្រុមហ៊ុនដែលឈូសឆាយត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ និងត្រូវដាំដើមឈើឡើងវិញនៅដីដែលបានឈូសឆាយនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ការចេញបញ្ជានេះដោយសារប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាល ដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ សូមចេញបញ្ជា «១. លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ។
២. រក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដី ដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។ ៣. ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ»៕