ភ្នំពេញៈអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​បណ្តេញ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​កើត​ជំងឺ​អុត​ស្វា​ចេញពី​ក​កម្ពុជា ដោយ​មិនឱ្យ​ចូល​ទឹកដី​កម្ពុជា​រយៈពេល ៣ ឆ្នាំ បន្ទាប់ពី​ជនបរទេស​រូបនេះ ត្រូវ​បាន​ព្យាបាល​ជា​ពី​ជំងឺ​អុត​ស្វា កាលពី​ថ្ងៃទី ៥ សីហា ហើយ​ក្រសួង​សុខាភិបាល​បាន​ប្រគល់​ជូន អគ្គនាយក​ដ្ឋាន​នគរបាល​អន្តោ​ប្រវេសន៍ ​កាល​ពីថ្ងៃទី​ ៦សីហា​។

កាលពី​អំឡុង​ខែកក្កដា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ ដែល​កើត​ជំងឺ​អុត​ស្វា​រូបនេះ ​បាន​រត់គេច​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា និង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រកឃើញ និង​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី ២៣ ខែកក្កដា នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ ខណ្ឌចំ​ការ​​មន រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀតភ្លាមៗ។

ការឃាត់ខ្លួនក្នុងពេល​នោះ ក៏រកឃើញ​អ្នកពាក់ព័ន្ធ​ចំនួន ៥ នាក់ ដែលក្រសួងសុខាភិបាល តម្រូវ​ឱ្យពួកគេ​នៅ​ដាច់​ដោយ​ឡែ​ក ដើម្បី​តាម​ដាន​​រោគសញ្ញា​ផងដែរ។

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៧ សីហា ថា បន្ទាប់ពី​ទទួល​បុរស​រូបនេះ ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត​ ក្រោយពី​​ក្រសួងសុខាភិបាល អនុញ្ញាតឱ្យ​ចេញពី​មន្ទីរ​ពេទ្យ​រួចមក អគ្គនាយក​ដ្ឋាន បានសម្រេច​បណ្តេញ​បុគ្គល​រូបនេះ​ ចេញពី​ប្រទេស​កម្ពុជា​រយៈពេល ៣ ឆ្នាំ។