ភ្នំពេញៈ​ អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានកំណត់​កាលបរិច្ឆេទ​ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង ខៀវ សំផន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែកញ្ញា ឆ្នាំ​ ២០២២ ​នៅក្នុង​បន្ទប់​សវនាការ​ធំ​នៃ អ​.​វ​.​ត​.​ក​។ ​នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ អ​.​វ​.​ត​.​ក ​អំពី ដីកា​កំណត់​កាលបរិច្ឆេទ​នៃ​ការប្រកាស​សាលដីកា​ក្នុង​សំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន បាន​បញ្ជាក់ថា​៖«​កាលពី​ថ្ងៃទី​ ៥ ខែសីហា ឆ្នាំ ​២០២២ នេះ អង្គជំនុំជម្រះ​ អ​.​វ​.​ត​.​ក​ បានកំណត់​កាលបរិច្ឆេទ​ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង ០០២/០២ ពាក់ព័ន្ធ​នឹង ខៀវ សំផន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​២២ ខែកញ្ញា ឆ្នាំ ​២០២២ វេលា​ម៉ោង ៩:៣០ នាទី​ព្រឹក​នៅក្នុង​បន្ទប់​សវនាការ​ធំ​នៃ អ​.​វ​.​ត​.​ក​»​។​

អង្គជំនុំជម្រះ​សាលាដំបូង​បានប្រកាស​សាលក្រម​របស់ខ្លួន​ប្រឆាំងនឹង ខៀវ សំផន នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៨ ដោយ​ផ្តន្ទាទោស​គាត់​ដាក់ពន្ធនាគារ​អស់​ ១ ជីវិត​ចំពោះ​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​វៀតណាម​ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​អំពើ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​បានដាក់​បញ្ចូល​ទោស​នេះ​ជាមួយ​ទោស​ដាក់ពន្ធនាគារ​អស់​ ១ ជីវិត​ដែល​បានប្រកាស​នៅក្នុង​សំណុំរឿង ០០២/០១​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ អ​.​វ​.​ត​.​ក បានឱ្យដឹងថា ខៀវ សំផន និង​សហ​ព្រះរាជអាជ្ញា​បានដាក់​បណ្តឹងសារទុក្ខ​ប្រឆាំងនឹង​សាលក្រម​នេះ​។ អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​បើកសវនាការ​ស្តាប់​សេចក្តីសន្និដ្ឋាន​ដោយផ្ទាល់​មាត់​ទៅលើ​បណ្តឹងសាទុក្ខ​ចាប់ពី​ថ្ងៃទី ​១៦ ដល់​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ​ ២០២១​។​

យោងតាម​ដីកា​កំណត់​កាលបរិច្ឆេទ​នៃ​ការប្រកាស​សាលដីកា​ក្នុង​សំណុំរឿង ០០២/០២ របស់ អ​.​វ​.​ត​.​ក​ បានឱ្យដឹងថា អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដើម្បី​កាត់សេចក្ដី​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​អំឡុងពេល​នៃរបបកម្ពុជា​ប្រជាធិបតេយ្យ​នៅ​ចន្លោះ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ ១៩៧៩ (“​អង្គជំនុំជម្រះ​តុលាការ​កំពូល​” “​អង្គជំនុំជម្រះ​” និង​ “​អ​.​វ​.​ត​.​ក​.”)​។​

​អ​.​វ​.​ត​.​ក ​កត់សម្គាល់​ឃើញថា​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ អង្គជំនុំជម្រះ​សាលាដំបូង​បានប្រកាស​សាលក្រម​របស់ខ្លួន​និង​ទោស​ក្នុង​សំណុំរឿង ០០២/០២ តាមរយៈ​ការចេញ​សេចក្ដី​សង្ខេប​ដោយផ្ទាល់​នៃ​ការយល់ឃើញ​ និង​ផ្នែក​សម្រេចសេចក្តី​នៃ​សាលក្រម​នោះ និង​ក្រោយមក​បាន​ជូនដំណឹង​ភាគី​នូវ​សាលក្រម​ជា​លាយលក្ខណ៍អក្សរ​នៅ​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៩ ជា​ភាសា​ខ្មែរ បារាំង និងអង់គ្លេស (​សាលក្រម​អង្គ​ជំនុំ ជម្រះ​សាលាដំបូង​)​។​

​អ​.​វ​.​ត​.​ក​ បានទទួល​បណ្ដឹងសារទុក្ខ​ប្រឆាំងនឹង​សាលក្រម​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​បានធ្វើ​ឡើង​ដោយ​សហ​ព្រះរាជអាជ្ញា និង​ខៀវ សំផន ព្រមទាំង​សារ​ណា​តប​របស់​ភាគី​នីមួយៗ​៕