
ទិដ្ឋភាពផ្ទះពលរដ្ឋនៅតាមមាត់ប្រឡាយស្ទឹងមានជ័យកាលពីខែមីនា ឆ្នាំ ២០២២ ក្រោយពេលអភិរឌ្ឍរួច ។ ហេង ជីវ័ន
ភ្នំពេញៈគ្រាន់តែឮពាក្យថា អភិវឌ្ឍន៍ មានពលរដ្ឋមិនតិចទេដែលបង្ហាញការភ័យខ្លាច ព្រោះជាបទពិសោធមានពលរដ្ឋនៅតាមតំបន់មិនរៀបរយមួយចំនួនបានទទួលផលមិនល្អពីគម្រោងអភិវឌ្ឍន៍ទាំងនោះ។ ប៉ុន្តែខុសគ្នាស្រឡះ ពលរដ្ឋជាង ៥០០ គ្រួសាររស់នៅមាត់ប្រឡាយទឹកស្អុយស្ទឹងមានជ័យស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បែរជាមានស្នាមញញឹមស្ទើរគ្រប់ៗគ្នា ក្រោយគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលបានបញ្ចប់។
«ការរស់នៅរបស់ខ្ញុំ ក្រោយការអភិវឌ្ឍនៅនឹងកន្លែងគឺបាត់ភ័យ បាត់ខ្លាច» នេះគឺជាការពោលឡើងរបស់បុរសវ័យជាង ៦០ឆ្នាំ ខណៈកំពុងលើកកំសៀវទឹកក្តៅពីចង្ក្រានធ្យូងរបងមុខផ្ទះ ចាក់ចូលកែវកាហ្វេ ក្នុងពេលសម្រាកពីការរត់រ៉ឺម៉ក។ បុរសសម្បុស្រអែម ដែលមានសក់ស្កូវតិចៗរូបនេះ មានឈ្មោះ វណ្ណ ឌឿន គឺជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ប្រឡាយស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អស់រយៈពេលជាង ៣០ឆ្នាំ។
លោក ឌឿន ដែលមានកូន ៣ នាក់ និងពឹងអាស្រ័យរបររត់រ៉ឺម៉កដឹកអីវ៉ាន់ បានរៀបរាប់បន្តថា ប្រសិនបើមិនទទួលបានការអភិវឌ្ឍនៅនឹងកន្លែងនោះទេ ម្ល៉េះលោកមិនមានជីវភាពល្អប្រសើរដូច្នេះទេ។ ការលើកឡើងបែបនេះ ដោយលោកបង្ហាញក្តីបារម្ភដែលមើលមិនឃើញ ប្រសិនបើគ្រួសារលោកត្រូវផ្លាស់ប្តូរលំនៅទៅឆ្ងាយពីកណ្តាលក្រុងភ្នំពេញ ដូចគម្រោងអភិវឌ្ឍន៍មួយចំនួននាពេលកន្លងទៅ។
បុរសវ័យចំណាស់រូបនេះបានពោលបន្តថា៖ «បើប្រៀបធៀបនឹងតំបន់ដទៃទៀតខ្ញុំបានប្រសើរជាងគេ បានប្រសើរជាងតំបន់ដទៃ ហើយមានភាពកក់ក្តៅដោយរដ្ឋាភិបាល បានយកចិត្តទុកដាក់។ ការរស់នៅរបស់យើងសព្វថ្ងៃ យើងបាត់ភ័យ បាត់ខ្លាច ព្រោះយើងលែងខ្លាចអគ្គិភ័យ យើងធ្វើដំណើរទៅណាមកណា អារម្មណ៍យើងស្ងប់ទៅតាមហ្នឹង។ យើងលែងភ័យ លែងខ្លាចពីរឿងទឹកលិចផ្ទះដូចពីមុនទៀតហើយ ព្រោះពេលនេះ ហេដ្ឋារចនាសម្ព័ន្ធល្អ។ ពីមុន យើងមានដីធំមែន តែយើងមិនមានប្លង់កម្មសិទ្ធិនោះទេ»។
លោក វណ្ណ ឌឿន និយាយទៀតថា៖ «ខ្ញុំនិយាយទៅក្រោយវិញ កាលពីមុន ខ្ញុំមានដីធំ តែរស់នៅមិនមានភាពកក់ក្តៅ ព្រោះយើងមិនមានប្លង់កម្មសិទ្ធិ ដល់ឥឡូវដូរពីដីធំមកយកដីតូច តែយើងមានប្លង់កម្មសិទ្ធិ។ គម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងគឺមានន័យថា ដីរបស់ពួកយើងទាំងតូចទាំង ធំ គឺរំលាយចូលគ្នា ហើយយើងចែកគ្នាស្មើ។ ខ្ញុំចាប់ឆ្នោតទទួលដីហើយសាងសង់ផ្ទះមិនទាន់ហើយផង រដ្ឋាភិបាលប្រគល់ប្លង់ឲ្យខ្ញុំបាត់»។
រដ្ឋាភិបាលតាមរយៈរដ្ឋបាលសាលារាជធានីភ្នំពេញ បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍នៅនឹងកន្លែងដល់ប្រជាសហគមន៍ស្ទឹងមានជ័យ ដែលរស់នៅមាត់ប្រឡាយទឹកស្អុយស្ទឹងមានជ័យជាង
៥០០ គ្រួសារ។ ការអភិវឌ្ឍនេះគឺបានធ្វើការបែងចែកទៅដល់ពលរដ្ឋទាំងនោះឲ្យទទួលបានទំហំផ្ទៃដី ៤ ម៉ែត្រគុណនឹង ៦ ម៉ែត្រ នៅតាមបណ្ដោយប្រឡាយ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ប្រឡាយនិងផ្លូវអមប្រឡាយស្ទឹងមានជ័យឲ្យមានសណ្នាប់ធ្នាប់បានបញ្ចប់។
មានផ្ទះនៅមិនឆ្ងាយពីស្ពានអាកាសស្ទឹងមានជ័យ ហើយប្របតាមប្រឡាយទឹកស្អុយ ជាមួយនឹងផ្ទះសង់ឡើងដេរដាសជាច្រើនទៀត អ្នកស្រី កាយ ឃឹង ដែលទទួលបានការអភិវឌ្ឍនៅនឹងកន្លែងដែរនោះ បានពោលឡើងថា៖ «តំបន់នេះ វាលែងមានក្លិនស្អុយ (ពីលូ) ដូចពីមុនទៀតហើយ។ ពីមុនវាមានក្លិនស្អុយស្ទើររាល់ថ្ងៃ។ ផ្ទះខ្ញុំពីមុន នៅក្នុងប្រឡាយ វាជាផ្ទះឈើ អ៊ីចឹងយើងត្រូវចំណាយពេលជួសជុលវា ១ ឆ្នាំ ម្តងៗ ព្រោះតែវានៅក្នុងទឹក»។
ជាស្ត្រីដែលស្ថិតក្នុងវ័យជាង ៦០ ឆ្នាំ ហើយធ្លាប់បោះបង់មុខរបរជាអ្នកលក់កាហ្វេម្តងទៅហើយ តែបច្ចុប្បន្នអ្នកស្រី បានចាប់យករបរនេះឡើងវិញ ដោយសារតែស្ថានភាពលំនៅឋានអំណោយផល ដោយបានផ្ទះជាប់មាត់ផ្លូវ ហើយមានមនុស្សធ្វើដំណើរអ៊ូអរទៅមកខ្វែងខ្វាត់។ អ្នកស្រី កាយ ឃឹង បានរ៉ាយរ៉ាប់បន្តថា របរនេះ បានជួយជីវភាពបានល្អគ្រាន់បើដែលអាចចូលរួមសម្រាលបន្ទុកក្នុងការរស់នៅ ក្រៅពីពេលទំនេរពីការមើលចៅៗ។
អ្នកស្រី បានបញ្ជាក់ថា៖ «ពីមុន ខ្ញុំ លក់ (កាហ្វេ) នៅសាលា ដល់គេលែងឲ្យលក់នៅមុខសាលាហ្នឹង ខ្ញុំឈប់រហូត ដល់តែគេរុះរើផ្ទះហ្នឹងទៅ ឲ្យនៅក្រោមស្ពាន (បណ្តោះអាសន្ន)។ ដល់គេរៀបចំហើយអស់ គេវាស់ដីឲ្យយើង។ ដីខ្ញុំពីមុន ក្បាល ៥ ម៉ែត្រ បណ្តាយ ១២ ម៉ែត្រ តែពេលនេះ បាន ៤ គុណ ៦ ឲ្យតែបានលើគោក យើងមិនពិបាក។ ពីមុនផ្ទះ និងដីធំ តែវាពិបាក។ ពេលនេះ យើងលក់ដូរទៅគ្រាន់បានលុយកាក់តិចតួចចាយរាល់ថ្ងៃ»។
អ្នកស្រី វណ្ណ នីកា អាយុ ៥១ ឆ្នាំ ដែលបានរស់នៅតាមប្រឡាយស្ទឹងមានជ័យនេះ តាំងពីឆ្នាំ ២០០១ បាននិយាយស្រដៀងគ្នាដែរថា៖ «ពីមុនមកឥឡូវ ខុសគ្នាមេឃ និងដី។ ពីមុន វាពិបាក តាំងពីស្អុយ តាំងពីផ្ទះទ្រុឌទ្រោម មិនហ៊ានធ្វើ ហើយភ័យខ្លាចភ្លើងឆេះ។ និយាយរួម គឺអត់សុវត្ថិភាព ហើយដេកតែព្រួយ ខ្លាចគេដេញគេអី។ មកដល់ពេលឥឡូវ យើងធូរធារជាងមុន ហើយស្រួលចិត្តជាងមុន»។
ទន្ទឹងនឹងទទួលបានជីវភាពធូរធារ អ្នកស្រី ចង់ឃើញពលរលដ្ឋដទៃទៀត ដែលកំពុងស្ថិតក្នុងតំបន់ដែលត្រូវអភិវឌ្ឍដូចគាត់ទទួលបានដំណោះស្រាយល្អដូចគ្នាតាមរយៈគោលនយោបាយដែលអាចធ្វើឲ្យជីវភាពពួកគាត់មានភាពល្អប្រសើរ។
អ្នកស្រី វណ្ណ នីកា អង្គុយនិយាយទាំងទឹកមុខញញឹមស្រស់ស្រាយថា៖ «យើងទទួលបានការអភិវឌ្ឍនៅនឹងកន្លែង គឺជិតកន្លែងធ្វើការជិតកូនរៀនកូនសូត្រ យើងមិនចំណាយអ្វីច្រើន វាប្រសើរជាងមុនច្រើន។ គ្រាន់តែយើងត្រូវជំពាក់ធនាគារ ដើម្បីខ្ចីលុយសម្រាប់សាងសង់ផ្ទះសំបែង។ តែកត្តានេះបានជំរុញឲ្យយើងកាន់តែប្រឹងប្រែងបន្ថែមទៀត»។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោតបានបង្ហាញការសាទរចំពោះដំណោះស្រាយប្រកប ដោយគោលនយោបាយឈ្នះឈ្នះ ដែលអាចទទួលយកបានទាំងគ្រប់ភាគី ខណៈលោកចង់ឃើញការដោះស្រាយប្រកបគុណភាពបែបនេះបន្តទៀត ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ប្រជាសហគមន៍ក្រីក្រ ដែលនាំឲ្យពួកគាត់កាន់តែរងគ្រោះ។
នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោតដែលធ្វើការឃ្លាំមើលលើទំនាស់ដីធ្លីអស់ជាច្រើនឆ្នាំរូបនេះបានថ្លែងថា តាមរយៈករណីសិក្សាដែលល្អៗគឺមានតែ ២ ទៅ ៣ ករណីតែប៉ុណ្ណោះ ទាក់ទងនឹងការអភិវឌ្ឍនៅនឹងកន្លែងក្នុងចំណោមសហគមន៍ក្រីក្រជាង ២០០ កន្លែងក្នុងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ «មែនទែនទៅ រដ្ឋាភិបាល មានគោលនយោបាយ ឬក្របខ័ណ្ឌនានា ដើម្បីដោះស្រាយទំនាស់ក្នុងសហគមន៍ក្រីក្រដែលអាជ្ញាធរមូលដ្ឋានគួរតែប្រើប្រាស់។ និយាយរួមគួរតែមានការយោគយល់គ្នាជជែកគ្នាឲ្យមានតម្លាភាព គណនេយ្យភាព និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងឡាយ គ្រប់នីតិវិធី»។
ក្រៅពីការចង់ឃើញបែបនេះ លោក សឿង សារ៉ន លើកឡើងថា ភាគច្រើនប្រជាសហគមន៍ក្រីក្រ នៅក្នុងតំបន់អភិវឌ្ឍន៍ ក្រៅពីបញ្ហាប្រឈមការបណ្តេញចេញទាំងបង្ខំ ពួកគេក៏ប្រឈមនឹងរឿងបំណុលធនាគារផងដែរ ខណៈពលរដ្ឋដែលទទួលបានការអភិវឌ្ឍនៅនឹងកន្លែងក៏ប្រឈមនឹងបញ្ហានេះដូចគ្នា។ ដូចនេះលោកយល់ថា រដ្ឋមានតួនាទីសំខាន់ណាស់ក្នុងការអប់រំណែនាំ ពង្រឹងសមត្ថភាពរបស់ប្រជាសហគមន៍ ដើម្បីបង្កើតប្រភពចំណូច្បាស់លាស់ ដូចជា ការបង្កើតការងារសម្រាប់ប្រជាសហគមន៍ និងត្រូវធានាថា ពលរដ្ឋក្រីក្រ មានសុវត្ថិភាពខាងដីធ្លី។
លោកបានសង្កត់ធ្ងន់ថា៖ «មានការសិក្សាស្រាវជ្រាវពីបណ្តាសង្គមស៊ីវិលមួយចំនួនដោយបានលើកឡើង និងជំរុញដល់អ្នកពាក់ព័ន្ធទាំងឡាយជួយកុំឲ្យមានការរឹបអូសដី (ផ្ទះសំបែង) ព្រោះទង្វើនេះ គឺបានធ្វើឲ្យប្រជាសហគមន៍ក្រីក្រ កាន់តែក្រីក្រឡើង។ យើងពិបាកនិយាយណាស់បញ្ហាជាប់ជំពាក់ធនាគារនេះព្រោះប្រាក់ចំណូលរបស់ពួកគាត់មានកំណត់ ហើយគាត់ត្រូវការជាមូលដ្ឋានដោយសារតែអ្នកខ្លះមិនមែនខ្ចីបុលសម្រាប់ជួលជុសផ្ទះទេគឺពួកគាត់ខ្ចីបុលសម្រាប់ផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃជាដើម»។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឆ្លើយតបថា ជាទូទៅការអភិវឌ្ឍមួយចំនួនគឺរដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងដោយស្របតាមការណែនាំរបស់រដ្ឋាភិបាល ខណៈរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តបានជោគជ័យនៅតាមតំបន់មួយចំនួន ដូចជាសហគមន៍ភូមិអណ្តូង បុរីកីឡា និងសហគមន៍ស្ទឹងមានជ័យនេះជាដើម។
មន្ត្រីជាន់ខ្ពស់ និងធ្លាប់បានចូលរួមដោះស្រាយជម្លោះដីធ្លីនៅតាមបណ្តាសហគមន៍រូបនេះ បានពោលបន្តថា ដោយសារតែមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋ ទើបរដ្ឋាភិបាលសម្រេចដាក់ចេញគោលនយោបាយអភិវឌ្ឍន៍នៅតាមតំបន់មួយចំនួន ខណៈតំបន់ទាំងនោះ ចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រឡាយឲ្យមានរបៀបរៀបរយ។ ដូចនេះ លោកថា ប្រជាពលរដ្ឋ ត្រូវតែមានការចូលរួម និងទទួលយកការអភិវឌ្ឍនេះអស់គ្នា។
លោកបានរៀបរាប់ថា៖ «អ្វីដែលជាការជោគជ័យរបស់យើងគឺបងប្អូនទុកចិត្តលើរដ្ឋអំណាចថារដ្ឋអំណាចនឹងធ្វើការអភិវឌ្ឍនៅនឹងកន្លែងគ្រានតែបងប្អូនមិនអាចរស់នៅដូចពីមុនបានទេ ដោយសារយើងត្រូវការយកដីមួយចំនួនធ្វើប្រឡាយ ធ្វើផ្លូវ។ អ៊ីចឹងដីរបស់ពួកគាត់គឺត្រូវតែបាត់ហើយ ដែលនេះជាការចូលរួមទាំងអស់គ្នា ហើយគាត់ទទួលបានវិញ គឺកម្មសិទ្ធិតកូនតចៅ សុខុមាលភាពល្អ មានផាសុកភាព និងការរកស៊ី»។
ជាមួយនឹងគម្រោងការអភិវឌ្ឍន៍រាជធានីភ្នំពេញ លោក កើត ឆែ បានប្រកាសជំហរក្នុងការផ្តល់ការអភិវឌ្ឍនៅនឹងកន្លែង ដោយបង្ហាញថា រដ្ឋបាលរាជធានីភ្នំពេញ នៅមានគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងជាច្រើនកន្លែងទៀត ដូច្នេះទាមទារឲ្យប្រជាពលរដ្ឋចូលរួមសហការនិងជឿជាក់លើអាជ្ញាធររដ្ឋ។
អភិបាលរងរូបនេះ បានបញ្ជាក់ថា៖ «ក្នុងពេលខាងមុខ យើងនឹងបន្ត (សកម្មភាព) កន្លែងណា ដែលអាចអភិវឌ្ឍនៅនឹងកន្លែងបាន យើងនឹងបន្តទៅទៀត។ កន្លែងណាដែលមិនអាចធ្វើការអភិវឌ្ឍបាន យើងនឹងខិតខំរកទីតាំងដីដើម្បីឲ្យគាត់ រស់នៅក្នុងទីតាំងមួយដែលមានសុវត្ថិភាព។ ចំពោះគោលការណ៍ច្បាប់ យើងនឹងដោះស្រាយតាមច្បាប់ទាំងអស់គ្នា»៕