ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន ​វាយតម្លៃ​ខ្ពស់​ចំពោះ​ “​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​" ដែល​បាន​ផ្តួចផ្តើម​ដាក់ឱ្យអនុវត្ត​គម្រោង​ជាច្រើន​ទៅលើ​ការសិក្សា​អប់រំ ​របស់​សិស្សានុសិស្ស​នៅតាម​ជនបទ ​ការលើក​កម្ពស់​បរិស្ថាន​ និង​គម្រោង​ទឹកស្អាត និង​អនាម័យ ​នៅ​ខេត្ត​សៀមរាប​។​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ ការិយាល័យ​ថ្មី​របស់​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា ​ដែលមាន​ការចូលរួម​ពី​ភាគី​ក្រសួង​អប់រំ ​យុវជន និង​កីឡា និង​តំណាង​អភិបាលខេត្ត​សៀមរាប ​កាលពី​ថ្ងៃទី​ ៦ សីហា ​លោក​ នេត្រ ភក្ត្រា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​។ លោក​លើកទឹកចិត្ត​បន្ថែមទៀត​ក្នុងការ​ចូលរួម​សហកា​រ​ជាមួយ​ក្រសួង​ស្ថាប័ន ដើម្បី​ពង្រីក​សកម្មភាព​មនុស្ស​ធម៌​នេះ​ឱ្យបាន​កាន់តែ​ច្រើនឡើង​ថែមទៀត។​

​បច្ចុប្បន្ន ​អង្គការ​នេះ​បានផ្ដល់​អាហារូបករណ៍​ ២ ​កម្រិត គឺ កម្រិត​មធ្យមសិក្សា​ទុ​តិ​យ​ភូមិ និង​កម្រិត​ឧ​ត្ត​មសិ​ក្សា​ដល់​សិស្ស​ខ្វះខាត​មកពី​ជនបទ​។ ក្រៅពីនោះ នៅមាន​គម្រោង​លើកកម្ពស់​ក្មេងស្រី ​និង​ស្ត្រី គម្រោង​កាត់បន្ថយ​ប្លាស្ទិក និង​គម្រោង​ទឹកស្អាត និង​អនាម័យ​ជាដើម។​

​លោក​ នេត្រ ភក្ត្រា ​ថ្លែងថា​ អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា គឺជា​ផ្នែក​ ១ ​ដ៏​សំខាន់​របស់​ក្រសួង​បរិស្ថាន​ ដែល​បាន​សហការគ្នា ​ក្នុងការ​ធ្វើឱ្យ​សហគមន៍ ក្នុង​តំបន់​នៅ​ខេត្តសៀមរាប ​ទៅជា​សហគមន៍​ ១ ដែល​មិនមាន​ប្លា​ស្ទិ​ក​។​គម្រោង​នោះ ដាក់ឱ្យ​ប្រើប្រាស់​អាងទឹក​ស្អាត​នៅតាម​សាលារៀន និង​ការចែក​ដប​ទឹក​ដល់​សិស្សានុសិស្ស សម្រាប់​យកទៅ​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​ដែលជា​ផ្នែក​មួយ​លើកកម្ពស់​បរិស្ថាន ​ជាពិសេស ​កាត់បន្ថយ​ប្លាស្ទិក​ក្នុង​សហគមន៍​របស់​ពួកគេ​។

​លោក​ថ្លែងថា​៖ «ប្អូនៗ​សិស្សានុសិស្ស​ខ្លះ គាត់​អត់​បាន​យក​ទឹក​ពី​ផ្ទះ​មក ​អ៊ីចឹង​គាត់​ត្រូវ​ចំណាយ ១​ ពាន់​រៀល ទិញ​ទឹក ​២ ​ដប​យកមក​ហូប​។ អ៊ីចឹង​ការផ្តល់​អាងទឹក​ស្អាត និង​ដប​ទឹក​សម្រាប់​សិស្សានុសិស្ស​ប្រើប្រាស់​នេះ​គឺជា​ផ្នែក​នៃ​ការចូលរួម​ការគ្រប់គ្រង​បរិស្ថាន​។ មាន​ន័យថា ​ធ្វើឱ្យ​សាលា​នេះ​មិនមាន​ប្លាស្ទិក ​កាត់បន្ថយ​ការចំណាយ​របស់​គាត់​ និង​ហូប​ទឹក​ដែល​មាន​គុណភាព​»។​

​លោក​បញ្ជាក់ថា នេះ​គឺជា​គោលដៅ​សំខាន់ ដែលជា​ផ្នែក​មួយ​ចូលរួម​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រ​សួ​ងទេសចរណ៍ ធ្វើឱ្យ​តំបន់​ទេសចរណ៍​មាន​ភាពល្អ​ស្អាត គ្មាន​ប្លា​ស្ទិ​ក​។ គម្រោង​នេះ នឹង​ផ្តល់​ដប​ទឹក​ឱ្យបាន ៤​ ម៉ឺន​ដប​ផងដែរ​។​

​លោក ​នេត្រ ភក្ត្រា​ ឱ្យដឹង​ដែរ​ថា ​យោងតាម​ទិន្នន័យ​សាលា​ដែល​នៅ​ជុំវិញ​ឧទ្យាន​អង្គរ ក្នុង​សហគមន៍​ មាន​រហូតដល់ ​៥៤​ សាលា​ ហើយ​ឥឡូវនេះ​អាងទឹក​ចម្រោះទឹកស្អាត​ចំនួន​ ២ ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ខណៈ​អាងទឹក​ ៣​ ទៀត ​កំពុង​ដំណើរការ ​និង​ត្រៀម​ដាក់ឱ្យ​ប្រើប្រាស់​បន្តបន្ទាប់​ទៀត​។

​លោក​ ស៊ុន គង់​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ​ឱ្យដឹងថា ​បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ​មាន​ជាង​ ១ លាន​នាក់​ ក្នុងនោះ​មាន​បរិមាណ​សំណល់​រឹង​ ដែល​គិត​ជា​ស្តង់ដា ​មនុស្ស​ម្នាក់ ​អាច​ប្រើប្រាស់​សំរាម​ចន្លោះ​ពី ៩ ​ខាំ ​ទៅ ​១ ​គីឡូ​ ២ ខាំ ​ក្នុង​ទីប្រជុំជន​។ លោក​បន្តថា ចំណែក​នៅក្រៅ​ទីប្រជុំជន​ ក្នុង​ម្នាក់​ប្រើប្រាស់​ ៣​ ខាំ​។ ដូច្នេះ​បើ​គិត​ជារួម​សំរាម​មាន​ជិត ៦០០​ តោន​ក្នុង ​១ ​ថ្ងៃ ​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន។​

​ជាមួយ​គ្នានេះ ​អភិបាលរង​ខេត្ត​សៀមរាប ​លោក ​អ៊ឹង គឹម​លាង ​ថ្លែងថា ​អង្គការ​នេះ​នឹងចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​ខេត្ត​សៀមរាប​ តាមរយៈ​ការផ្តល់​អាហារូបករណ៍ ​និង​គម្រោង​ផ្សេងៗ​នៅតាម​ទីជនបទ​ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «ជាការ​ពិត យុវជន​កម្ពុជា​ត្រូវការ​ឱកាស​ថ្មី ប៉ុន្តែ​មិនមាន​លទ្ធភាព​។ ដូច្នេះ​អាហារូបករណ៍ ​ដែល​ផ្តល់​ដោយ​អង្គការ​នេះ នឹង​ជួយ​ជំរុញ​ឱកាស​សម្រាប់​យុវជន​ក្រីក្រ ហើយ​ដើម្បី​ឱ្យមាន​ភាពស្មើគ្នា​នៅក្នុង​សង្គម​»។​

​សូម​ជម្រាបថា ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ​និង​មិន​រកប្រាក់​ចំណេញ​ ដែល​ត្រូវបាន​បង្កើតឡើង ​ដោយ​លោក​ Aviv Palti​ និង​ក្រុមគ្រួសារ​ ជា​ជនជាតិ​អូស្ត្រាលី ​ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​នៃ​ប្រទេស​កម្ពុជា ​នៅ​ឆ្នាំ​ ២០១១​ ក្រោម​ចក្ខុវិស័យ ​លុបបំបាត់​ភាពក្រីក្រ ​តាមរយៈ​ការអប់រំ ​ និង​បណ្ដុះ​បណ្ដាល ​និង​លើកកម្ពស់​យុវជន​ឱ្យ​ក្លាយជា​អ្នកដឹកនាំ ​នាពេល​អនាគត​។ បច្ចុប្បន្ន ​អង្គការ​នេះ ​បាន​ចូលរួម​កិច្ចការងារ​ជួយ​សង្គម ​តាមរយៈ​គម្រោង​ជាច្រើន ​រួមមាន ​គម្រោង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ ​គម្រោង​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ​គម្រោង​លើកកម្ពស់​ក្មេងស្រី ​និង​ស្ត្រី ​បេសកកម្ម​ចុះ​ចែក​កង់​ដល់​សិស្ស​នៅ​ទីជនបទ ​ គម្រោង​ភូមិ​គ្មាន​ប្លាស្ទិក ​និង​គម្រោង​ទឹកស្អាត ​និង​អនាម័យ​ជាដើម​៕