
ខ្លោងទ្វារបុណ្យសមុទ្រ នៅខេត្តកំពត កាលពីឆ្នាំ ២០១៩។ រូបថត សហការី
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសរកបេក្ខភាពជើងខ្លាំង សម្រាប់ចូលរួមប្រកួតប្រជែងលើការរចនាប្លង់ខ្លោងទ្វារច្រកចេញ-ចូល នៃពិធីបុណ្យសមុទ្រលើកទី ៩ ដើម្បីបង្ហាញទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ស្ថាបត្យករអាជីព និងសិស្ស និស្សិតស្ថាបត្យកម្មខ្មែរ។
សេចក្តីជូនដំណឹងចុះហត្ថលេខា ដោយអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន ចុះថ្ងៃទី៥ ខែសីហា ឱ្យដឹងថា ដើម្បីជាការសម្គាល់ទីតាំងប្រារព្ធពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំសាងសង់ខ្លោងទ្វារចំនួន ២ទីតាំង នៅដើមផ្លូវ និងចុងផ្លូវ។
សេចក្តីជូនដំណឹងបន្តថា ដើម្បីឱ្យមានការចូលរួមពីមហាជន ដែលមានគំនិតច្នៃប្រឌិត និងទេពកោសល្យក្នុងការរចនាប្លង់ខ្លោងទ្វារច្រកចេញ-ចូល ពិធីបុណ្យសមុទ្រលើកទី ៩ នេះ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចរៀបចំឱ្យមានការចូលរួមប្រឡងប្រណាំងលើការរចនាប្លង់ខ្លោងទ្វារច្រកចេញ-ចូលចំនួន ២ ទីតាំង។
សេចក្តីជូនដំណឹងបន្តថា លក្ខខណ្ឌនៃការប្រឡងប្រណាំងស្នាដៃនេះ បេក្ខជន បេក្ខនារី ឬក្រុមការងារ ត្រូវអនុវត្តរួមមាន ទី ១ រចនាប័ទ្មប្លង់ខ្លោងទ្វារត្រូវបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ មានទំហំខ្លោងទ្វារ ទទឹង ១៦ ម៉ែត្រ កម្ពស់ ១២ ម៉ែត្រ និងរំលេចដោយគំនិតច្នៃប្រឌិតឆ្លុះបញ្ចាំងពីធនធានសមុទ្រ ជីវចម្រុះ និងការអភិវឌ្ឍខេត្តព្រះសីហនុ លម្អដោយភ្លើងរចនាតាមលក្ខណៈទំនើប និងសាមញ្ញ ដោយមានខ្លឹមសារបញ្ជាក់អំពីអត្ថន័យនៃគំរូខ្លោងទ្វារនេះ។
ទី ២ ក្រោយពីបេក្ខជន បេក្ខនារី ឬក្រុមការងារ រចនាប្លង់ខ្លោងទ្វារច្រកចេញចូល រួចរាល់ សូមយកស្នាដៃគំរូរចនាប្លង់ខ្លោងទ្វារមកដាក់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ (លោក ហង្ស ភិរក្ស លេខទូរស័ព្ទ ០១២ ៥០៥ ១៦៨) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ១៦:៣០ នាទីរសៀល។ ចំពោះលទ្ធផល រដ្ឋបាលខេត្តព្រះសីហនុ នឹងជូនដំណឹងនៅពេលក្រោយ និងលិខិតបញ្ជាក់អំពីស្នាដៃ។
លក្ខខណ្ឌទី ៣ បេក្ខជន បេក្ខនារី ឬក្រុម ដែលទទួលបានជយលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្តដែលចេញដោយរដ្ឋបាលខេត្តព្រះសីហនុ។
ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ ឆ្នាំ ២០២២ នឹងរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។ ពិធីនេះនឹងប្រារព្ធនៅទីលានតេជោ (ពយតាមូង) ស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការហែក្បួនព្យុហយាត្រា ការសម្ដែងទស្សនីយភាពសិល្បៈជាតិ អន្តរជាតិ ការប្រគំតន្ត្រី ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ និងការប្រកួតកីឡាលើទឹក លើឆ្នេរខ្សាច់ជាដើម។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការរៀបចំពិធីបុណ្យសមុទ្រ ស្របពេលមានការរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកផងនោះ វានឹងជំរុញកំណើនទេសចរមកកាន់ខេត្តព្រះសីហនុ កាន់តែច្រើន។
លោកបញ្ជាក់ថា៖ «ភ្ញៀវទេសចរអន្តរជាតិ ទៅកម្សាន្តនៅខេត្តព្រះសីហនុ កំពុងមានការកើនឡើងជាបន្តបន្ទាប់ ហើយយើងរំពឹងថា ការរៀបចំបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រ ក្នុងពេលតែមួយនេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិកាន់តែច្រើនឡើងថែមទៀត»៕