
ស្ត្រីវ័យចំណាស់កំពុងលាងដៃ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងអភិវឌ្ឍជន៍នបទ សហការជាមួយដៃគូពាក់ព័ន្ធ រៀបចំកម្មវិធីប្រកួតប្រជែងលើប្រធានបទ “ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ” សម្រាប់សិស្សថ្នាក់ទី ១២ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ ខណៈជយលាភីលេខ ១ ទទួលបានអាហារូបករណ៍ ១០០ ភាគរយ និងប្រាក់រង្វាន់លើកទឹកចិត្ត ៣ លានរៀល។
កម្មវិធីប្រកួតប្រជែងក្រោមប្រធានបទ “ទឹកស្អាត អនាម័យ និងវិធីបង្ការរោគ” រៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ សាកលវិទ្យាល័យអន្តរជាតិ (IU) និងអង្គការវ័តធឺអែត (WaterAid Cambodia) ក្នុងគោលបំណងនៃកម្មវិធីប្រកួតប្រជែងដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តសិស្សស្តីពី សុខភាព អនាម័យ ទឹកស្អាត និងវិធីបង្ការរោគក្នុងសហគមន៍ នៅគ្រឹះស្ថានសិក្សាតាមរយៈការសិក្សា ស្រាវជ្រាវ និងផ្តល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពក្នុងការនិយាយជាសាធារណៈ។
សេចក្តីជូនដំណឹងរួមគ្នានៃស្ថាប័នទាំង ៣ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងនេះ បានបែងចែកខេត្តនីមួយៗទៅតាមតំបន់ដូចជា តំបន់ឆ្នេរ រួមមាន កំពត កែប កោះកុង ព្រះសីហនុ និងកំពង់ស្ពឺ តំបន់ទន្លេសាប មាន បាត់ដំបង ពោធិ៍សាត់ សៀមរាប ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និង កំពង់ធំ ។ តំបន់ទំនាបកណ្តាល រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្ដាល ភ្នំពេញ ព្រៃវែង និងស្វាយរៀង និងតំបន់ឦសាន រួមមាន ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគិរី។
សម្រាប់ជយលាភីលេខ ១ ទទួលបានអាហារូបករណ៍ ១០០% រួមជាមួយ ថវិកាលើកទឹកចិត្តចំនួន ៣ លានរៀល និងបណ្ណសរសើរ លេខ ២ ទទួលបានអាហារូបករណ៍ ៨០% រួមជាមួយថវិកាលើកទឹកចិត្តចំនួន ២ លានរៀល និងបណ្ណសរសើរ លេខ ៣ (មាន ២ ក្រុម) ទទួលបានអាហារូបករណ៍ ៧០% រួមជាមួយថវិកា លើកទឹកចិត្តចំនួន ១ លានរៀល និងបណ្ណសរសើរ។ ចំណែក ក្រុមដែលមិនជាប់ជយលាភីទទួលបានថវិកាលើកទឹកចិត្ត ចំនួន ៦០ ម៉ឺនរៀល រួមជាមួយអាហារូបករណ៍ ៥០%។ អាហារូបករណ៍ដែលនឹងផ្តល់ជូនមាន ៤ មុខជំនាញ គឺអភិវឌ្ឍន៍ ជនបទ អនាម័យ និងការបង្ការរោគ សុខភាពសហគមន៍ និងសុខភាពបរិស្ថាន។
សេចក្តីជូនដំណឹងបន្តថា កាលបរិច្ឆេទឈប់ទទួលអត្ថបទប្រកួតប្រជែងត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ។ ការប្រកួតបែងចែកជា ៣ ដំណាក់ ដោយដំណាក់កាលទី ១ វិញ្ញាសាសរសេរ ប្រធានបទ អនាម័យ និងទឹកស្អាត គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសុខភាព”។ សិស្សានុសិស្សថ្នាក់ទី១២នៅគ្រប់សាលាទាំងអស់អាចចូលរួមជាបេក្ខជនក្នុងការប្រកួតប្រជែង ហើយបេក្ខជនត្រូវចងក្រងគ្នាជាក្រុមដែលមានសមាជិកចំនួន ៣ នាក់ក្នុង ១ ក្រុមដោយមានការទទួលស្គាល់ពីគណៈគ្រប់គ្រងសាលា។ សាលានីមួយៗអាចមានបេក្ខជនលើសពី ១ ក្រុម ដើម្បីចូលរួមប្រកួតប្រជែង ហើយ ក្រុមនីមួយៗត្រូវសរសេរអត្ថបទដែលមាន “ទម្រង់តែងសេចក្ដី” រួចផ្ញើ អត្ថបទទៅកាន់លេខាធិការដ្ឋាននៃក្រុមការងារតាមរយៈតេឡេក្រាម 012 805 602 ឬអុីម៉ែល washcompetition@gmail.com។ ការប្រកាសលទ្ធផលវិញ្ញាសារប្រកួតសរសេរដំណាក់កាលទី ១ ធ្វើឡើងនៅ ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ តាមរយៈគេហទំព័ររបស់ស្ថាប័នទាំង ៣ នេះ។
ដំណាក់កាលទី ២ ក្រុមបេក្ខជន បេក្ខនារី ដែលបានជាប់ការប្រកួតប្រជែងវិញ្ញាសាសរសេរនៅដំណាក់កាលទី ១ នឹងត្រូវធ្វើបទបង្ហាញថ្នាក់តំបន់ ក្រោមប្រធានបទ “អនាម័យ ទឹកស្អាត និងវិធីបង្ការរោគ" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២។ ក្រុមនីមួយៗត្រូវរៀបចំបទបង្ហាញតាមវិធីសាស្ត្រដែលក្រុមពេញចិត្ត អាចជាបទបង្ហាញតាមរយៈ ស្លាយដោយប្រើកុំព្យូទ័រ សរសេរ ឬគូសលើក្រដាសផ្ទាំងធំ និងប្រើឧបករណ៍ និងសម្ភារផ្សេងៗ ដោយមានការច្នៃប្រឌិតផ្ទាល់ខ្លួន រួមទាំងរូបភាពផងដែរ។ បទបង្ហាញត្រូវមានរយៈពេលមិនឱ្យលើសពី ៣០ នាទី (២០ នាទីសម្រាប់ការបង្ហាញ និង ១០ នាទី សម្រាប់សំនួរ-ចម្លើយ) ហើយបេក្ខជន-បេក្ខនារី នឹងត្រូវជ្រើសរើសចំនួន ៣ ក្រុម ក្នុង ១ តំបន់សម្រាប់ទៅប្រកួតនៅថ្នាក់ជាតិ ទីតាំងប្រកួតប្រជែងនឹងជូនដំណឹងតាមក្រោយ។
ដំណាក់កាលទី ៣ ក្រុមបេក្ខជន បេក្ខនារី ដែលបានជាប់ការប្រកួតប្រជែងវិញ្ញាសាបទបង្ហាញនៅដំណាក់កាលទី ២ នឹងត្រូវចូលរួមក្នុងការប្រកួតដំណាក់កាលទី ៣ ការប្រកួតប្រជែងជជែកដេញដោលថ្នាក់ជាតិ ដែលនឹងមានការផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គមហ្វេកប៊ុក (Facebook) របស់សាកលវិទ្យាល័យអន្តរជាតិ (IU) ដើម្បីជ្រើសរើសជយលាភី លេខ ១ លេខ ២ និងលេខ ៣ ក្រោមប្រធានបទ “ការវិនិយោគលើអនាម័យ និងទឹកស្អាត ដើម្បីការអភិវឌ្ឍជាតិ” ប្រព្រឹត្ត ទៅនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ៕