
លោក ហង់ជួន ណារ៉ុន ក្នុងពិធីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សាកងតាណឹង ពីថ្ងៃទី ៦ សីហា ។ រូបថត ក្រសួងអប់រំ
កំពង់ចាមៈលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា ក្នុងរយៈពេល៥ឆ្នាំ វិទ្យាល័យ ហ៊ុន សែន កងតាណឹង នៅក្នុងខេត្តកំពង់ចាម បានវិវឌ្ឍខ្លួនពីសាលាដែលលិចទឹកទៅជាសាលាដែលលេចធ្លោ និងមានអត្រាសិស្សប្រឡងជាប់បាក់ឌុបច្រើនជាងគេបំផុតនៅទូទាំងប្រទេស។
ការថ្លែងរបស់លោករដ្ឋមន្ត្រីអប់រំបែបនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ និងសមិទ្ធផលនានា ដែលទើបតែសាងសង់រួចរាល់នៅសាលាបឋមសិក្សាកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី ៦ ខែសីហា។
លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ចាប់ពីឆ្នាំ ២០១៧ រហូតមកទល់ឆ្នាំ ២០២២ នេះ តាមរយៈកិច្ចខិតខំជួយពីក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងតាណឹង បានធ្វើឲ្យវិទ្យាល័យហ៊ុនសែនកងតាណឹងមានការវិវឌ្ឍពីសាលាដែលលិចទឹកទៅជាសាលាដែលលេចធ្លោ និងមានសិស្សប្រឡងបាក់ឌុបជាប់ច្រើនជាងគេនៅទូទាំងប្រទេស។លោកថា ដើមឡើយ វិទ្យាល័យកងតាណឹងមានសិស្សប្រឡងបាក់ឌុបជាប់តែ៤៩ភាគរយប៉ុណ្ណោះ ប៉ុន្តែឆ្នាំចុងក្រោយនេះមានសិស្សប្រឡងបាក់ឌុបជាប់រហូតដល់ ៩៩ ភាគរយ។
លោករដ្ឋមន្ត្រីអប់រំថ្លែងថា៖ «វិទ្យាល័យកងតាណឹងពីពេលមុនគឺជាប់បានតែ ៤៩ ភាគរយទេ ឥឡូវនេះ ៩៩ ភាគរយ លំដាប់លេខ ១ ទូទាំងប្រទេសគឺថាមិនដែលមានសាលាណាមួយដែលជាប់ដល់ទៅ ៩៩ ភាគរយទេ» ។
លោករដ្ឋមន្ត្រីក្រសួងអប់រំបញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងតាណឹងបានបញ្ជូនគ្រូស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យនៅភ្នំពេញ ដើម្បីធ្វើការបង្រៀនបន្ថែមទើបធ្វើឲ្យសិស្សវិទ្យាល័យហ៊ុនសែនកងតាណឹង គិតជាភាគរយមានសិស្សប្រឡងជាប់បាក់ឌុបលើសគេនៅទូទាំងប្រទេស។ ក្រៅពីសាលាវិទ្យាល័យកងតាណឺង នៅមានសាលា ២ ទៀត ដែលមានសិស្សប្រឡងបាក់ឌុបជាប់មានភាគរយច្រើនគឺសាលាវិទ្យាល័យហ៊ុនសែនខ្ចៅជាប់លំដាប់ថ្នាក់លេខ២ដែលមានសិស្សប្រឡងជាប់ ៨៥ ភាគរយនិងវិទ្យាល័យហ៊ុន សែន ពាមជីកងជាប់លំដាប់ថ្នាក់លេខ ៣ មានសិស្សប្រឡងជាប់ ៧៦ ភាគរយ។
លោក ហង់ជួន ណារ៉ុន បាន ជំរុញមានការពង្រឹងការគ្រប់គ្រងតាមសាលារៀនបឋមសិក្សា ផ្តោតទៅលើការសិក្សារបស់សិស្សដោយមានការចូលរួមពីសហគមន៍តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន។ ទន្ទឹមនេះលោករដ្ឋមន្ត្រីក៏បានជំរុញឲ្យបង្កើតក្រុមប្រឹក្សាកុមារដែលអាចជួយថែទាំបរិស្ថានសាលារៀនបានល្អ។
លោករដ្ឋមន្ដ្រីលើក ឡើងទៀតថា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀតលើការដឹកនាំគ្រប់គ្រងសាលារៀន ការលើកកម្ពស់គុណភាពរៀននិងបង្រៀន ជាពិសេសការជួយឲ្យកុមារជួបការលំបាក និងងាយរងគ្រោះបានចូលរៀននិងបន្តរៀន ជួយសិស្សរៀនយឺតឲ្យបានទទួលនូវកាសិក្សាកាន់តែប្រសើរ។
លោកបញ្ជាក់ថា៖ «ក្នុងនាមជាអ្នកផ្តល់សេវាអប់រំ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ត្រូវតែបន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ តាមរយៈការចូលរួមសិក្ខាសាលា វគ្គបំប៉ននានា ដូចជា វគ្គបំប៉នស្តីពីការអនុវត្តកញ្ចប់សម្ភារអំណាននិងគណិតវិទ្យាថ្នាក់ដំបូង និងការគ្រប់គ្រងតាមសាលារៀនជាដើម»។
លោករដ្ឋមន្ដ្រីក្រសួងអប់រំ ក៏បានជំរុញដល់មាតាបិតា ឬអាណាព្យាបាល ចូលរួមតាមដានលទ្ធផលសិក្សា អត្ដចរិត សីលធម៌ និងសុជីវធម៌របស់កូននៅក្នុងគ្រួសារសាលារៀន និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះផង។
លោកបញ្ជាក់ថា៖ «មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌របស់កូននៅក្នុងគ្រួសារសាលារៀននិងក្នុងសហគមន៍ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឲ្យកូនបានសិក្សាបន្ថែមនៅផ្ទះ និងចូលរួមអានសៀវភៅជាមួយកូនជាដើម»។
បន្ថែមពីលើនេះទៀត លោក ហង់ជួន ណារ៉ុន ស្នើសុំឲ្យមាតាបិតា អ្នកអាណាព្យាបាលត្រូវផ្គត់ផ្គង់សម្ភារសិក្សា ទិញកញ្ចប់សម្ភារអំណាននិងគណិតវិទ្យាថ្នាក់ដំបូងឲ្យកូនបានហ្វឹកហាត់នៅសាលារៀននិងនៅផ្ទះចូលរួមគាំទ្រជាសម្ភារ ថវិកា ដល់ដំណើរការបណ្ណាល័យនៅតាមសាលារៀន ការអភិវឌ្ឍសាលារៀន និងគាំទ្រគ្រូបង្រៀន៕