
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៧ សីហា បានចេញបញ្ជាឱ្យលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍន៍តំបន់ព្រៃភ្នំតាម៉ៅ និងឱ្យរក្សាដី និងព្រៃឈើនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម ហើយក្រុមហ៊ុនដែលឈូសឆាយត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ និងត្រូវដាំដើមឈើឡើងវិញលើដីដែលត្រូវបានឈូសឆាយនោះ។
ការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីនេះបានធ្វើឱ្យមានការអបអរសាទរយ៉ាងខ្លាំងទាំងពីមជ្ឈដ្ឋានពាក់ព័ន្ធគណបក្សនយោបាយ និងពលរដ្ឋទូទៅ។
លោក ហ៊ុន សែន បានបញ្ជាក់តាមរយៈហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី ៧ សីហា ថា ការចេញបញ្ជានេះដោយសារមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីរក្សាទុកព្រៃឈើនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថា ការឈូសឆាយនោះមិនមានប៉ះពាល់ដល់សួនសត្វភ្នំតាម៉ៅក៏ដោយ។
លោកបញ្ជាក់ថា៖ «ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖១- លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ។ ២- រក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។ ៣- ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ»។
លោក ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេងណាវ៉ាត្រាគ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ដី ១ ផ្នែកនៅតំបន់ភ្នំតាម៉ៅបានបង្ហោះតាមហ្វេសប៊ុករបស់លោកនៅថ្ងៃទី ៧ សីហាថា លោកគាំទ្ររាជរដ្ឋាភិបាលក្នុងការលុប សជណ តំបន់ភ្នំតាម៉ៅទាំងអស់ និងបានស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលស្រឡាញ់ព្រៃឈើ សូមចូលរួមដាំកូនឈើលើដីដែលបានឈូសឆាយហើយទាំងអស់គ្នា។ យ៉ាងណាក៏ដោយ លោក ណាវ៉ាត្រា មិនបានបញ្ជាក់ថា ការដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅនេះនឹងត្រូវធ្វើឡើងនៅពេលណា ហើយមានកូនឈើចំនួនប៉ុន្មានដែលនឹងត្រូវយកទៅដាំនោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឱ្យបងប្អូនដែលស្រឡាញ់កូនឈើមកដាំ កូនឈើជាមួយខ្ញុំ»។
តារាចម្រៀង លោក ខេមរៈ សិរីមន្ត បានគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅ និងបានប្រកាសចូលរួមផ្តល់កូនឈើប្រណីតប្រភេទធ្នង់ចំនួន ១ ០០០ ដើមសម្រាប់ការដាំឡើងវិញនៅទីតាំងដីដែលទើបតែត្រូវបានឈូសឆាយនៅតំបន់ភ្នំតាម៉ៅនោះ។ លោកបញ្ជាក់ថា៖ «ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមគាំទ្ររាជរដ្ឋាភិបាលលុប សជណ តំបន់ភ្នំតាម៉ៅទាំងអស់នឹងសូមចូលរួមផ្តល់កូនធ្នង់ចំនួន ១ ០០០ ដើម នឹងដាំឡើងវិញជាមួយ អ្នកឧកញ៉ា ឡេងណាវ៉ាត្រា»។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃទី ៧ ខែសីហា បានសម្តែងការស្វាគមន៍ចំពោះការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីនេះ ប៉ុន្តែលោកថា រឿងនេះមិនទាន់ចប់ទេ ព្រោះការដាំ និងស្តារព្រៃធម្មជាតិឡើងវិញត្រូវការពេលយូរ និងចំណាយច្រើន។
លោកសរសេរលើហ្វេសប៊ុកថា៖ «ខ្ញុំយល់ថា ការសម្រេចចិត្តទាក់ទងគម្រោងអភិវឌ្ឍន៍នានា និងច្បាប់សំខាន់ៗគួរតែមានការធ្វើការពិភាក្សាឱ្យបានទូលំទូលាយជាមួយអ្នកពាក់ព័ន្ធ និងការស្ទង់មតិពីសាធារណជនផងដែរ ដើម្បីការពារកុំឱ្យមានផលវិបាកកើតមានឡើងដូចករណីភ្នំតាម៉ៅនេះ»។
លោកស្រី សុវណ្ណា ហ្កនលែត (Suwanna Gauntlett) នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ៧ ខែសីហា ដោយបានបញ្ជាក់ពីការចូលរួមអបអរសាទរចំពោះសេចក្តីប្រកាសរបស់លោក ហ៊ុន សែន ក្នុងការជួយសង្គ្រោះព្រៃឈើតំបន់ភ្នំតាម៉ៅ។ លោកស្រីលើកឡើងថា៖ «ថ្ងៃនេះជាថ្ងៃដ៏រីករាយបំផុត ព្រោះសម្តេច ហ៊ុន សែន បានសម្រេចជាថ្មីម្ដងទៀត ក្នុងការការពារព្រៃឈើកម្ពុជា។ សូមថ្លែងអំណរគុណចំពោះសម្តេចនាយករដ្ឋមន្ត្រីនៅលើទំព័រហ្វេសប៊ុករបស់លោក»។
លោកស្រី សុវណ្ណា ហ្កនលែត លើកឡើងទៀតថា ការអរគុណធំៗរបស់លោកស្រី ព្រោះតែលោកស្រីស្រឡាញ់ប្រព័ន្ធអេកូឡូស៊ីដ៏ស្រស់ស្អាតនៅភ្នំតាម៉ៅនេះ ហើយលោកស្រីសប្បាយចិត្តណាស់ដែលសត្វព្រៃនៅទីនោះអាចរក្សាជម្រករបស់ពួកគេបាន។
លោកស្រីឱ្យដឹងថា លោកស្រីបានចំណាយពេល ៥ ម៉ោងនៅក្នុងព្រៃភ្នំតាម៉ៅ កាលពីសប្តាហ៍មុន ដើម្បីតាមដានពីស្ថានការណ៍នៅក្នុងព្រៃ និងបានឮសំឡេងសត្វព្រៃ។ លោកស្រីថា៖ «ពេលថ្ងៃត្រូវបញ្ចប់ ហើយយប់ចូលមកដល់ខ្ញុំត្រូវបានចិញ្ចឹមបីបាច់ដោយបទភ្លេងនៃធម្មជាតិនេះ។ សូមអរគុណសម្រាប់ការចូលរួមជាចំណែកនៃការធ្វើដំណើរនេះ និងសម្រាប់ការប្រើប្រាស់សំឡេងរបស់អ្នកដើម្បីការពារព្រៃឈើ និងសត្វព្រៃភ្នំតាម៉ៅ»។
លោក Nick Marx នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៧ សីហាថា លោកមានចិត្តសប្បាយរីករាយក្រៃលែង បន្ទាប់ពីបានដឹងថា លោកនាយករដ្ឋមន្ត្រីបានសម្រេចលុបចោលការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ហើយបានបញ្ជាឱ្យរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាកន្លែងការពារ និងអភិរក្ស។ លោកថា ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីជាការសម្រេចចិត្តដ៏ឆ្លាតវៃបំផុត។
លោកបញ្ជាក់ថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជាដ៏អស្ចារ្យទាំងអស់ ដែលបានគាំទ្រការការពារព្រៃឈើ និងចំពោះលោក ឡេង ណាវ៉ាត្រា និងលោកនាយករដ្ឋមន្ត្រី ដែលបានសម្រេចចិត្តប្រកបដោយមនុស្សធម៌ និងប្រកបដោយគតិបណ្ឌិត»៕
វីដេអូ៖