បន្ទាយមានជ័យៈ ក្រសួង​អប់រំ​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គ្រោង​បង្កើត​បណ្ណាល័យ​គ្រឿងញៀន​ចំនួន​ ៣​ បន្ថែមទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ពង្រីក​ការផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រឿងញៀន​ឱ្យបាន​ទូលំទូលាយ​ដល់​សិស្សានុសិស្ស និង​យុវជន​តាមរយៈ​ឯកសារ​សម្បូរបែប​នៅក្នុង​បណ្ណាល័យ​នេះ​។

លោក លឹម តុងហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រាប់​ភ្នំពេញ-​ប៉ុស្ដិ៍​ថា លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដាក់​ចេញ​នូវ​គម្រោង​រៀបចំ​បង្កើត​បណ្ណាល័យ​គ្រឿងញៀន​ចំនួន​ ៣​។ ក្នុងនោះ​ទី​ ១ នៅ​វិទ្យាល័យ​អូរជ្រៅ​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត ទី​ ២ នៅ​វិទ្យាល័យ សិរីសោភ័ណ​ស្ថិតនៅ​ក្រុង​សិរីសោភ័ណ និង​ទី​ ៣ ​នៅ​វិទ្យាល័យ​ភ្នំស្រុក ទី​រួម​ខេត្ត​បន្ទាយមានជ័យ​។

កន្លងមក​តាម​គម្រោង​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ក្រសួង​អប់រំ គឺ​បង្កើត​បណ្ណាល័យ​នេះ​ចំនួន ៣ នៅ​តាម​ខេត្ត​គោលដៅ​។ លោក​ តុងហួត ថ្លែងថា​៖ «​ដោយ​អនុវត្ត​តាម​គោលការណ៍​របស់​ឯកឧត្ដម​ កែ គឹមយ៉ាន រយ:ពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៤-៥ ​សីហា លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឱ្យ​ក្រុម​ការងារ សម្របសម្រួល​សហការ​ជាមួយ​ក្រសួង​អប់រំ និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បន្ទាយមានជ័យ ក្រុង​ស្រុក​ពាក់ព័ន្ធ​ចុះ​ពិនិត្យ និង​ពិភាក្សា​អំពី​ទីតាំង​រៀបចំ​បង្កើត​បណ្ណាល័យ​គ្រឿងញៀន​ទាំង ៣ ​ទីតាំង​បន្ថែម​នេះ​»​។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​សម្ភារ​ឧបទេស សម្រាប់​ការអប់រំ បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​តាម​គ្រឹះស្ថាន​សិក្សា​បាន​ឱ្យ​ដឹងថា ក្រោម​ការទំនុក​បម្រុង​គាំទ្រ​ពី​ក្រសួង​អប់រំ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​រៀបចំ​បណ្ណាល័យ​គ្រឿងញៀន​ ១​ ក្នុង​បណ្ណាល័យ​ «​សម្តេច​តេជោ​ ហ៊ុន សែន បឹងត្របែក​» ដែល​គ្រោង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅពេល​ឆាប់ៗ​ខាងមុខ​។ លោកស្រី​ថ្លែង​ថា​៖ «​បណ្ណាល័យ​គ្រឿងញៀន គឺជា​បណ្ណាល័យ​អេឡិចត្រូនិក ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​មាន​ព័ត៌មាន ចំណេះដឹង​សម្បូរ​បែប​ពាក់ព័ន្ធ​នឹង​វិធាន​ការបង្ការ​ទប់ស្កាត់ ដំណោះស្រាយ​នានា​ពី​បញ្ហា​គ្រឿងញៀន​ ដើម្បី​សុវត្ថិភាព​យុវជន​ហើយ​បង្កលក្ខណ:​ងាយស្រួល​ដល់​សិស្ស​និង​សាធារណជន សិក្សា​ស្វែងយល់​បញ្ហា​គ្រឿងញៀន​ក៏ដូចជា​បញ្ហា​ផ្សេងៗ​»​។

លោកស្រី​បញ្ជក់​ថា បច្ចុប្បន្ន​ក្រសួង​អប់រំ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កំពុង​បន្ត​ផ្សព្វផ្សាយ​អប់រំ​លើ​បញ្ហា​សុខភាព​សិក្សា​ និង​បញ្ហា​គ្រឿងញៀន​ដល់ សិស្ស និស្សិត​នៅតាម​សាកលវិទ្យាល័យ និង​វិទ្យាល័យ​នានា​នៅ​ទូទាំង​ប្រទេស​។ ក្នុងនោះ​កាលពី​ថ្ងៃទី​ ៤ សីហា បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សុខភាព​សិក្សា​ និង​ផលប៉ះពាល់​ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ដល់​និស្សិត​សាស្ត្រាចារ្យ​ ៤០០ ​នាក់​។

លោក​ តុងហួត បញ្ជាក់ថា ការបង្កើត​បណ្ណាល័យ​គ្រឿងញៀន​នេះ​ធ្វើឡើង​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ក្នុងជំនួប​រវាង​ថ្នាក់ដឹកនាំ​ចិន​ជាមួយ​លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នាពេល​កន្លងមក​។ តាមរយៈ​ជំនួប​នោះ​ភាគី​ចិន​បាន​ឯកភាព​ជួយផ្តល់​ការគាំទ្រ​ដល់​ការបង្កើត​បណ្ណាល័យ​ដ៏មាន​សារ:សំខាន់​នេះ ជា​ថវិកា​ប្រមាណ​ជា ៥ ម៉ឺន​ដុល្លារ​។ ក្រៅពីនេះ​កម្ពុជា​ក៏បាន​ស្នើ​ភាគី​ចិន​ផ្ដល់​ជំនួយ​គាំទ្រ​បន្ថែម​លើ​បច្ចេកទេស​ដូចជា ការប្រតិបត្ដិការ​លើ​បណ្ណាល័យ​ឌីជីថល​។ បើតាម​លោក​តុងហួត តួនាទី​សំខាន់​នៃ​បណ្ណាល័យ​នេះ​គឺ​រក្សា​ទុក​នូវ​ឯកសារ និង​ព័ត៌មាន​ទាក់ទង​នឹង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​៕