ភ្នំពេញៈ ក្រសួង​បរិស្ថាន ​បានផ្តល់​រថយន្ត​ដឹក​សំរាម​សំណល់​រឹង​ចំនួន​ ៥៨​ គ្រឿង ​ឡ​ដុត​សំរាម ​៦០​ គ្រឿង ​ម៉ូតូ​កង់​ ៣ ចំនួន ​១១៨ ​គ្រឿង ​និង​សម្ភារ​គាំទ្រ​ជាច្រើន ​ជូន​ដល់​រដ្ឋបាល​ក្រុង​-ស្រុក ​អង្គភាព ​និង​ប្រតិបត្តិ​ករ​មួយចំនួន​ ក្នុង​ឆ្នាំ​ ២០២១-២០២២ ​ដើម្បី​ពង្រឹង​ភាពជា​ម្ចាស់​នៃ​ការគ្រប់គ្រង​សំរាម​នៅតាម​ទីប្រជុំជន។

មធ្យោបាយ ​និង​សម្ភារ ​ទាំងអស់​នោះ ​បាននិង​កំពុង​ត្រូវ​ប្រើប្រាស់​ចូលរួម​សម្អាត ​ប្រមូល ​ដឹកជញ្ជូន ​និង​ទុកដាក់​សំរាម ​សំណល់​រឹង​នៅ​ទូទាំង​ប្រទេស ​ក្នុង​គោលបំណង​រួមគ្នា​គាំទ្រ​ការរស់នៅ​ស្អាត ​ភូមិឋាន​ស្អាត ​ក៏ដូចជា​ការឆ្លើយតប​នឹង​គោល​នយោបាយ​ច្បាប់ ​បទដ្ឋាន​គតិយុត្ត ​និង​ទស្សនវិស័យ ​របស់​រាជរដ្ឋាភិបាល ​ក្រោម​ពាក្យស្លោក​“ មាន​អនាម័យ ​មាន​សោភណភាព​ល្អ ​និង​មាន​បរិស្ថាន​ល្អ​” និង “​កម្ពុជា​ស្អាត ​ផ្តើមចេញ​ពី​យើង​ម្នាក់ៗ​”។​

ក្រសួង​បរិស្ថាន​លើកឡើងថា​៖ «រដ្ឋបាល​ក្រុង​-ស្រុក​មួយចំនួន ​បាននិង​កំពុង​អនុវត្ត​គោល​នយោបាយ ​ស្តីពី​ការគ្រប់គ្រង​សំរាម ​សំណល់​រឹង​ទីប្រជុំជន​ បានល្អ​ប្រសើរ ​និង​មួយចំនួន​ទៀត​ កំពុង​ឈានឆ្ពោះ​ទៅរក​ការគ្រប់គ្រង​សំរាម ​សំណល់​រឹង​ ប្រកបដោយ​ប្រសិទ្ធភាព ​ក្នុងពេល​អនាគត​ខាងមុខ ​ដើម្បី​ឈានទៅ​ធ្វើ​ភាពជា​ម្ចាស់ ​នៃ​ការគ្រប់​គ្រង​សំរាម ​សំណល់​ទីប្រជុំជន ​ប្រកប​ដោយ​និរន្តរភាព​»។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ​លោក ​នេត្រ ភក្ត្រា ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​ ការផ្តល់​រថយន្ត​ដឹក​សំរាម​ទៅ​មន្ទីរ​បរិស្ថាន​ និង​រដ្ឋបាល​ក្រុង​-ស្រុក​នាពេលនេះ ​ដើម្បី​ឱ្យមាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុងការ​ប្រមូល​សំរាម​នៅតាម​ទីប្រជុំជន ​និង​តំបន់​របស់​គាត់​។

លោក​ថ្លែងថា​៖ «ការផ្តល់​នេះ​ ជាការ​គាំទ្រ​បន្ថែម​ទៅ​រដ្ឋបាល​ថ្នាក់​ក្រុង​-ស្រុក​-ខណ្ឌ ​ហើយ​នេះ ​គឺជា​ការគាំទ្រ​ទាំង​បច្ចេកទេស ​និង​ទាំង​លទ្ធភាព​បន្ថែម​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ»។​

លោក​បន្តថា ​ជាមួយ​គ្នានេះ​ដែរ ​ក្រសួង​បរិស្ថាន​ ក៏បានផ្តល់​ការបណ្តុះបណ្តាល ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​លើ​បច្ចេកទេស ​ក្នុង​ការគ្រប់គ្រង​សំរាម ​សំណល់​រឹង ​និង​គម្រោង​រៀបចំ​ទីលាន​ចាក់​សំរាម ​តាម​ខ្នាត​បច្ចេកទេស​ផងដែរ​។​

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ​ លោក​ ឆយ ម៉ុនលី ​បាន​ថ្លែងថា ​បច្ចុប្បន្ន​ រដ្ឋបាល​ខេត្ត​បានទទួល​រថយន្ត​ដឹក​សំរាម​ចំនួន ​៥ ​គ្រឿង ​និង​ឡដុត​សំរាម​ចំនួន​៣គ្រឿង ​សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​មូលដ្ឋាន​។ បន្ទាប់ពី​មាន​សម្ភារ​ទាំងនេះ ​ពិតជា​បង្កលក្ខណៈ​ងាយស្រួល​បន្ថែម​ ១ ​កម្រិត​ទៀត ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ​ក្នុង​ការពង្រឹង​ភាពជា​ម្ចាស់​នៃ​ការគ្រប់គ្រង​សំរាម ​សំណល់​រឹង​ទីប្រជុំជន​បានល្អប្រសើរ។​

លោក​បញ្ជាក់ថា​៖ «ក្រោយ​ពេល​ទទួលបាន​រថយន្ត ​និង​ឡដុត​សំរាម ​ស្រុក​ទាំងអស់​មាន​ភាព​ធ្វើជា​ម្ចាស់​ក្នុង​ការប្រមូល​ដឹកជញ្ជូន​សំរាម​យកទៅ​ដាក់​ទីលាន​ ហើយ​មាន​ការជួសជុល​រថយន្ត​ដែល​ខូច​ផងដែរ ​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​និរន្តរភាព​ទៅ​ថ្ងៃមុខ»។​

លោក​បន្តថា ​ក្រៅពីនេះ​រដ្ឋបាល​ថ្នាក់ស្រុក​នីមួយៗ​កំពុង​គិត​ផែនការ​ក្នុងការ​ពង្រីក​ការយក​សំរាម​នៅតាម​ភូមិ ​ឃុំ​ មួយចំនួន​នៅ​តំបន់​ឆ្ងាយៗ ​ដែលមាន​បញ្ហា​ទុកដាក់​សំរាម​។ លោក​សំណូមពរ​ដល់​ក្រសួង​បរិស្ថាន មេត្តា​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​រថយន្ត​ដឹក​សំរាម ​និង​រ៉ឺម៉ក​ដឹក​សំរាម​ជូន​ដល់​ស្រុក​ផ្សេងៗ​ទៀត ​ដើម្បី​យកទៅ​ប្រតិបត្តិការ​ឱ្យបាន​គ្រប់​គ្រាន់។​

លោក ​ឆយ ម៉ុនលី ​ឱ្យដឹងថា ​រថយន្ត​ដឹក​សំរាម​ចំនួន ៥ ​គ្រឿង ​ដែល​ទទួលបាន​ពី​ក្រសួង​បរិស្ថាន​ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ស្រុក​គិរីវង់ ​២ គ្រឿង ​ស្រុក​បាទី​ ១ ​គ្រឿង ​ស្រុក​សំរោង​ ១ ​និង​ស្រុក​ដូនកែវ​ ១ ​គ្រឿង។​

ក្រសួង​បរិស្ថាន ​បញ្ជាក់ថា ​ការផ្តល់​រថយន្ត ​ឡដុត​សំរាម ​ម៉ូតូ​កង់​៣ ​និង​សម្ភារ​គាំទ្រ​ជាច្រើន​ជូន​ដល់​រដ្ឋបាល​ក្រុង​-ស្រុក ​នាពេល​នេះ ​ក៏​ជា​យន្តការ ​ដែល​ប្រែក្លាយជា​យុទ្ធសាស្ត្រ​សំខាន់​គាំទ្រ​ដល់​ចលនា​ប្រឡង​ប្រណាំង​ គោល​នយោបាយ ​«ភូមិ​-ឃុំ​-សង្កាត់​មាន​សុវត្ថិភាព » ​ដែល​បានប្រកាស​ឱ្យ​អនុវត្ត ​នា​ថ្ងៃទី ២៦ ​ខែ មករា ​ឆ្នាំ​ ២០២១​ ឱ្យមាន​ប្រសិទ្ធភាព។​

ក្នុង​ឆ្នាំ​ ២០២១-២០២២ ​ក្រសួង​បរិស្ថាន ​បានផ្តល់​រថយន្ត​ដឹក​សំរាម​ចំនួន ​៥៨​ គ្រឿង ​ជូន​ដល់​រាជធានី​-ខេត្ត​ចំនួន​ ២២ ​ខណៈ​ខេត្ត​ចំនួន​ ៣ ​ទៀត​ នៅ​ពុំទាន់​ទទួលបាន​នៅឡើយ​ទេ ​ដូចជា ​ខេត្ត​ប៉ៃលិន ​បាត់ដំបង ​និង​ខេត្តកំពង់ធំ​៕