ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី ៨​ កក្កដា ​បាន​បញ្ជូន​ជន​ត្រូវចោទ​ម្នាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ចាប់​ខ្លួន​បាន ​២ ថ្ងៃ ​ពាក់ព័ន្ធ​នឹង​ការជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​របស់ខ្លួន​ នៅ​ភូមិ​-សង្កាត់​ព្រែកលៀប ​ខណ្ឌ​ជ្រោយចង្វារ ​កាលពី​ថ្ងៃ​ទី ១២ ខែ ​មីនា ឆ្នាំ ២០២២។

លោក​ អេង សោភា ​នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ៨​ កក្កដា​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ ហ៊ាន ប៊ុនធាង​ អាយុ ៣៩ ឆ្នាំ ​មានរ​បរជា​អ្នករត់​ម៉ូតូ​ឌុប។ ជន​សង្ស័យ​ស្នាក់​នៅ​ភូមិ​បាក់ខែង​លើ​ សង្កាត់​បាក់​ខែង ​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានី​ភ្នំពេញ។

លោក​ថ្លែងថា​៖ «ជនសង្ស័យ​ឈ្មោះ ​ហ៊ាន ​ប៊ុនធាង ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ខ្ញុំ​ចាប់​បញ្ជូន​ប្រគល់​ឱ្យ​ចៅក្រម​ស៊ើបសួរ​ ដែល​បានចេញ​ដីកា​ចាប់ខ្លួន​គាត់​នៅ​ថ្ងៃនេះ​ហើយ​[ថ្ងៃទី៨ ​កក្កដា]។ ជា​នីតិវិធី​ គឺ​សិទ្ធិ​លើ​ចៅក្រម​ដែល​ចេញ​ដីកា​ចាប់»។

បើ​តាម​លោក​វរសេនីយ​ឯក ​អេង សោភា ​ការចាប់​ខ្លួន​នេះ​ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​របស់​លោក​ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្ទះសំណាក់ ​ឋានសួគ៌​ប្រសិទ្ធ ​តាម​បណ្តោយ​ផ្លូវលំ ​ភូមិ​ស្វាយ​ឧត្តម ​សង្កាត់​ពន្សាំង ​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ។ ការចាប់​ខ្លួន​ជនសង្ស័យ​ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឱ្យចាប់​ខ្លួន​ចុះ​ថ្ងៃទី ១៤ ​ខែ មិថុនា ​ឆ្នាំ ២០២២ ​របស់​លោក​ឯក ប៉ូ​លីហ្វីល ​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។

យោង​តាម​ដីកា​ដែលមាន​ចុះ​ហត្ថលេខា ​ដោយ​លោក ​ឯក ប៉ូ​លីហ្វីល ​ចៅក្រម​ស៊ើបសួរ ​ហើយ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី ៨​ កក្កដា ​បាន​បង្ហាញថា ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ទល់មុខ​សាលា​ព្រែកលៀប ​ភូមិ​-សង្កាត់​ព្រែកលៀប ​ខណ្ឌ​ជ្រោយចង្វារ​ កាល​ពី​ថ្ងៃទី ១២​ ខែ មីនា ​ឆ្នាំ ២០២២។ របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ ​បានបង្ហាញថា ​ជនសង្ស័យ​ឈ្មោះ​ ហ៊ាន ​ប៊ុនធាង ​ក្រោយពី​ប្រព្រឹត្ត​បទល្មើស​រួច ​បានរត់​គេចខ្លួន​បាត់។ បន្ទាប់ពី​រត់គេច​ខ្លួន​ ជនសង្ស័យ​បាន​ឆាត​គំរាម​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ តាមរយៈ​គណនី​ហ្វេស​ប៊ុក ​ថា​រូបគេ​បានរៀបចំ​ផែនការ​នឹង​សម្លាប់​ជនរងគ្រោះ​ទាល់តែ​បាន​សម្រេច។

ដីកា​បានបន្តថា​៖ «ហេតុ​ដូច្នេះ​ដើម្បី​ការពារ​សុខ​សុវត្ថិភាព ​របស់​ជនរ​ង​គ្រោះ​ពី​ការប៉ុនប៉ង​សម្លាប់​របស់​ជនសង្ស័យ ​គប្បី​តុលា​ការចេញ​ដីកា​ចាប់​ខ្លួន។ បញ្ជា​ដល់​កម្លាំង​សាធារណៈ​ឱ្យ​ស្រាវជ្រាវ​រក​ចាប់​ខ្លួន ​ឈ្មោះ​ហ៊ាន ប៊ុនធាង ​ទៅ​ក្នុង​ពន្ធនាគារ ​ឬ​មណ្ឌល​ឃុំ​ខ្លួន​ នៃ​ក្រសួង​មហាផ្ទៃ»។

ដីកា​ដដែល​បញ្ជាក់ថា ​ដើម្បី​ផ្តល់​យុត្តិធម៌ ​និង​ការពារ​សុខ​សុវត្ថិភាព​ដល់​ជនរងគ្រោះ ​ក៏ដូចជា​ការពារ​ដល់​នីតិវិធី​ ក្នុង​ការស៊ើបសួរ ​និង​ធានា​ដល់​ការអនុវត្ត​នីតិវិធី​ច្បាប់​ គប្បី​តុលា​ការចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន៕