ព្រះសីហនុៈ ស្ថិត​ក្នុង​ឥរិយាបថ​ឈរ​តម្រៀបជួរ​នាពេល​ព្រឹក​ព្រលឹម គឺ​សិស្ស​ទាំងប្រុស ទាំងស្រី​ម្នាក់ៗ​ស្លៀកពាក់​ឯកសណ្ឋាន​​អាវ​ពណ៌​ស ស៊ក​ចូល​ក្នុង​ខោ​ពណ៌​ខ្មៅ ខណៈ​ភ្នែក​ពួកគេ​សម្លឹង​មើល​ក្រណាត់​ ១ ​ផ្ទាំង​​ពណ៌​ខៀវ លាយ​ក្រហម និង​មាន​​រូប​ប្រាសាទ​អង្គរវត្ត​ពណ៌​ស​​ចំ​កណ្ដាល​កំពុង​បង្ហូត​ឡើង​លើ​យ៉ាង​យឺតៗ​ដែល​នេះ​គឺជា​ដំណើរការ​គោរព​ទង់ជាតិ​នៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ឃ្លាំង​លើ​ក្រុងព្រះសីហនុ​។

ទាំងនេះ​បង្ហាញ​ពី​ទិដ្ឋភាព​មួយ​​ដែល​មើល​ទៅ​មាន​របៀប​រៀបរយ​​ និង​សណ្ដាប់ធ្នាប់​ល្អ ប៉ុន្តែ​បើ​ក្រឡេក​មើល​ទៅ​ក្បាល​របស់​សិស្ស​-​ប្រុស​ម្នាក់ៗ​វិញ គឺ​សក់​ពួកគេ​​ត្រូវ​បាន​កាត់​ខ្លី​តាម​គំរូ​ ឬ​ម៉ូដ​តែមួយ ខណៈ​សក់​ក្បាល​សិស្ស​ស្រី​វិញ ត្រូវបាន​ចង​ ឬ​ក្រង​យ៉ាង​មាន​របៀបរៀបរយ​។

យុវសិស្ស លី ឈុងអាន ភេទ​ប្រុស អាយុ​ ១៤ ​ឆ្នាំ ដែល​សក់​ក្បាល​ត្រូវបាន​កាត់​ខ្លី​តាម​ទម្រង់​មុខ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ក្នុង​សំឡេង​រួសរាយ​ថា រូបគេ​រៀន​នៅ​ថ្នាក់​ទី​ ៩ (​ក​) ​នៃ​វិទ្យាល័យ ហ៊ុន សែន ​ឃ្លាំង​លើ​ក្នុងភូមិ​ ២ សង្កាត់​លេខ​ ១ ក្រុង-​ខេត្ត​ព្រះសីហនុ​។

យុវសិស្ស​រូបនេះ​បាន​បង្ហាញ​ចិត្ត​ត្រេកអរ​ដែល​សាលា​តម្រូវ​​រូបគេ​ក៏ដូចជា​សិស្ស​ប្រុស​ចាប់ពី​ទី​ ៧​ ដល់​ថ្នាក់​ទី​ ១២ ​កាត់សក់​ខ្លី​ម៉ូដ​ដូចៗ​គ្នា​។ ការ​កាត់សក់​ខ្លី​នេះ ឈុងអាន គិតថា មិនមែន​ជា​ការដាក់​ទណ្ឌកម្ម​នោះទេ តែ​លោក​នាយក​សាលា​ចង់ឱ្យ​សិស្ស​​ម្នាក់ៗ​គោរព​វិន័យ និង​មាន​សណ្តាប់ធ្នាប់​ល្អ​។

យុវសិស្ស​រូបនេះ​បាន​បន្តថា​៖ «​ពីមុនៗ​មក​នៅ​សាលា​របស់ខ្ញុំ​មិនដែល​មានការ​កាត់សក់​ខ្លី​ម៉ូដ​​តែមួយ​ដូចៗ​គ្នា​បែប​នេះ​ទេ​។

ប៉ុន្តែ​ក្នុង​ខែ​កក្កដា ឆ្នាំ​ ២០២២ នេះ​​សិស្ស​ប្រុស​ត្រូវបាន​លោក​នាយក​សាលា​តម្រូវ​ឱ្យ​កាត់សក់​ខ្លី​ទាំងអស់​គ្នា​។ ការ​កាត់សក់​ខ្លី​នេះ​ក៏​ជា​ការ​រួមចំណែក​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យ​ស្រឡាញ់​ការសិក្សា​​ដែរ​។ ​ប៉ុន្តែ​ថ្លៃ​កាត់សក់​ត្រូវ​ចេញ​ខ្លួនឯង​ដោយ​ ១​ ក្បាល ៨ ​ពាន់​​រៀល ​តែបើ​សិស្ស​ណា​គ្មាន​លទ្ធភាព​គឺ​សាលា​ចេញថ្លៃ​ឱ្យ​»​។

ស្រដៀង​គ្នា​នេះដែរ យុវសិស្ស​​ឈ្មោះ​ ហាក់ វិចិត្រមង្គល មាន​វ័យ​ ១៤​ ឆ្នាំ​ដែល​រៀន​ថ្នាក់​ទី ​៩ (​ក​) ​នៃ​វិទ្យាល័យ​ឃ្លាំង​លើ​ ១ ​រូប​ដែរនោះ ក៏បាន​ថ្លែង​ដែរ​ថា ការដែល​សាលា​តម្រូវ​ឱ្យ​រូបគេ​​ក៏ដូចជា​សិស្ស​ប្រុស​ដទៃទៀត​កាត់សក់​ខ្លី​បែបនេះ​ប្អូន​មិន​ខឹង​ទេ ព្រោះ​ថា រូបគេ​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា ហើយ​បើ​ទុក​សក់វែង​ចូល​សាលារៀន​ក៏​មិនល្អ​ដែរ​។

វិចិត្រមង្គល បាន​បញ្ជាក់​ថា​៖ «​ធ្វើ​អ៊ីចឹង​វា​ល្អ​ម្យ៉ាងដែរ ព្រោះ​យើង​ស្ថិត​ក្នុង​វ័យ​សិក្សា​មិនត្រូវ​គិតពី​រឿង​លេង​ម៉ូដ​សក់​ទេ​។

ម៉ាក់ប៉ា ខ្ញុំ​ក៏​ពេញចិត្ត​នឹង​សាលា​ធ្វើ​ដូចនេះ គាត់​ថា​ល្អ​តើ​»​។

លោក ស៊ី វុទ្ធី ជា​គ្រូបង្រៀន​នៅ​ថ្នាក់​ទី​ ៩ នៃ​វិទ្យាល័យ​នេះ​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គោលការណ៍​កាត់សក់​សិស្ស​ប្រុស​នេះ លោក​នាយក​សាលា​បាន​ប្រជុំ​សួរ​យោបល់​លោកគ្រូ អ្នកគ្រូ គ្រប់គ្នា​អស់​ហើយ​។ ការឱ្យ​កាត់សក់​ខ្លី​នេះ​គឺ​បំណង​ឱ្យ​សិស្ស​សង្រួម​ចិត្ត​គោរព​វិន័យ​របស់​សាលា​។ ​ម្យ៉ាង​បើ​គេ​ឃើញ​​សក់​ក្បាល​របស់​គាត់​គឺ​គេ​ស្គាល់​ថា​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ ហ៊ុន សែន ឃ្លាំង​លើ​។ ប៉ុន្តែ​លោក​​សង្កេត​ឃើញ​ថា ការ​កាត់សក់​បែបនេះ​មាន​សិស្ស​ខ្លះ​សប្បាយ​ចិត្ត និង​សិស្ស​ខ្លះ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ ព្រោះ​សិស្ស​ខ្លះ​មិន​ស្រឡាញ់​ម៉ូដ​សក់​ដូច​ចិត្ត​គាត់​ចង់​បាន តែ​អ្នក​មិន​ពេញចិត្ត​មាន​តិចតួច​ទេ​។ ទោះជា​យ៉ាងណា លោក​ក៏ដូចជា​លោកគ្រូ អ្នកគ្រូ​ផ្សេងទៀត​នៅតែ​ព្យាយាម​ពន្យល់​ពួកគេ​ពី​ម៉ូដ​បែប​នេះ​ថា វា​សមរម្យ​ហើយ ព្រោះ​អី​យើង​ជា​សិស្ស​នៅ​កំពុង​សិក្សា​។

លោក​បាន​បន្តថា​៖ «​កន្លងមក​​សាលា​បាន​អនុវត្ត​ជាប្រចាំ​ហើយ​​ដែរ ដែល​នៅពេល​គ្រូ​ឃើញ​សិស្ស​ណា​ទុក​សក់វែង ក៏​ណែនាំ​ឱ្យ​កាត់​ខ្លី​។ ​តែ​ក្រោយៗ​មក​សិស្ស​ខ្លះ​នៅតែ​ទុក​សក់វែង​ទៀត​ទើប​សាលា​ប្រជុំ​ឯកភាព​គ្នា​យក​ជាង​មក​កាត់​ឱ្យ​ពួកគេ​ជា​ម៉ូដ​ដូចៗ​គ្នា តែ​កាត់​ទៅតាម​ទម្រង់​មុខ​របស់​សិស្ស​ម្នាក់ៗ​។ ​ម្យ៉ាង​នៅពេល​សិស្ស​ចេញ​ទៅ​ខាងក្រៅ​បើ​គេ​ឃើញ​សក់​ម៉ូដ​នេះ​គេ​នឹង​ស្គាល់​ថា ជា​សិស្ស​របស់​វិទ្យាល័យ​ ហ៊ុន សែន ឃ្លាំងលើ​។ បើ​គាត់​ជួប​គ្រោះថ្នាក់​អ្វី​​មួយ​ក៏​សាលា​ទទួល​ព័ត៌មាន​បាន​​លឿន​ដែរ​។ ព្រោះ​ទាំង​នគរបាល​ទាំង​កងរាជ​អាវុធហត្ថ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ទទួល​ព័ត៌មាន​ពី​សាលា​អស់ហើយ​។ ​ក្រោយពី​ជំងឺ​កូវីដ​ចប់ សិស្ស​ទាំងអស់​បាន​ចូលរៀន​វិញ តែ​ធ្លាក់ចុះ​សីលធម៌ និង​វិន័យ​ច្រើន​»​។

អ្នកស្រី សុខ លីនដា ដែលមាន​កូនស្រី​ម្នាក់​រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ឃ្លាំង​លើ​ថ្នាក់​ទី​ ៩ (​ក​) ​បាន​ចាប់អារម្មណ៍​នឹង​​ការ​កាត់សក់​ខ្លី​នេះ ដោយ​អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា អ្នកស្រី​មិនមាន​កូនប្រុស​ដែល​ត្រូវ​កាត់សក់​ខ្លី​ទេ​ ប៉ុន្តែ​អ្នកស្រី​ពេញចិត្ត​ ១០០% ​ដែល​សាលា​បាន​អនុវត្ត​ ឬ​មាន​គោលការណ៍​បែបនេះ​។

អ្នកស្រី​បាន​បន្តថា អ្នកស្រី​មិន​ឆ្លើយ​បដិសេធ​ទេ ផ្ទុយ​ទៅវិញ​អ្នកស្រី​ត្រេកអរ​ពេញ​ទំហឹង​។ អ្នកស្រី​សំណូមពរ​ទៅ​នាយក​សាលា​ឱ្យ​សិស្ស​ស្រីៗ​ចង​សក់​ជ្រោង​ឱ្យ​បាន​ខ្ពស់ និង​ត្រូវ​ពាក់​បូ​ក្រហម​ ឬ​បូ​ខៀវ តែ​សូម​ប្រើ​ថវិកា​របស់​សាលារៀន​។

អ្នកស្រី​និយាយ​ថា​៖ «​ចំពោះ​កូនខ្ញុំ​វិញ​បើ​គាត់​មិន​ព្រម​ធ្វើតាម​​សាលា​សូម​ឱ្យ​គ្រូ​ប្រាប់​ខ្ញុំ​គឺ​ខ្ញុំ​យក​គាត់​ទៅ​កាត់​ខ្លួនឯង​។ តែ​ខ្ញុំ​បាន​​ប្រាប់​កូនស្រី​ខ្ញុំ​ដែរ​ថា បើ​ខាង​សាលា​គេ​ត្រូវ​ឱ្យ​កាត់សក់​ ដើម្បី​ជា​សោភណភាព​ខ្លួនឯង ជា​​ការអប់រំ​ឱ្យមាន​វិន័យ​ល្អ​គឺ​កូន​ត្រូវតែ​ធ្វើតាម​សាលា​ទៅ​»​។

យ៉ាងណាក្ដី បើ​តាម​អ្នកស្រី សុខ លីនដា នៅ​វិទ្យាល័យ ​ហ៊ុន សែន​ឃ្លាំង​លើ​ពេលដែល​អ្នកស្រី​ទៅ​ទទួល​កូន​មក​ផ្ទះ​គឺ​អ្នកស្រី​សង្កេត​ឃើញ​មាន​សិស្ស​ស្រី​ខ្លះ​ទម្លាក់​សក់វែង និង​បបូរ​មាត់​លាប​ក្រេម​ក្រហម ​ឬ​សាក់​​ដៃ​សាក់​ជើង មិន​សម​ជា​សិស្ស​​ឡើយ​។ ​ចំពោះ​សិស្ស​ប្រុស​មួយ​ចំនួន​តូច​មាន​ពាក់​ក្រវិល ហើយ​បើ​ចេញពី​សាលា​នៅតាម​ផ្លូវ​បើក​​ម៉ូតូ​បញ្ច្រាស​ជ្រែ​គេ​ទៀត​។

អ្នកស្រី លីនដា ថា​៖ «​ខាង​សាលារៀន​គេ​មាន​បង្កើត​ជា​គ្រុប​តេឡេក្រាម​ ដើម្បី​ទំនាក់​ទំនង​ជាមួយ​មាតាបិតា​សិស្ស​តែ​ខ្ញុំ​ឮ​សំឡេង​ម្តាយ​សិស្ស​ម្នាក់​​បាន​វ៉យ​សំឡេង​ប្រាប់​គ្រូ​ឱ្យជួយ​​អប់រំ​ប្រដៅ​កូន​គាត់​ផង ព្រោះ​គាត់​ជាប់​រកស៊ី​គ្មាន​ពេល​ទេ​។ ​ខ្ញុំ​ឮ​បែបនេះ​ខ្ញុំ​ហួសចិត្ត ព្រោះ​គ្រូ​មិន​អាច​អប់រំ​សិស្ស​រាប់រយ​នាក់​បានទេ បើ​គាត់​អប់រំ​កូន​ខ្លួនឯង​មិន​បាន​ផង ធ្វើ​ម៉េច​ឱ្យ​គ្រូ​អប់រំ​បាន​។ ​ម្តាយ​ខំ​រកស៊ី​ដើម្បី​កូន​តែ​​បើ​មិន​លៃ​ពេល​ដើម្បី​មើល​កូន​អ៊ីចឹង​បាន​ប្រយោជន៍​អី​? ​ខ្ញុំ​មិន​ព្យាយាម​ចំណាយ​ជីវិត​ខ្ញុំ​រកស៊ី​ដើម្បី​ទុក​លុយ​ឱ្យ​កូន​ចាយ​ទេ តែ​ខ្ញុំ​រកលុយ​ដើម្បី​ឱ្យ​កូន​ទៅ​រៀន​វិជ្ជា​ ដើម្បី​ឱ្យ​គាត់​មាន​ចំណេះ​ចិញ្ចឹម​ជីវិត​គាត់​ទៅ​អនាគត​»​។

លោក សៀង រឹម នាយក​វិទ្យាល័យ ហ៊ុន សែន ឃ្លាំង​លើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដែល​សាលា​តម្រូវ​ឱ្យ​សិស្ស​ប្រុសៗ​កាត់សក់​ទម្រង់​តែ ១​ បែបនេះ​គឺ​ទើបតែ​ចាប់ផ្តើម​ក្នុង​ខែ​កក្កដា ឆ្នាំ​ ២០២២​ ទេ​គឺ​ពី​ថ្នាក់​ទី​ ៧ ​ដល់ទី​ ១២​។ ប៉ុន្តែ​លោក​ក៏​​បាន​ជូនដំណឹង​ដល់​មាតាបិតា​ ​ឬ​អាណាព្យាបាល​សិស្ស​ ២-៣​ ខែ​មុន​មក​ដែរ​។ ​ទន្ទឹម​នឹងនេះ​​លោក​បាន​ប្រជុំ​ជាមួយ​លោកគ្រូ អ្នកគ្រូ ហើយ​សម្រេច​ឯកភាព​គ្នា​ទៀតផង​។

លោក​ថ្លែងថា​៖ «​តាំងពី​ជំងឺ​កូវីដ​ផ្ទុះ​ខ្លាំង សិស្ស​យើង​រៀន​តាម​​អនឡាញ​ពី​ផ្ទះ ដល់​ពេល​ចូល​​រៀន​វិញ ឃើញ​ថា សិស្ស​មួយចំនួន​មាន​ការធ្លាក់ចុះ​ក្រមសីលធម៌ និង​វិន័យ​ខ្លាំង​។ ​ដូចនេះ​ខ្ញុំ​គិតថា ត្រូវ​ពង្រឹង​វិន័យ​ឡើងវិញ​បើ​គាត់​ចេះ​គោរព​ខ្លួនឯង​ក៏​គាត់​ចេះ​គោរព​អ្នកដទៃ​ដែរ​។ ​ជាដំបូង​គឺ​ឱ្យ​សិស្ស​គោរព​វិន័យ​ផ្ទៃក្នុង​របស់​សាលា​សិន ហើយ​បើ​សិស្ស​គោរព​វិន័យ​បាន​នោះ​គឺ​ការរៀនសូត្រ​របស់​គាត់​ក៏​​ប្រឹងប្រែង​ដែរ​។ ការអនុវត្ត​កាត់​សក់​របៀប​ម៉ូដ​តែមួយ​បែបនេះ​ហាក់​ពិបាក​បន្តិច​ពីដំបូង​ហើយ​​ក៏មាន​ការរិះគន់​ពី​អាណា​ព្យាបាល​សិស្ស​មួយចំនួន​ផងដែរ​។

តែដោយសារ​ខ្ញុំ​ចង់​ឱ្យ​សិស្ស​មាន​វិន័យ​ល្អ ទាល់​តែ​ខិតខំ​ពុះពារ ទោះ​ជួប​ការលំបាក​ក៏​​ដោយ តែ​បន្តិច​ទៀត​ពួកគេ​នឹង​ស៊ាំ​នឹង​សក់​របស់គេ​ហើយ​»​។

លោក​បន្ត​ថា ការធ្វើ​បែប​នេះ​តែងតែ​ប៉ះពាល់​ខ្លះ​ដល់​អារម្មណ៍​​សិស្ស តែ​លោក​គិតថា​ក្នុង​បំណង​​ពង្រឹង​វិន័យ​សិស្ស​ទេ មិនមែន​មាន​ន័យថា កាត់សក់​ខ្លី​រៀន​ពូកែ​យ៉ាងណា​នោះ​គឺ​មិន​សំដៅ​ដូច្នោះ​ទេ តែ​ធ្វើ​យ៉ាងណា​ឱ្យ​សិស្ស​មាន​វិន័យ​ល្អ​តែប៉ុណ្ណោះ​។

យ៉ាងណាក្ដី លោក​ថា នៅ​ខែ​ទី​ ១​ គឺ​ធ្វើ​មិនទាន់​បាន​ល្អ​ទេ តែ​សម្រាប់​ខែ​ខាងមុខៗ​គឺ​លោក​នឹង​អនុវត្ត​ឱ្យបាន​ល្អ​ហើយ​។ ​ចាប់ពី​ខែ​សីហា ឆ្នាំ​ ២០២២​ ទៅ​សាលា​នឹងមាន​ជាង​កាត់សក់​ប្រចាំ​សាលា​ផ្ទាល់​ខ្លួនឯង តែ​ពីដំបូង​​សាលា​បាន​ជួល​ជាង​ពី​ខាងក្រៅ​​ក្នុង​សក់​ ១​ ក្បាល​ថ្លៃ​ ៨ ​ពាន់​រៀល តែ​ជាង​ប្រចាំ​សាលា​យកតែ​ ៦ ​ពាន់​រៀល​ទេ​។ រីឯ​សិស្ស​ក្រីក្រ​សាលា​ចេញថ្លៃ​ឈ្នួល​ជូន​។

ជុំវិញ​ករណីនេះ​លោកស្រី អ៊ុច សោភា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជា​​ធម្មតា សិស្ស​ត្រូវ​មាន​ភារកិច្ច​​គោរព​វិន័យ និង​បទបញ្ជា​ផ្ទៃក្នុង​សាលា​។ ការ​កាត់សក់​ខ្លី​ជា​កាតព្វកិច្ច​មួយ​របស់​សិស្ស តែបើ​ពេញចិត្ត​សក់​ដូច​សាលា​បង្ហាញ​គំរូ​គឺ​​ជាការ​ល្អ​បំផុត​។ ​អាច​ថា​នេះ​ជា​​ការដាក់​វិន័យ​ចំពោះ​សិស្ស​ទំនើង​ដែល​ទុក​សក់វែង​ ឬ​លាប​ពណ៌​ជាដើម​។

លោកស្រី​ថ្លែងថា​៖ «​សូម​កូនៗ​ដែល​ខិតខំ​រៀនសូត្រ និង​គោរព​វិន័យ​កុំ​បារម្ភ​ពី​បញ្ហា​សក់​សំខាន់​កូនៗ​រៀបចំ​ខ្លួនប្រាណ និង​កាត់សក់​ខ្លី​តាម​ទម្រង់​មុខ​រៀងៗ​ខ្លួន​មាន​ឯកសណ្ឋាន​សិស្ស​ដែល​គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​សាលា​។ ​ការ​មាន​វិន័យ​គឺ​ទទួល​បាន​ទាំង​ចំណេះដឹង និង​ឥរិយាបថ​ល្អ​ ដើម្បី​ត្រៀមខ្លួន​ជា​ពលរដ្ឋ​ល្អ​សម្រាប់​ប្រទេសជាតិ​ក្រុម​គ្រួសារ និង​ខ្លួនឯង​»​។

ជុំវិញ​បញ្ហា​នេះដែរ លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា គុណភាព​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា និង​គុណភាព​គ្រូបង្រៀន​អាច​ជះ​ផលវិជ្ជមាន​លើ​គុណភាព​អប់រំ​។

បើតាម​លោក​អ្នក​នាំពាក្យ​​រូបនេះ ច្បាប់​ស្តីពី​ការអប់រំ​បាន​​ចែង​ដល់​ការរក្សា​សីលធម៌ និង​ការគោរព​បទបញ្ជា​ផ្ទៃក្នុង​ដោយ​អ្នកសិក្សា​មាន​ករណីយកិច្ច​គោរព​បទបញ្ជា​ផ្ទៃក្នុង​គ្រឹះស្ថាន​សិក្សា​។

លោក​ សុវាចា បាន​បញ្ជាក់​ថា​៖ «​លោកគ្រូ អ្នកគ្រូ​បាននិង​កំពុង​បន្ត​ដើរតួនាទី​សំខាន់​មួយ​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​សីលធម៌​ ​និង​ការគោរព​បទបញ្ជា​ផ្ទៃក្នុង​តាម​គ្រប់​មធ្យោបាយ​ដូចជា​ការបង្រៀន និង​យន្តការ​លើក​ទឹកចិត្ត​​សិស្ស​ឱ្យ​បន្ត​រៀនសូត្រ​ក្នុង​ន័យ​ពង្រឹង​សមត្ថភាព​សម្រាប់​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​»៕