
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំកាលពីម្សិលមិញ។ រូបថត រដ្ឋបាលខេត្ត
ភ្នំពេញៈ ក្រសួងមហាផ្ទៃប្រកាសបើកប្រាក់ឧបត្ថម្ភប្រចាំខែកក្កដាជូនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំអាណត្តិទី ៥ ខណៈក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ ត្រូវបានបើកប្រាក់ឧបត្ថម្ភត្រឹមខែមិថុនា ឆ្នាំ ២០២២។
យោងតាមលិខិត ១ ច្បាប់ផ្ញើទៅធនាគារជាតិនៃកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២២ ដែលចុះហត្ថលេខាដោយលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃបញ្ជាក់ថា រដ្ឋបាលឃុំ សង្កាត់បានរៀបចំថវិកាប្រចាំឆ្នាំ ២០២២ ដោយពុំបានគិតបញ្ចូលនូវប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងអាណត្តិទី ៤ និងអាណត្តិទី ៥ ឡើយ។
ផ្អែកលើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់អាណត្តិទី ៥ ដែលប្រកាសដោយ គជប កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ ក្រសួងមហាផ្ទៃបានចេញប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ចប់សព្វគ្រប់នៅចុងខែមិថុនា។
លោកសរសេរថា៖ «ដូច្នេះលើមូលដ្ឋានខាងលើនេះ ការបើកប្រាក់ឧបត្ថម្ភជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវអនុវត្តដូចជា៖ ១- ការបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៤ ត្រូវអនុវត្តត្រឹមដំណាច់ ខែមិថុនា ឆ្នាំ ២០២២និង ២- ការបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ត្រូវអនុវត្តចាប់ពីខែកក្កដា ឆ្នាំ ២០២២»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអត្ថាធិប្បាយពីលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី ៨ សីហា ដោយលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំ។
លោកស្រី ហេង ស្រីពៅ មេឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មកពីគណបក្សប្រជាជនកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៨ សីហា ថា សម្រាប់សមាជិកក្រុមប្រឹក្សាឃុំរបស់លោកស្រីបានបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលរួចហើយ តាមរយៈធនាគារអេស៊ីលីដា សម្រាប់ខែកក្កដា ឆ្នាំ ២០២២។
ការបើកប្រាក់ឧបត្ថម្ភនេះ មិនមានភាពយឺតយ៉ាវនោះទេឱ្យតែដល់ចុងខែនីមួយៗ រដ្ឋទម្លាក់ប្រាក់ឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសតាមរយៈធនាគារ។ ចំពោះការបើកប្រាក់តាមធនាគារនេះមានភាពងាយស្រួល និងមិនមានអំពើពុកលួយ ឬមានគេកាត់នោះទេ ។ លោកស្រីបញ្ជាក់ថា៖ «កាលពីមុន ដែលមិនទាន់មានធនាគារ គឺស្មៀន គាត់ទៅបើកឱ្យក្រុមប្រឹក្សាឃុំទាំងអស់ ហើយគាត់សុំសេវាថ្លៃធ្វើដំណើរពី ២ ទៅ ៣ ពាន់រៀលក្នុងម្នាក់ ប៉ុន្តែឥឡូវអត់ទេ គឺយើងបើកនៅធនាគារ»។
លោក ញឹម សារ៉ុម មេឃុំទើបជាប់ឆ្នោតនៅឃុំចំណារលើស្រុកស្ទោង ខេត្តកំពង់ធំមកពីគណបក្សភ្លើងទៀនប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ខែសីហាថា ទាំងរូបលោក និងសមាជិកក្រុមប្រឹក្សាឃុំផ្សេងទៀតទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលរួចហើយចាប់តាំងពីដើមខែសីហាមក។
លោកយល់ឃើញថា យន្តការនៃការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គឺមានភាពងាយស្រួល និងមិនមានអំពើពុករលួយនោះទេ ព្រោះរាល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់បើកតាមធនាគារ ប៉ុន្តែអ្វីដែលពិបាកគឺរូបលោកត្រូវធ្វើរបាយការណ៍ដាក់ជូនទៅរតនាគារជាតិឱ្យទម្លាក់លុយ ពីព្រោះលោកទើបចាប់ផ្តើមចូលធ្វើការ។
លោកថ្លែងថា៖ «ខាងខ្ញុំបើកបានគ្រប់គ្នាអស់ហើយ គេអត់មានកាត់ ឬមានអំពើពុករលួយនោះទេ ព្រោះគេបើកឱ្យតាមធនាគារ អេស៊ីលីដា»។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានអនុវត្តចាប់ពីថ្ងៃទី ១ មេសា ឆ្នាំ ២០២០ បានកំណត់ពីការផ្តល់ប្រាក់ឧបត្ថម្ភដល់មេឃុំ ចៅសង្កាត់ ទទួលបានប្រាក់ឧបត្ថម្ភ ១ ខែ ១ ១១០ ០០០ រៀល។ ជំទប់ទី ១ ចៅសង្កាត់រងទី ១ ជំទប់ទី ២ ចៅសង្កាត់រងទី ២ ទទួលបានប្រាក់ឧបត្ថម្ភ ១ ខែ ៨៧០ ០០០ រៀល។ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ទទួលបាន ១ ខែ ៧៦០ ០០០ រៀល។ ឃុំ-សង្កាត់ នៅទូទាំង ២៥ រាជធានីខេត្តមានចំនួន ១ ៦៥២ និងមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ចំនួន ១១ ៦២២ នាក់៕