
សកម្មភាពអ្នកចូលរួមដាំកូនឈើនៅភ្នំតាម៉ៅ។ រូបថត សួនសត្វភ្នំតាម៉ៅ
តាកែវៈ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មនៅព្រឹកថ្ងៃទី ៨ ខែសីហា បានបញ្ជូនថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលព្រៃឈើជាង ១០០ នាក់ ទៅចូលរួមដាំដើមឈើលើដី ដែលបានឈូសឆាយនៅតំបន់ភ្នំតាម៉ៅ។ ដើមឈើដែល ដាំដុះដំបូងនេះ មានកូនឈើរបស់រដ្ឋបាលព្រៃឈើ ៧ ០០០ ដើម និងកូនឈើជាង ៨ ០០០ ដើមទៀត ជាការចូលរួមពីវិស័យឯកជន។ នេះបើតាមមន្ត្រីរដ្ឋបាលព្រៃឈើ។
លោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែសីហា ថា ដីដែលបានឈូសឆាយនៅតំបន់ភ្នំតាម៉ៅមានទំហំប្រហែល ៥០០ ហិកតា។ រដ្ឋបាលព្រៃឈើបានបញ្ជូនថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលព្រៃឈើជាង ១០០ នាក់ ដើម្បីចូលរួមដាំដើមឈើនៅលើទីតាំងដីដែលបានឈូសឆាយ។
បើតាមលោក សុវណ្ណ ការដាំកូនឈើឡើងវិញនៅតំបន់នោះ គឺដាំក្នុងចន្លោះ ៧ ម៉ែត្រ គុណ ៧ ម៉ែត្រ ត្រូវចំណាយកូនឈើសរុបប្រមាណជាង ១០ ម៉ឺនដើម ហើយឈើដែលយកទៅដាំ ជាជំហានដំបូងនេះមានកូនឈើប្រភេទឈើប្រណីត មានជាអាទិ៍ កូនឈើគ្រញូង បេង និងធ្នង់។
លោកថា៖ «បច្ចុប្បន្នរដ្ឋបាលព្រៃឈើបានប្រើប្រាស់កូនឈើរបស់រដ្ឋបាលព្រៃឈើចំនួន ៧ ០០០ ដើម និងរបស់ឯកឧត្តម ម៉ុង ឫទ្ធី ចំនួន ២ ០០០ ដើម។ ឯកឧត្តម ម៉ុង ឫទ្ធី នឹងបញ្ជូនមកជាបន្តបន្ទាប់ទៀត។ តាមដឹងមានមូលនិធិ ឡេង ណាវ៉ាត្រា នឹងផ្តល់កូនឈើមួយចំនួនផងដែរ»។
លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ឱ្យដឹងតាមរយៈហ្វេសប៊ុកនៅយប់ថ្ងៃទី ៧ សីហាថា លោកបានទទួលការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដាំដើមឈើប្រណីតឡើងវិញនៅលើទីតាំងដែលបានឈូសឆាយក្នុងតំបន់ភ្នំតាម៉ៅ។
លោកបញ្ជាក់ថា កូនឈើត្រូវបានលើកដាក់លើរថយន្តនៅថ្ងៃទី ៧ ខែសីហា ហើយនៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ លោកដឹកជញ្ជូនកូនឈើប្រណីតប្រភេទឈើបេងចំនួន ១ ០០០ ដើម កូនឈើធ្នង់ចំនួន ១ ០០០ ដើម សរុប ២ ០០០ ដើម។ នៅថ្ងៃពុធទី ៩ ខែសីហា លោកនឹងបន្តដឹកជញ្ជូនកូនឈើបេង និងធ្នង់ចំនួន ៥ ០០០ ដើមបន្ថែមទៀត និងជាបន្តបន្ទាប់អាចដឹកជញ្ជូនថែមទៀត រហូតកូនឈើបានសរុបប្រមាណជា ១០២ ០០០ ដើម បើសិនផ្ទៃដីដាំដុះនោះមានទំហំប្រមាណ ៥០០ ហិកតា។
លោកថ្លែងថា៖ «ព្រឹកស្អែកថ្ងៃចន្ទទី ៨ ខែសីហា ឆ្នាំ ២០២២ នេះ រូបខ្ញុំ និងលោកជំទាវប្រហុកនឹងដឹកនាំក្រុមអ្នកបច្ចេកទេស បុគ្គលិក កម្មករ ផ្នែកកសិកម្មរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ទៅចូលរួមចំណែកដាំដើមឈើឡើងវិញ នៅក្នុងតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ បើបងប្អូនប្រិយមិត្តយើងចង់ចូលរួមចំណែកដាំដើមឈើឡើងវិញដែរ ខ្ញុំសូមស្វាគមន៍ដោយក្តីសោមនស្សរីករាយជួបគ្នានៅភ្នំតាម៉ៅ»។
ដោយឡែក លោក ខេមរៈ សិរីមន្ត អគ្គនាយកក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអ៊ីស្តេត ឌីវេលឡុបភើរ ឯក ឱ្យដឹងថា លោកចូលរួមផ្តល់កូនឈើប្រណីតប្រភេទធ្នង់ចំនួន ១ ០០០ ដើមសម្រាប់ដាំឡើងវិញជាមួយលោក ឡេង ណាវ៉ាត្រា នៅលើដី ដែលបានឈូសឆាយនៅតំបន់ភ្នំតាម៉ៅ។ លោកសរសេរលើហ្វេសប៊ុកនៅថ្ងៃទី ៧ ខែសីហា ថា៖ «ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមគាំទ្ររាជរដ្ឋាភិបាល លុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់នឹងសូមចូលរួមផ្តល់កូនធ្នង់ចំនួន ១ ០០០ ដើម នឹងដាំឡើងវិញជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា»។
ចំណែកសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានចេញញត្តិគាំទ្ររាជរដ្ឋាភិបាលក្នុងការរក្សាព្រៃឈើ តំបន់ភ្នំតាម៉ៅ និងប្រកាសចូលរួមដាំកូនឈើឡើងវិញចំនួន ៥ ៥៥៥ ដើម។ ការចេញញត្តិគាំទ្រនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ ដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារ ដោយក្រសួងកសិកម្ម។
លិខិតចុះថ្ងៃទី ៧ ខែសីហា របស់សាកលវិទ្យាល័យនេះឱ្យដឹងថា ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងនាមសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាមួយចំនួនទៀតនឹងដឹកនាំកម្លាំង ដើម្បីទៅដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ ដែលមានកូនឈើប្រណីតប្រភេទគ្រញូង និងធ្នង់ ចំនួន ៥ ៥៥៥ ដើម៕