ក្រចេះៈ កូន​ផ្សោត​ទន្លេ​មេគង្គ​ ១ ក្បាល​ទៀត​បាន​ងាប់ ដោយសារ​​ត្រូវ​ឧបករណ៍ឆ​ក់ របស់​អ្នក​នេសាទ​នៅ​ក្នុង​តំបន់​អភិរក្ស​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី ក្នុង​ភូមិ​សា​ស្ត្រ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ។

ក្រុម​ឆ្មាំ​ទន្លេ​នៅក្នុង​តំបន់​អភិរក្ស​អន្លង់​កាំពី បានប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ថា កូន​ផ្សោត​នោះ​ត្រូវបាន​ក្រុម​ប្រជា​នេ​សាទ ប្រទះ​ឃើញ​ងាប់ ​កាលពី​ថ្ងៃទី​ ៧ ខែ សីហា ឆ្នាំ​ ២០២២ ។​ វាជាកូន​ផ្សោត​ឈ្មោល មាន​ទម្ងន់​ជាង ១០​ គីឡូ​ក្រាម។

លោក ថុន ថារង ប្រធាន​សហគមន៍​នេសាទ​កាំពី បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា សពកូន​ផ្សោត​នោះ ទំនង​ជាងាប់​ដោយ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដូច​ជា «មង ឬ ឧបករណ៍​ឆក់» ​របស់​ក្រុមជន​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​​។

សព​កូន​ផ្សោត​ឈ្មោល​ ១ ​ក្បាល​នោះ ​ត្រូវ​បាន​ក្រុម​មន្ត្រីឆ្នាំ​ទន្លេ​ប្រគល់​ឱ្យ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ក្រចេះ​។

លោក ​ម៉ុក ពន្លក ប្រធាន​ខណ្ឌរដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ បាន​ប្រាប់​ ភ្នំពេ​ញ​ ប៉ុស្តិ៍ថា នៅ​ពេល​នេះ ក្រុម​ការ​ងារ​របស់​លោក កំពុង​សហការ​ជាមួយ ក្រុ​មការងារ​ថ្នាក់​ជាតិ និង​អង្គការ​ WWF​ ពិនិត្យ​កោសល្យ​​វិច័យ ផ្នែក​វិទ្យា​សាស្ត្រ​ដើម្បី​ស្វែង​រកមូល​ហេតុ​ពិត​ប្រាកដ​នៃការស្លាប់​របស់​កូន​ផ្សោត​ ១ ក្បាល​នោះ ។ ​

ចំណែក ​លោក អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋាន​អភិរក្ស​ធន​ធាន​ជល​ផល​នៃអគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល​ជល​ផល បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ថា ក្រោយ​ការ​វះកា​ត់​បេះ​ដូង​មកធ្វើ​កោស​ល្យវិច័យ​ រក​ឃើញ​ថា​ កូន​ផ្សោត​នោះ​បាន​ស្លាប់​ដោយ​ត្រូវ​ឧបករណ៍ឆ​ក់ ដូច​ជាការលើក​ឡើង​របស់​ក្រុម​ប្រជា​នេសាទ​មែន។

លោក​ថ្លែង​ថា៖ «យោង​តាម​លទ្ធផល​ពិសោធផ្នែក​វិទ្យា​សាស្ត្រ បេះ​ដូង​របស់​កូនផ្សោត​នោះ​មាន​ស្នាម​ជាំខ្មៅ និង​មាន​ឈាម​កក ដែល​អាច​ឱ្យ​យើង​សន្និដ្ឋាន​បាន​ក្នុងជំហាន​ដំបូង​​ថា​ វាស្លាប់​ដោយសារ​ត្រូវ​ឧបករណ៍​ឆក់​​របស់​អ្នក​នេសាទ​ទុច​រឹត​យ៉ាង​ពិត​ប្រាកដ​»។

បើតាម​លោក វិបុល កូន​ផ្សោត​នោះ​​ទើប​នឹង​កើតបាន​ប្រមាណជាង​៣សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែ​វាមិន​មែន​ជា​កូន​ផ្សោត ដែល​ត្រូវបាន​​កត់​ត្រា​​ថា​ជាកូន​ផ្សោត​ដែលទើប​នឹង​កើត​ថ្មីនៅ​ក្នុងឆ្នាំ​នេះនោះ​ទេ ព្រោះ​វាបាន​ស្លាប់​​មុន​ពេល​មន្ត្រី​ជំនាញ​ប្រទះ​ឃើញ​វា។

យោង​តាម​ទិន្នន័យ របស់​អង្គការ​ WWF-Cambodia ចាប់​ពីដើម​ខែម​ករា ឆ្នាំ​ ២០២២ មក​ទល់​ពេល​នេះ មាន​ផ្សោត​ចំនួន​៧​ក្បាល​បាន​ស្លាប់ ក្នុង​នោះ​មាន​កូន​ផ្សោត​ចំនួន​ ៤​ ក្បាល និង ផ្សោត​ពេញ​វ័យ​ចំនួន​៣​ក្បាល ខណៈ​ផ្សោត​ទើប​កើ​ត​ថ្មីមាន​ចំនួន​៥​ក្បាល​។

យោង​តាម​របាយ​ការណ៍​ជំរឿន​សត្វ​ផ្សោត​ទន្លេមេគង្គ​ ឆ្នាំ​ ២០២០ របស់រដ្ឋបាល​ជលផល និង​អង្គការ WWF នៅ​កម្ពុជា​មាន​សត្វ​ផ្សោត សរុប​ចំនួន​ ៨៩ ​ក្បាល ដោយ​មិន​រាប់​បញ្ចូល​នូវចំនួន​កូន​ផ្សោត​ដែល ទើប​នឹង កើត​ថ្មី​នោះ​ទេ ។

​សត្វ​ផ្សោត​ទន្លេ​មេគង្គ គឺជា​ប្រភេទ​សត្វ​កម្រ​មួយ នៅលើ​ពិភពលោក ដែល​ត្រូវ​បាន​ចុះក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ។ បច្ចុប្បន្ន មាន​អង្គការ​ជាច្រើន ជាពិសេស​អង្គការ WWF បាន​ចូល​រួម​សហការ​ជាមួយ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ក្នុងការ​អភិរក្ស​សត្វ​ផ្សោត​នេះ​។​

ប្រធាន​កិច្ចការ​សាធា​រណៈ និង​គ្រប់​គ្រង​ព័ត៌មាន​នៃ​អង្គការ WWF ​លោក​ ទេព អស្នារិទ្ធ បាន​និយាយ​ថា ​​បទ​ល្មើស​នេសាទ នៅតែ​បង្ក​ហានីភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ការ​អភិរក្ស​សត្វ​ផ្សោត នៅ​ក្នុង​តំបន់​។ លោក​បានប​ន្តថា មាន​តែការ​ចូល​រួមពី​គ្រប់​ភាគី​ពាក់​ព័ន្ធទាំង​អស់​ក្នុងការ​បញ្ឈប់​បទល្មើស​នេសាទ​នៅ​ក្នុង​តំបន់​​អភិរក្ស​ទាំង​នេះទេ ទើបអាច​ធ្វើឱ្យ​សត្វ​ផ្សោត​ដ៏កម្រនេះ​មានការ​កើន​ឡើង​ទៅបាន​៕