
គ្រោះថ្នាក់ចរាចរតាមបណ្ដោយផ្លូវ ២០០៤ នាពេលកន្លងទៅ។ ហេង ជីវ័ន
មណ្ឌលគិរីៈ អ្នកបើកបររថយន្តដឹកស៊ីទែនហ្គាសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីបើកបរនៅក្នុងល្បឿនលឿនលើផ្លូវកោង ហើយជ្រុលចង្កូតទៅបុកតូបលក់ដូរ និងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យមនុស្ស ៥ នាក់ផ្សេងទៀតរងរបួសនៅក្រុងសែនមនោរម្យ ខណៈនៅថ្ងៃទី ៨ សីហា មានមនុស្សរហូតដល់ទៅ ៩ នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ស្នងការនគរបាលខេត្តមណ្ឌលគិរីលោក ឡោ សុខា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីថ្ងៃទី ៧ ខែសីហា បណ្តាលឱ្យអ្នកបើកបររថយន្តស្លាប់ និងខូចខាតទ្រព្យសម្បត្តិ និងផ្ទះពលរដ្ឋមួយចំនួន។
នៅព្រឹកឡើងថ្ងៃទី ៨ ខែសីហា សមត្ថកិច្ចកំពុងបន្តទាញរថយន្តចេញដោយសារស្ថានភាពគ្រោះថ្នាក់នោះ ងាយបង្កហានិភ័យ ព្រោះជារថយន្តដឹកស៊ីទែនហ្គាស។ លោកថ្លែងថា៖ «យើងកំពុងធ្វើការលើរឿងនេះ កំពុងយកសាកសពជនរងគ្រោះចេញ ដោយសារឡាននេះដឹកហ្គាសអ៊ីចឹងយើងធ្វើខ្លាចប៉ះពាល់ដល់ការផ្ទុះហ្គាស»។ លោកបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះក៏បានបង្កឱ្យមានការខូចខាតសម្ភារ ទ្រព្យសម្បត្តិ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះផងដែរ។
យោងអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតកាលពីវេលាម៉ោង ២២ និង ១៥ នាទី ថ្ងៃទី ៧ សីហា ឆ្នាំ ២០២២ នៅផ្លូវជាតិ ៧៦ នៅត្រង់ចំណុចផ្ទះតាលីស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
លោកបន្តថា ហេតុការណ៍នេះបង្កឱ្យមានមនុស្ស ៥ នាក់រងរបួសស្រាល ដោយមិនរាប់បញ្ចូលអ្នកបើកបររថយន្តដែលស្លាប់នោះឡើយ។ ជនរងគ្រោះដែលរងរបួសស្រាលទាំងនោះរួមមាន ១ ម្ចាស់តូបឈ្មោះ តឹក ម៉េងអឹង ភេទប្រុស អាយុ ៣៥ ឆ្នាំ ទី ២ ប្រពន្ធឈ្មោះ សម្បត្តិ ស្រីតូច ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរលក់ដូរ។ ៣ ម្ចាស់តូបឈ្មោះ ខាំ សុភាព ភេទស្រីអាយុ ៣៤ ឆ្នាំមុខរបរលក់ដូរ និង ៤ ឈ្មោះ ខាំ សុភ័ណ្ឌ ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរកសិករ ។ ចំណែកជនរងគ្រោះទី ៥ ឈ្មោះ ហ៊ុន មូលីកា ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរកសិករ។ ជនរងគ្រោះទាំង ៥ នាក់នោះបានសម្រាកព្យាបាលមុខរបួសនៅផ្ទះ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ បានបណ្តាលឱ្យមនុស្សស្លាប់ ចំនួន ៩ នាក់ (ស្រី ២ នាក់) របួសធ្ងន់ ១៣ នាក់ (ស្រី ៣ នាក់) របួសស្រាល ៨ នាក់ (ស្រី ៤ នាក់)។
បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់ដ៏ធំមួយនៅក្នុងសង្គមខែ្មរនាពេលបច្ចុប្បន្ន ខណៈក្នុង ១ ថ្ងៃៗ គិតជាមធ្យមមានមនុស្ស ៦ នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសរួមទាំងធ្វើឱ្យខូចខាត ទ្រព្យសម្បត្តិជាច្រើនផងដែរ៕