ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា បញ្ហា​មីយ៉ាន់ម៉ា សមុទ្រ​ចិន​ខាងត្បូង ឧបទ្វីប​កូរ៉េ និង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន អាច​បង្ក​អស្ថិរភាព​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ ប្រសិនបើ​បញ្ហា​ទាំងអស់​នេះ​​មិន​ត្រូវបាន​គ្រប់គ្រង​បាន​ល្អ​។

ក្នុង​សារលិខិត​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ៥៥ ​ឆ្នាំ​របស់​អាស៊ាន​នៅ​​ថ្ងៃទី ​៨ សីហា លោក ហ៊ុន សែន បាន​លើកឡើង​ថា​៖ «​សម្រាប់​អនាគត​អាស៊ាន​នឹង​បន្ត​ជួបប្រទះ​​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ធំៗ​ជាច្រើន ហើយ​បញ្ហា​ដែល​សំខាន់​​ជាងគេ​នោះ គឺ​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ​ និង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន​។ បញ្ហា​ទាំងអស់​នេះ​អាច​បង្ក​អស្ថិរភាព​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​របស់​យើង ប្រសិន​បើ​យើង​មិនបាន​គ្រប់គ្រង​បញ្ហា​ទាំងនេះ​ឱ្យបាន​ល្អ​»​។

លោក​ ហ៊ុន សែន បាន​បន្តថា អាស៊ាន​មិនអាច​ធានា​យ៉ាង​ដាច់​ណាត់​ថា ពុំមាន​ទំនាស់ និង​សង្គ្រាម​នោះទេ ប៉ុន្តែ​យ៉ាង​ហោចណាស់​អាស៊ាន​បាន​ដើរ​តួនាទី​​ជា​អ្នក​ផ្តល់​វេទិកា​បើកចំហ​មួយ​ សម្រាប់​កិច្ចសន្ទនា និង​ការពិគ្រោះ​យោបល់​ប្រកប​ដោយ​ភាពស្ថាបនា​។ ការណ៍​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការលើក​កម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​។

លោក​បាន​លើកឡើង​ថា សមិទ្ធផល​ «​ដ៏ធំ​សម្បើម​» ​រហូត​មក​ដល់​បច្ចុប្បន្ន​បាន​គូសបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​នយោបាយ​យ៉ាងខ្លាំងក្លា​របស់​ប្រមុខ​ដឹកនាំ​អាស៊ាន​ក្នុង​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព ក៏ដូចជា ការនាំមក​នូវ​វិបុលភាព​សេដ្ឋកិច្ច​ជូន​សហគមន៍​អាស៊ាន​មួយ​ដែល​ប្រកប​ទៅ​ដោយ​ស្មារតី​រួបរួមគ្នា និង​សាមគ្គីភាព​។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អាស៊ាន​ចាំបាច់​ត្រូវតែ​ឈរលើ​ជំហរ​នៃ​ការឯកភាព​គ្នា​ សម្រាប់​កិច្ចសហប្រតិបត្តិការ​ និង​ដើម្បី​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដោយ​លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​បន្ត​ផ្តោត​សំខាន់​លើ​សកម្មភាព​នានា ដែល​ចងភ្ជាប់​យើង​ទាំងអស់​គ្នា ដើម្បី​វិបុលភាព​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​តំបន់​យើង​»​។

លោក​បន្ថែមថា អាស៊ាន​នឹង​លើកកម្ពស់​ស្មារតី​អាស៊ាន​នៃ «​ការរួបរួម​គ្នា​» ដើម្បី​ប្រមូលផ្តុំ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ទាំង​ផ្ទៃក្នុង​របស់ខ្លួន​ទាំង​ជាមួយ​ប្រទេស​ជា​ដៃគូ​ខាងក្រៅ ដើម្បី​លើក​កម្ពស់​សាមគ្គីភាព និង​ភាពធន់​របស់​អាស៊ាន ដើម្បី​សម្រេច​គោលដៅ​នៃ​ការកសាង​ទស្សនវិស័យ​សហគមន៍​អាស៊ាន ឆ្នាំ ​២០២៥ ប្រកប​ដោយ​ភាពធន់​។

លោក​បាន​បង្ហាញ​ការជឿជាក់​ថា អាស៊ាន អាច​ធ្វើ​ដំណើរ​ទៅមុខ​ប្រកប​ដោយ​ភាពរឹងមាំ សាមគ្គីភាព និង​មិត្តភាព ដើម្បី​ជម្នះ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ប្រយោជន៍​រួម​របស់​ប្រជាជន និង​តំបន់​ដោយ​អនុលោម​ទៅ​តាម​ស្មារតី​អាស៊ាន​៖ «​ទស្សនវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ​»​។

លោក​ ហ៊ុន សែន លើកឡើង​ទៀតថា កម្ពុជា​គឺជា​អ្នកចូលរួម​ចំណែក​យ៉ាង​បុរេសកម្ម​ដល់​សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន​រួម​ជាមួយ​នឹង​ការប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន និង​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​រួមគ្នា​ក្នុង​ការរក្សា និង​លើក​កម្ពស់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​គាំទ្រ​ដល់​សម្ទុះ​នៃ​ការរួមចំណែក​យ៉ាង​បុរេសកម្ម​របស់​អាស៊ាន​ចំពោះ​សន្តិភាព​ក្នុង​តំបន់ និង​សកលលោក រួមទាំង​តាមរយៈ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​»​។

ឆ្នាំ​ ២០២២ ​នេះ កម្ពុជា​បាន​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ជា​លើក​ទី​ ៣ ​ក្រោម​មូលបទ​នៃ​ភាពជា​ប្រធាន​អាស៊ាន​នេះ​គឺ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា មូលបទ​នេះ​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការជំរុញ​នូវ​ស្មារតី​របស់​អាស៊ាន​ផ្អែកលើ​ «​ការរួប​រួមគ្នា​» ​ដើម្បី​ជ្រោង​ និង​លើកកម្ពស់​មជ្ឈភាព ឯកភាព និង​សាមគ្គីភាព​អាស៊ាន​ក្នុង​​សកម្មភាព​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុង​តំបន់​ព្រមទាំង​ ដើម្បី​ជំរុញ​ការចូលរួម​ចំណែក​របស់​អាស៊ាន​ចំពោះ​សន្តិភាព ស្ថិរភាព សន្តិសុខ​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅក្នុង​សកលលោក​ និង​តំបន់​។

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កាលពី​សប្តាហ៍​មុន​បាន​ឯកភាព​គ្នា​​នឹង​កែប្រែ​ជំហរ​របស់​ខ្លួន​ទៅលើ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ប្រសិន​បើ​មាន​ការប្រហារ​ជីវិត​សកម្មជន​គណបក្ស​ប្រឆាំង​បន្ថែមទៀត​។

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក៏បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជម្លោះ​រុស្ស៊ី​-​អ៊ុយក្រែន​មាន​ការអត់ធ្មត់​ខ្ពស់​រវាង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ និង​ជំរុញ​ឱ្យ​បញ្ចប់​ជម្លោះ​នេះ​ឱ្យបាន​ឆាប់រហ័ស​។

ក្រៅពីនេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក៏បាន​ស្នើឱ្យ​ភាគី​ជម្លោះ​សមុទ្រ​​ចិន​ខាងត្បូង ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ចូលរួម​ក្នុងន័យ​ស្ថាបនា​ដោយ​ឈរលើ​បទដ្ឋាន គោលការណ៍​ និង​ច្បាប់​ដែល​ត្រូវបាន​ទទួល​ស្គាល់​​ជា​អន្តរជាតិ រួមមាន អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ (UNCLOS) ​ឆ្នាំ​ ១៩៨២​។

លោក​ ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ថ្លែងថា ចំពោះ​បញ្ហា​ថ្ងៃ​អនាគត អាស៊ាន​ត្រូវការ​សាមគ្គីភាព​គ្នា​កាន់តែ​ខ្លាំង និង​ទាមទារ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការដោះស្រាយ​បញ្ហា​រួម​របស់​អាស៊ាន​។ ករណី​ដូចជា បញ្ហា​មីយ៉ាន់ម៉ា សមុទ្រ​ចិន​ខាងត្បូង សង្គ្រាម​អ៊ុយក្រែន រុស្សី និង​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ សុទ្ធតែ​ជះឥទ្ធិពល​ដល់​សន្តិសុខ​សមាជិក​អាស៊ាន​ និង​តំបន់​ទាំងមូល​។

លោក​បាន​បន្តថា ចំពោះ​បញ្ហា​ផ្ទៃក្នុង​ដូចជា វិបត្តិ​អតិផរណា បញ្ហា​ស្បៀង​អាហារ និង​ថាមពល ការមិន​ពេញចិត្ត​របស់​ប្រជាជន​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនោះ​បង្ក​ឱ្យ​មាន​ការធ្វើ​បាតុកម្ម ឬ​ទាមទារ​ផ្លាស់ប្តូរ​មេដឹកនាំ​ជាដើម ដែល​អាច​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។

លោក ថុង ម៉េងដាវិត បាន​ថ្លែង​ទៀត​​ថា​៖ «​ចំណែកឯ​បញ្ហា​តំបន់​វិញ​គឺ បញ្ហា​ការប្រកួត​ប្រជែង​សព្វាវុធ ការពង្រីក​វត្តមាន​ និង​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច បញ្ហា​ជំងឺ​កូវីដ​ ១៩ បញ្ហា​គ្រោះ​មហន្តរាយ​ធម្មជាតិ ការជួញដូរ​គ្រឿងញៀន និង​មនុស្ស​ជាដើម​។ កត្តា​បញ្ហា​ផ្ទៃក្នុង និង​ខាងក្រៅ​នឹង​រុញច្រាន​ឱ្យ​បណ្តា​សមាជិក​អាស៊ាន​ផ្តោត​សំខាន់​លើ​ផលប្រយោជន៍​នយោបាយ និង​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ជា​ជាង​ប្រយោជន៍​តំបន់​រួម​»៕