The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ប្រៃសណី​យ៍ និង​ទូរគមនា​គមន៍ កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​រដ្ឋាភិបាល​ឌីជី​ថល

ក្រសួង​ប្រៃសណី​យ៍ និង​ទូរគមនា​គមន៍ កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​រដ្ឋាភិបាល​ឌីជី​ថល

Content image - Phnom Penh Post
​លោក ជា វ៉ាន់​ដេត ​រដ្ឋមន្រ្ដី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគម​នាគមន៍​ក្នុង​សន្និសីទកាសែតកាលពីថ្ងៃទី៤សីនា។ រូបថត ក្រសួង​ប្រៃសណីយ៍

ក្រសួង​ប្រៃសណី​យ៍ និង​ទូរគមនា​គមន៍ កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​រដ្ឋាភិបាល​ឌីជី​ថល

ភ្នំពេញៈ ក្រសួង​ប្រៃស​ណីយ៍ និង​ទូរគមនា​គមន៍​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​រដ្ឋាភិបាល​ឌីជីថ​ល​ស្រប​តាម​គោល​នយោ​បាយ​រដ្ឋា​ភិបាល​ឌីជីថល​កម្ពុជា​ ២០២២-២០៣៥ ដើម្បី​ធ្វើ​ទំនើប​កម្ម និង​សមាហរណកម្ម​ប្រព័ន្ធ​គ្រប់​គ្រង​​រដ្ឋា​ភិបាល និង​រដ្ឋបាល​សាធារណៈលើក​កម្ពស់​អភិបាលកិច្ច​ល្អ បម្រើ​សេវាសាធា​រណៈ ដើម្បី​​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ប្រជា​ពលរដ្ឋ​។ នេះ​បើតាម​លោក ជា វ៉ាន់​ដេត ​រដ្ឋមន្រ្ដី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគម​នាគមន៍​។

លោក ជា វ៉ាន់​ដេត ថ្លែង​កាល​ពីថ្ងៃទី​ ៤ ខែសីហា​ នៅ​​ក្នុង​សន្និសីទ​សារព័ត៌​មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​ថា រាជ​រដ្ឋា​ភិបាលបាន​ដាក់​ចេញ​ឱ្យអនុវត្ដ​នូវ​​គោល​នយោ​បាយរដ្ឋា​ភិបាល​ឌីជីថល​កម្ពុជា​ ២០២២-២០៣៥ ដើម្បី​កសាង​រដ្ឋា​ភិបាល​ឆ្លាតវៃ​ដោយ​ឈរលើ​មូលដ្ឋាន​នៃការ​ប្រើ​ប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​បច្ចេកវិទ្យា​ឌីជីថល​ជាប្រព័ន្ធ​អេកូឡូ​ស៊ី សម្រាប់​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​អភិបាល​កិច្ច និង​ការ​កែទម្រង់​ប្រកប​ដោយ​តម្លាភាព និង​ភាព​ជឿ​ទុក​ចិត្ដ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម​ឌីជី​ថល​ប្រកប​ដោយ​បរិយា​បន្ន​។

លោក​ថ្លែង​ថា​៖ «ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​រដ្ឋាភិបាល​ឌីជីថល ក្រុម​ការងារ​បច្ចេក​ទេសកំពុង​សិក្សា​ស្រាវ​ជ្រាវ​ឯក​សារ​ពាក់​ព័ន្ធ​ពី​បណ្តា​ប្រទេស​នានា ដើម្បី​ប្រមូល​ធាតុ​ចូលលើ​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ។​ ការៀប​ចំច្បាប់​នីមួយ​ៗ​ត្រូវ​ប្រើ​ប្រាស់​ពេល​យ៉ាង​តិច ​១ ឆ្នាំ​កន្លះ ​ទើប​រៀប​ចំ​រួច​រាល់​»​។

លោកថ្លែង​ថា ​មហិច្ឆតា​របស់​ក្រសួង​ប្រៃសនីយ៍​ក៏ដូច​ជា​រដ្ឋា​ភិបាល​គឺធ្វើ​យ៉ាងណា​ឆ្នាំ​ ២០៣៥ ប្រទេស​កម្ពុជា​នឹង​ប្រែ​ក្លាយ​សេដ្ឋ​កិច្ច និង​សង្គម​ជាឌីជីថល ​ដោយ​​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​ចេះប្រើ​ប្រាស់​​បច្ចេក​វិទ្យា។​ ខណៈ បច្ចុប្បន្ន ​បច្ចេក​វិទ្យា​ខ្លះ​ប្រជា​ពល​រដ្ឋ​បាន​ប្រើ​ប្រាស់​រួចហើយ ដូចជា​បច្ចេក​វិទ្យា​ ​សម្រាប់​ការ​បង់ប្រាក់​ និង​ទិញ​សម្ភារ​ផ្សេងៗ​តាម​ប្រព័ន្ធ​​អនឡាញ​ជា​ដើម ដែល​ទាំង​នេះ​សុទ្ធតែ​ជា​បច្ចេក​វិទ្យា​ឌីជីថល​។

លោក​បាន​ថ្លែង​ថា​ ដើម្បី​ឱ្យក្លាយ​ទៅជា​សង្គម​ និង​សេដ្ឋ​កិច្ច​ឌីជីថល​បាន លុះត្រា​តែ​ប្រជាពលរដ្ឋ​ស្ថាប័ន​រដ្ឋ​ទាំង​អស់និង​វិស័យ​​ទាំង​អស់ ចេះប្រើ​ប្រាស់​បច្ចេក​វិទ្យា​នៅក្នុង​ការងារ​របស់​ខ្លួន​រៀង​ៗខ្លួន​។ ស្ថាប័ន​រដ្ឋ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុង​ការ​​ផ្ដល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាជន​ និង​វិស័យ​ឯក​ជន។

លោកថ្លែង​ថា​៖ «យើង​កំពុង​តែស្ថិត​នៅក្នុង​ដំណើរការ​នេះ​ហើយ។ ចំណែក​ក្រុម​ហ៊ុន​ឯកជន​ក៏ដូច្នេះ​ដែរ គឺត្រូវ​ប្រើ​ប្រាស់​​​បច្ចេក​វិទ្យា​ក្នុង​ការ​គ្រប់គ្រង​ក្រុម​ហ៊ុន​របស់​ខ្លួន និង​ផ្ដល់សេវា​ដល់​អតិថិជន ដូច្នេះ​សង្គម​ និង​សេដ្ឋកិច្ច​ប្រ​ទេស​យើង​​នឹង​ក្លាយជា​សង្គម​ និង​សេដ្ឋ​កិច្ច​ឌីជីថល​ ហើយគោលដៅរបស់​យើង​គឺនៅត្រឹម​ឆ្នាំ​ ២០៣៥»។

លោក វ៉ាន់ដេត បញ្ជាក់​ថា ដើម្បី​សម្រេច​បាន​គោលដៅ​ប្រែក្លាយ​ប្រទេស​កម្ពុជាឱ្យទៅជា​សង្គម​ និង​សេដ្ឋ​កិច្ច​ឌីជីថល ក្រសួង​ប្រៃសណីយ៍ ទទួល​បាន​ការ​ចាត់​តាំង​ពីរាជរដ្ឋា​ភិបាល​ឱ្យ​​រៀបចំ​គោល​នយោបាយ​រដ្ឋា​ភិបាល​ឌីជីថល កម្ពុជា​ឆ្នាំ ​២០២២-២០៣៥ ដែល​ក្នុង​គោល​នយោ​បាយ​នេះ មាន​យុទ្ធសាស្រ្ដ និង​សកម្មភាព​អាទិភាព សរុប​​ចំនួន ១០ យុទ្ធ​សាស្រ្ដ និង​សកម្មភាព​ចំនួន ៨៦ សកម្មភាព។ នៅក្នុង​សកម្ម​ភាព​ចំនួន ៨៦ មាន​គម្រោង​តូចៗ​ជាច្រើ​នពាន់​​គម្រោង​ថែម​ទៀត។

លោក​បាន​ឱ្យ​ដឹង​ថា ​រដ្ឋា​ភិបាល​ឌីជីថល គឺ​មាន​គណៈ​កម្មាធិការ​រដ្ឋា​ភិបាល​ឌីជីថល ដែលមាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គមន៍ធ្វើ​ជា​ប្រធាន និងរដ្ឋលេខា​ធិការ​នៅ​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំងអស់​ធ្វើ​ជា​អនុប្រធាន និង​សមាជិក​។ ក្នុងនោះ​រដ្ឋលេខា​ធិការតាម​បណ្ដាក្រសួង​​​ទាំង​អស់ជា​អ្នក​អនុវ​ត្តគោល​នយោបាយ​រដ្ឋាភិ​បាល​ឌីជី​ថល​នៅតាម​ក្រសួង​សាមី និងជាអ្នក​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល​នៅ​តាម​ក្រសួង​ស្ថាប័ន។ នៅ​ក្រោម​រដ្ឋលេខា​ធិការ​នីមួយៗ ក៏មាន​អង្គភាព​បរិវត្ត​កម្ម​ឌីជីថល​ដើម្បី​ធ្វើ​ឱ្យក្រសួង​នោះ​ក្លាយ​ទៅជា​ក្រសួង​ឌីជីថល និង​ធ្វើ​បរិវត្តកម្ម​ឌីជីថល​នៅក្នុង​ក្រសួង​នោះ​​ឱ្យ​បាន​ជោគ​ជ័យ​ផង​ដែរ​។​

លោក​ថ្លែង​ថា​៖«ឥឡូវ​នេះ​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល កំពុង​តែ​រៀបចំ​ហើយ​នឹង​ត្រូវ​ដាក់គោរព​ជូន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ពិនិត្យ និង​សម្រេច​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​»​។

លោក វ៉ាន់​ដេត បាន​ឱ្យដឹង​ថា បន្ទាប់​ពី​រៀបចំ​គណៈកម្មាធិការ​រដ្ឋា​ភិបាល​ឌីជីថ​ល ក្រសួង​នឹង​បណ្ដុះ​បណ្ដាល​រដ្ឋលេខាធិការ​ទាំងអស់ជាង ៣០ រូប ដើម្បីឱ្យបាន​យល់ដឹង និង​អាច​ធ្វើការងារ​លើ​បរិវត្ត​កម្ម​ឌីជី​ថលទាំង​មូលនៅតាម​ក្រសួង​ ស្ថាប័ន​របស់​ខ្លួន​ពីព្រោះ​រដ្ឋលេខាធិការ​ទាំង​អស់ ​ជា​មនុស្ស​បង្គោល​នៅ​តាម​ក្រសួង​នីមួយៗ​។

ក្រៅពី​នេះ​ ដើម្បី​អនុវត្ដ​សកម្ម​ភាព​គោល​នយោ​បាយ​រដ្ឋា​ភិបាល​ឌីជី​ថល ក្រសួង​ ស្ថាប័ន​នីមួយៗ​ ក៏មាន​បង្កើត​អង្គភាព​បរិវត្ដកម្ម​ឌីជីថល​ដោយ​ស្ថិត​នៅ​ក្រោម​រដ្ឋ​លេខា​ធិការ​ដែល​ជាអនុប្រធាន​ និង​សមាជិក​ដែល​មាន​ជំនាញ​បច្ចេក​​វិទ្យា​ឌីជីថល​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​ម៉េច​ររៀបចំ​ការ​ងារ​នៅ​ក្នុង​ក្រសួង​ ស្ថាប័ន និង​ប្រែក្លាយ​ឱ្យទៅជា​ក្រសួង ស្ថាប័ន​ ​ឌីជីថល​ ចាប់​ពីពេល​អនុវត្ដ​រហូត​ដល់​ឆ្នាំ​២០៣៥​ ឱ្យ​បាន​ជោគ​ជ័យ​។

លោក​ថ្លែង​ថា​ គណៈ​កម្មាធិការ​បរិវត្ដ​កម្មឌីជី​ថល​នេះ គឺដើរ​តួនាទី​សំខាន់​ណាស់ក្នុ​ងការ​ប្រែ​ក្លាយ​​គ្រប់ ក្រសួង​ស្ថាប័ន អង្គភាព​ទាំងអស់ឱ្យ​​ទៅកាន់​បរិវត្ដ​កម្ម​ឌីជីថល​នៅក្នុង​ស្ថាប័ន​រដ្ឋ​ទាំង​អស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖«កសាង​រដ្ឋាភិបាលឌីជីថល ដើម្បី​លើក​កម្ពស់​គុណ​ភាព​ជីវិត​និង​ទំនុក​ចិត្ត​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​បម្រើសេវា​សាធា​រណៈ​ឱ្យ​កាន់​តែល្អ​ប្រសើរ​»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា ឆ្នាំ​ ២០២២ ​បាន​បាន​ដាក់​ឱ្យ​ប្រើប្រាស់​គោល​នយោបាយ​ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០២២-២០៣៥ ដែល​មាន​គោល​បំណង​បង្កើត​បរិយា​កាស​អំណោយផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ប្រកប​ដោយ​បរិយា​ប័ន្ន។

លោក​ថ្លែង​តាម​រយៈ​គោល​នយោបាយ​នេះថា រដ្ឋាភិបាល​ឌីជីថល​ជាតួអង្គ​ជំរុញ​កំណើន​ថ្មី តាម​រយៈ​ការ​បង្កើនចំណូល​រដ្ឋ​និង​ការ​កាត់​បន្ថយ​ពេល​វេលា ការងារ​ស្ទួន ចំណាយ​សាធា​រណៈ និង​ផលប៉ះ​ពាល់​បរិស្ថាន​ ព្រម​ទាំងសម្រួល​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​រវាង​ក្រសួង​ស្ថាប័ន និង​រំហូរ​ការ​ងាររដ្ឋ​បាល។ ការ​ប្រើប្រាស់​បច្ចេក​វិទ្យាឌី​ជីថលត​ម្រូវឱ្យរៀបចំ​រំហូរ​ការងារ​ឡើង​វិញ និង​សម្រួល​ការ​គ្រប់​គ្រង ការ​បែង​ចែក ដំណើរ​ការ និងការ​តាម​ដាន​លើការ​ងារប្រក​បដោយ​តម្លា​ភាព គណ​នេយ្យ​ភាព និង​សម​ធម៌​។

លោក​ថ្លែង​ថា​៖ «ជោគ​ជ័យ​នៃ​បរិវត្ត​កម្ម​ឌីជីថ​ល​ជាមូល​ដ្ឋាន​ចម្បង​សម្រាប់​រាជរដ្ឋាភិបាល​ ដើម្បីឈាន​ទៅ​សម្រេចគោល​បំណង​ចុង​ក្រោយ គឺការ​បម្រើសេវា​សាធា​រណៈតាម​តម្រូវ​ការ​ប្រជាពលរដ្ឋ​នៅគ្រប់​ពេល​វេលានិង​គ្រប់ទី​កន្លែង។ ដំណើរ​ការ​នៃ​បរិវត្ត​កម្មឌីជី​ថល​ត្រូវ​បាននាំ​មុខ​ដោយ​ការ​កសាង​រដ្ឋាភិបាល​ឌីជីថល​ ដែល​ជាសសរ​ស្ដម្ភសម្រាប់​ជំរុញ​ធុរជន​និង​ប្រជា​ពលរដ្ឋ​ឱ្យ​ចាប់​យកបច្ចេក​វិទ្យា​ឌីជីថល​ប្រក​ប​ដោយ​ភាព​ជឿទុក​ចិត្ត»​។

លោក​នាយក​ដ្ឋ​មន្រ្ដី​បញ្ជាក់​ថា អនុ​លោម​តាម​ក្រប​ខណ្ឌគោល​នយោ​បាយខាង​លើ​នេះ រាជរដ្ឋា​ភិបាល​ដាក់​ចេញនូ​វគោល​នយោ​បាយ​រដ្ឋាភិបាល​ឌីជីថលក​ម្ពុជា ២០២២-២០៣៥ ដោយ​ផ្ដោត​លើ ចក្ខុវិ​ស័យ «ការ​កសាង​រដ្ឋា​ភិបាលឌីជី​ថល​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ជីវិត​ និង​ទំនុ​ក​ចិត្ត​ប្រជា​ពលរដ្ឋ តាម​រយៈការ បម្រើ​សេវាសាធារណៈ​ឱ្យកាន់តែ​ល្អប្រសើរ​» ដែល​មាន​យន្តការ​ថ្នាក់​ជាតិ​ដឹក​នាំ សម្របស​ម្រួល និងអនុវត្ត​ដោយមាន ការរៀប​ចំគណៈ​កម្មាធិការ​រដ្ឋាភិបាល​ឌីជី​ថល អង្គភាព​ទទួល​បន្ទុក​បរិវត្ត​កម្មឌីជី​ថល​នៅ​តាម​ក្រសួង​ស្ថាប័​ននិង​រដ្ឋបាល​៕

អត្ថបទគួរចាប់អារម្មណ៍