
ក្រុមមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តព្រះវិហារកាលពីថ្ងៃទី ១៥ ឧសភា។ រូបថត ក្រសួងបរិស្ថាន
កំពង់ធំៈ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ប្រកាសបើកយុទ្ធនាការ “អន្ទាក់សូន្យ” នៅក្នុងទឹកដីខេត្តកំពង់ធំ បន្ទាប់ពីយុទ្ធនាការនេះបានធ្វើឡើងនៅខេត្តចំនួន ៤ ផ្សេងទៀតរួចហើយ ក្នុងគោលបំណងកាត់បន្ថយការដាក់អន្ទាក់នៅតាមតំបន់ការពារធម្មជាតិ ដើម្បីផ្តល់ជម្រកសុវត្ថិភាពសម្រាប់សត្វព្រៃ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រា្ត មានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិនឹងប្រារព្ធឡើងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២ នៅទីរួមខេត្តកំពង់ធំ។
លោកថា៖ «ផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាននិងមានការចូលរួមពីអង្គការអន្តរជាតិនានា រួមគ្នាធ្វើយុទ្ធនាការអន្ទាក់សូន្យនេះ មានគោលបំណងដើម្បីកាត់បន្ថយអន្ទាក់ពីតំបន់ការពារធម្មជាតិ ផ្តល់ជម្រកសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវចម្រុះផ្សេងទៀត»។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុប កក្កដា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការរៀបចំយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីបន្តការផ្សព្វផ្សាយជាសាធារណៈឱ្យបញ្ឈប់បរិភោគសាច់សត្វព្រៃ ហើយរួមគ្នា កាត់បន្ថយការជួញដូរសត្វព្រៃ ខណៈសត្វព្រៃនៅតំបន់ការពារកំពុងរងការគំរាមកំហែង ទោះបីមន្រ្តីឧទ្យានុរក្ស ខិតខំការពារក៏ដោយ។
លោកថា៖ «អ៊ីចឹងយើងត្រូវធ្វើយុទ្ធនាការនេះ ក្នុងគោលបំណងផ្សព្វផ្សាយ ធ្វើម៉េចឱ្យសាធារណជនទូទៅបានយល់ដឹង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារ និងក្បែរតំបន់ការពារ ឱ្យគាត់យល់ដឹងថា ការបរិភោគសាច់សត្វវាប៉ះពាល់ដល់សុខុមាលភាពនៃការរស់នៅប្រចាំថ្ងៃ»។
លោក កក្កដា ចង់ឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការបរបាញ់សត្វ ការដាក់អន្ទាក់ ដោយមកប្រកបមុខរបរផ្សេង និងចូលរួមការពារអភិរក្សសត្វព្រៃនៅតាមតំបន់ការពារ ដើម្បីទាក់ទាញទេសចរ ។
លោកបន្តថា តាមរយៈការចុះផ្សព្វផ្សាយអប់រំនាពេលកន្លងមក ក្នុងឆ្នាំ ២០២០ ការដាក់អន្ទាក់មានការកើនឡើង ប៉ុន្តែនៅឆ្នាំ ២០២១ មានការថយចុះរហូតដល់បច្ចុប្បន្ន ដោយសារមន្រ្តីឧទ្យានុរក្សចុះល្បាតញឹកញាប់ និងបានដកហូតអន្ទាក់ក្នុងព្រៃ។
លោកថា៖ «វិធានការដាក់ទោសទណ្ឌក៏យើងបានធ្វើពីដំបូងមកហើយ ប៉ុន្តែទន្ទឹមនោះប្រឹងធ្វើម៉េចអប់រំផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹង ព្រោះការយល់ដឹងគាត់នៅមានកម្រិតទាប គួបផ្សំជាមួយកត្តាជីវភាពក្រីក្ររបស់គាត់ ធ្វើឱ្យគាត់នឹកឃើញ១មុខគឺចាប់សត្វលក់ ប៉ុន្តែយើងព្យាយាមអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក៏ជាចំណែកមួយជំរុញឱ្យមានការកាត់បន្ថយការដាក់អន្ទាក់»។
លោកបន្តថា ខេត្តកំពង់ធំមិនសូវមានសត្វកម្រៗរស់នៅដូចជា ខ្លា ប្រើស ដំរី ខ្ទីង និងឈ្លូស នោះទេ ប៉ុន្តែសម្បូរទៅដោយពពួកសត្វស្លាប។
ខេត្តកំពង់ធំ មានតំបន់ការពារទាំងអស់ចំនួន ៦ ទីតាំង ដោយនៅក្នុងនោះក៏មានតំបន់ការពាររ៉ាមសារផងដែរ ដែលជាតំបន់ដីសើម នៅបឹងទន្លេឆ្មា និងស្ទឹងសែន ដែលសម្បូរទៅដោយពពួកសត្វស្លាប។
លោក សេង ទៀក នាយកអង្គការ WWF យល់ឃើញថា វិធានការសម្រាប់ពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងការនាំខ្លួនអ្នកដាក់អន្ទាក់ អ្នកប្រមាញ់ និងអ្នកជួញដូរសត្វព្រៃទៅតុលាការមានភាពចាំបាច់ ដើម្បីបញ្ចប់ការសម្លាប់សត្វព្រៃកុំឱ្យមានតទៅទៀត។
លោកថា៖ «លើសពីនេះទៀតគេត្រូវដាក់ចេញនូវវិធានការដើម្បីបិទរាល់ទីផ្សារសត្វព្រៃទាំងអស់នៅក្នុងមូលដ្ឋាន និងត្រូវអនុវត្តការចុះត្រួតពិនិត្យតាមដានជាប្រចាំដោយមន្ត្រីអនុវត្តច្បាប់ចល័ត»។
លោកបញ្ជាក់ថា ចំណាត់ការនេះវានៅមិនទាន់យឺតពេលទេក្នុងការរួមគ្នាដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរមួយជាវិជ្ជមាន សម្រាប់ការអភិរក្ស និងស្តារចំនួនសត្វព្រៃ និងធនធានធម្មជាតិឡើងវិញ។
លោកថា៖ «ប៉ុន្តែយើងត្រូវតែចាប់ផ្តើមកិច្ចការនេះចាប់ពីពេលឥឡូវនេះតទៅនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ដើម្បីរៀបចំវិធានការអភិរក្សរួមគ្នាបន្ទាន់ក្នុងការអភិរក្សធនធានព្រៃឈើ សត្វព្រៃ និងស្តារធនធានធម្មជាតិឱ្យប្រសើរឡើង»។ លោក សេង ទៀក សម្តែងការព្រួយបារម្ភថា ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះកម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធានសត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកលក្នុងពេលអនាគត។
យុទ្ធនាការអន្ទាក់សូន្យក្នុងទឹកដីខេត្តកំពង់ធំនេះ គឺជាខេត្តទី៥ បន្ទាប់ពីក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការនេះ នៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តក្រចេះ។ ក្នុងឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូ បានដកអន្ទាក់ជាង ៦ ម៉ឺន ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀត៕