
វត្ថុបុរាណខ្មែរ ដែលនឹងធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកមកកម្ពុជា ក្នុងពេលខាងមុខនេះ។ រូបថត U.S. Embassy Phnom Penh, Cambodia
ភ្នំពេញៈ វត្ថុបុរាណជាសម្បត្តិវប្បធម៌របស់ខ្មែរដ៏មានតម្លៃដែលត្រូវបានលួចចេញពីកម្ពុជាក្នុងសតវត្សរ៍ទី១០ នៃគ.សចំនួន ៣០ រូបទៀត នឹងត្រូវបញ្ជូនចេញពីសហរដ្ឋអាមេរិកមកកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះដោយក្នុងនោះមានរូបដិមាខ្លះមានទម្ងន់រហូតដល់៣តោន។
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះថ្ងៃទី ៨ ខែសីហា បានឱ្យដឹងថា សម្បត្តិវប្បធម៌ខ្មែរចំនួន ៣០ រូប ដែលនឹងត្រូវបញ្ជូនពីអាមេរិកមកកម្ពុជាវិញទាំងនេះជាប់ពាក់ព័ន្ធនឹងករណីកាន់កាប់វត្ថុបុរាណដោយខុសច្បាប់។
វត្ថុបុរាណទាំងនេះត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហការជាមួយការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកស្តីពីការដាក់កម្រិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា។
សេចក្តីជូនដំណឹងបន្តថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធ សាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ "ព្រះស្កន្ទគង់លើក្ងោកនិង“ព្រះគណេស” ដែលត្រូវបានលួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេរអតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០ នៃគ.ស. ព្រោះប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងសម័យសង្គ្រាម។
សេចក្តីជូនដំណឹងឱ្យដឹងថា នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២២ លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជានិងលោក Damien Williams អគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងត្បូងក្រុងញូវយ៉កបានចូលរួមក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន ៣០ រូបនេះនៅទីក្រុងញូវយ៉ក។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានថ្លែងថា កម្ពុជាពិតជាមានសេចក្តីរំភើបក្នុងការទទួលស្វាគមន៍ការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះដែលជាព្រលឹងបុព្វបុរសខ្មែរជាច្រើនជំនាន់និងតំណាងឱ្យភាពរុងរឿងនៃចក្រភពខ្មែរ។
លោកស្រីថ្លែងថា៖ “ការបញ្ជូនមកវិញនេះគឺអាចសម្រេចទៅបានដោយសារកិច្ចសហប្រតិបត្តិការនិងការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ (កម្ពុជា និងសហរដ្ឋអាមេរិក) និងក៏ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់ឱកាសក្នុងការនាំមកវិញនូវព្រលឹងបុព្វបុរសខ្មែរដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំនាសម័យសង្គ្រាម និងអសន្តិសុខ»។
អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បលោក ហាប់ ទូច ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមថា ក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនដើម្បីដឹកវត្ថុបុរាណទាំង ៣០ រូប មកកម្ពុជាក្នុងពេលខាងមុខនេះ ហើយក្រសួងនឹងជូនព័ត៌មានបញ្ជាក់បន្ថែមនៅពេលវត្ថុទាំងនេះដឹងមកដល់កម្ពុជា។លោកបន្តថា ការដឹកជញ្ជូននេះតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់និងការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដូច្នេះត្រូវការចំណាយពេលច្រើនគួរសមរម្យ។
លោកថា៖ «ខ្ញុំគិតថាត្រូវការរយៈពេលមួយចំនួនដែរក្នុងការវេចខ្ចប់ឱ្យបានត្រឹមត្រូវព្រោះរូបបដិមាមានលក្ខណៈខុសៗគ្នាច្រើន ដោយសារលើកនេះ មានរូបខ្លះធំ រូបខ្លះជាង៣តោន អ៊ីចឹងដំណើរការបច្ចេកទេសវេចខ្ចប់វាត្រូវការពេលវេលាទៅតាមហ្នឹងដែរ ប្រសិនបើរូបតូចៗមិនជាលំបាកពេកទេ ប៉ុន្តែរូបធំយើងត្រូវការប្រយ័ត្នប្រយែងច្រើនដែរ ដើម្បីសុវត្ថិភាពពេលដឹក»។
ទោះជាយ៉ាងណា លោកថា ក្រសួងនឹងខិតខំធ្វើការងារនេះឱ្យបានឆាប់បំផុតយ៉ាងយូរអាចនឹងដឹកជញ្ជូនមកដល់កម្ពុជានៅចុងខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ភឿង សកុណា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការនិងការខិតខំប្រឹងប្រែងពីសំណាក់ស្ថាប័ននានារបស់សហរដ្ឋអាមេរិក ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងពិសេសដល់លោកមេធាវី Bradley Gordon និងលោកមេធាវី Steven Heimberg ដែលបានចំណាយពេលអស់ជាច្រើនឆ្នាំក្នុងការសហការជាមួយក្រុមការងារកម្ពុជា ដើម្បីស្រាវជ្រាវនិងស្វែងរកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរជាច្រើនដែលមិនអាចកាត់ថ្លៃបាន។
ជាមួយគ្នានេះលោកស្រី ក៏បានថ្លែងអំណរគុណដល់សារមន្ទីរនិងអ្នកកាន់កាប់សមុច្ច័យឯកជននានា ដែលបានស្ម័គ្រចិត្តប្រគល់មរតកវប្បធម៌ជាតិមកកម្ពុជាវិញ។
ជាមួយនឹងយុទ្ធនាការសកល លោកស្រី ភឿង សកុណា បានអំពាវនាវដល់សារមន្ទីរនានាក៏ដូចជាអ្នកកាន់កាប់សមុច្ច័យឯកជននៅទូទាំងពិភពលោកឱ្យចូលរួមសហការផ្តល់ឯកសារភ័ស្តុតាងនិងប្រគល់សម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិត្រឡប់មកប្រទេសកំណើតវិញ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក សំបូរ ម៉ាណារ៉ា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បើនិយាយពីវត្ថុបុរាណរបស់ខ្មែរ យើងត្រូវឱ្យតម្លៃលើបេតិកភណ្ឌជាតិដែលមានហើយស្រេច ប៉ុន្តែមានការបាត់បង់តាមរយៈសង្គ្រាមនិងបញ្ហាផ្សេងៗដែលកើតមាន។
លោកបានថ្លៃងថា ដូចនេះការរកឃើញ និងទទួលបានវត្ថុបុរាណមកវិញជាបន្តបន្ទាប់គឺបង្ហាញពីតម្លៃបេតិកភណ្ឌជាតិផង និងគុណធម៌សម្រាប់មនុស្សជាតិទាំងមូលផងដែរ។
លោកថា៖ «អ៊ីចឹងការបាត់បង់នេះមានការសោកស្តាយខ្លាំងណាស់ដែលយើងទាំងអស់គ្នាមានមួយចំនួនធំមិនដឹងថា យើងបាត់អ្វីខ្លះនោះទេ អ៊ីចឹងការដែលគេផ្តល់វត្ថុបុរាណមកឱ្យកម្ពុជាវិញ គឺជាគុណធម៌សម្រាប់មនុស្សជាតិ មិនមែនតែគុណធម៌សម្រាប់ខ្មែរទេ ដោយសារមនុស្សបានទទួលរបស់ពីដូនតាមកវិញដែលបង្ហាញថា គេបានប្រើប្រាស់នូវតម្លៃគុណធម៌បែបសីលធម៌សកល»។
លោកស្រី Lee Satterfield ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ដែលបានចូលរួមក្នុងពិធីប្រគល់វត្ថុបុរាណទាំង៣០រូបដល់ប្រទេសកម្ពុជានៅទីក្រុងញូវយ៉កបានសរសេរលើ
បណ្តាញសង្គម Twitter ថា៖« ៖«ខ្ញុំមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការប្រគល់វត្ថុបុរាណដែលត្រូវបានគេលួចនេះត្រឡប់ទៅផ្ទះគេវិញក្នុងព្រះរាជាណាចក្រកម្ពុជា»។
សូមជម្រាបផងដែរថា វត្ថុបុរាណខ្មែរចំនួន ២៧ រូប ត្រូវបានបញ្ជូនចេញពីសហរដ្ឋអាមេរិកមកដល់កម្ពុជាវិញកាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២ ស្របពេលដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈថា នឹងខិតខំបន្ថែមទៀតក្នុងការនាំវត្ថុបុរាណកម្ពុជាត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់៕