The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ​សង្គម​ស៊ីវិល រួម​គ្នា​ប្រារព្ធសប្តាហ៍​ពិភព​លោក​បំបៅកូន​ដោយទឹក​ដោះ​ម្តាយ​

អង្គការ​សង្គម​ស៊ីវិល រួម​គ្នា​ប្រារព្ធសប្តាហ៍​ពិភព​លោក​បំបៅកូន​ដោយទឹក​ដោះ​ម្តាយ​

Content image - Phnom Penh Post
ស្ត្រីម្នាក់​កំពុងបំបៅដោះកូន​នៅមជ្ឈមណ្ឌល​ជាតិគាំពារមាតានិង​ទារក​កាលពីខែមីនាឆ្នាំ២០២២។ រូបថត មជ្ឈមណ្ឌល​ជាតិ​គាំពារមាតានិង​ទារក

អង្គការ​សង្គម​ស៊ីវិល រួម​គ្នា​ប្រារព្ធសប្តាហ៍​ពិភព​លោក​បំបៅកូន​ដោយទឹក​ដោះ​ម្តាយ​

ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្តោត​លើអា​ហារូប​ត្ថម្ភ រួម​គ្នា​ប្រារព្ធសប្តាហ៍​ពិភព​លោក​បំបៅកូន​ដោយ ទឹក​ដោះ​ម្តាយ​ឆ្នាំ ​២០២២ ដើម្បី​ជំរុញ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ តាមរយ​:ការអប់រំ​ផ្សព្វ​ផ្សាយ និង​អំពាវ​នាវ​ឱ្យ​មានកា​រគាំ​ទ្រ​ឱ្យបាន​ផុស​ផុ​លថែម​ទៀត ទៅនឹង​អត្ថ​ប្រយោជន៍​នៃ​ទឹក​ដោះ​ម្តាយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​។

«ម្តាយ​គ្រប់​រូប​មាន​សិទ្ធិ​បំបៅកូ​ន​ដោយ​ទឹក​ដោះ​ម្តាយ​គ្រប់ពេល​វេលា​និង​គ្រប់​ទីកន្លែង​» ឬ «បុរស​គាំទ្រ និង​លើក​ទឹក​ចិត្ត ស្ត្រី​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ» ឃ្លាទាំង​នេះ គឺជា​ពាក្យស្លោក​មួយ​ចំនួន​ក្នុង​ចំណោម​ពាក្យ​ស្លោក​ចំនួន​​៧ ដែល​អង្គការ​ទាំងនោះ បាន​រួម​គ្នាផ្សព្វ​ផ្សាយ ក្នុង​យុទ្ធនាការ​នៃ​ការ​ប្រារ​ព្ធសប្តាហ៍​ពិភព​លោក បំបៅកូន​ដោយ​ទឹក​ដោះ ម្តាយ​ឆ្នាំ ២០២២។

សប្តាហ៍​ពិភព​លោក​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ត្រូវ​បាន​ធ្វើឡើង​ជារៀង​រាល់​ឆ្នាំដោយ​មាន​ប្រទេស​ជាង​ ១២០ នៅ​ជុំវិញ​ពិភព​លោក​បាន​ចូល​រួម ហើយ​វាតែង​តែត្រូវ​បាន​ធ្វើឡើង​នៅ​សប្តាហ៍​ទី ១ នៃ​ខែ​សីហា។​ នេះបើ​តាមការ​អះអា​ងរ​បស់​លោក ជុំ សែន​វាសនា ប្រធាន​គម្រោង ARCH និង​គម្រោង​ផ្តល់​អាហា​រូបត្ថ​ម្ភ​ដល់​ទារក និង​កុមារ​តូច​នៅ​កន្លែង​ធ្វើការ​នៃ​អង្គការ​ Helen Keller ។

លោកបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៨ សីហា​ថា ការ​ប្រារព្ធ​សប្តាហ៍​ពិភព​លោកបំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ឆ្នាំ ២០២២ គឺដើម្បី​លើកក​ម្ពស់​ការ​យល់ដឹង​ពីសារៈប្រយោជន៍​ក្នុង​ការបំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ។ ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ គឺជួយដល់​សុខ​ភាព​របស់​កុមារ និ​ងស្ត្រី ដែល​មិន​អាចប្រៀ​បធៀ​ប និ​ងកាត់​ថ្លៃបាន​ទេ ព្រោះ​ថា ទឹក​ដោះ​ម្តាយ​មាន​សារៈប្រយោជន៍​ច្រើន​។

ក្រៅពី​នេះ លោក​ថា ការ​ប្រារព្ធ​សប្តាហ៍​ពិភព​លោក​បំបៅកូន​ដោយ​ទឹក​ដោះ​ម្តាយ​ឆ្នាំ ២០២២ នេះ​ ក៏ដើម្បី​បំផុស​ឱ្យ​អាណា​ព្យា​បាលជាពិសេស​ម្តាយ មានការ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​ថា ម្សៅ​ទឹក​ដោះគោ​ដែល​បណ្តាក្រុម​ហ៊ុន​នានា កំពុង​ផ្សព្វ​ផ្សាយ គឺមិន​មាន​អត្ថ​ប្រយោជន៍​ដូច​ទឹក​ដោះម្តាយ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖ «បច្ចុប្បន្ន ក្រុម​ហ៊ុន​ខ្លះហ៊ាន​ផ្សព្វ​ផ្សា​យថា ម្សៅទឹក​ដោះ​គោ មាន​អត្ថប្រ​យោជន៍​ជាង​ទឹកដោះ​ម្តាយ ដែល​ការ​ផ្សព្វ​ផ្សាយ​នេះ គឺខុស​ទាំង​ស្រុង ហើយ​នាំ​ឱ្យអា​ណាព្យា​បាល​ជាច្រើន មាន​ការ​យល់ច្រឡំ ខណៈការ​យល់​ខុស​នេះ បាន​ធ្វើ​ឱ្យទារក​រង​គ្រោះជា​ច្រើន»​។

លោក​ ជុំ សែន​វាសនា រំពឹង​ថា យុទ្ធ​នាការ​មួយ​នេះ នឹ​ង​ត្រូវ​បានផ្សព្វ​ផ្សាយ​ទៅកាន់​សាធា​រណជន​ ឱ្យមាន​ការយល់​ដឹង​ពីអត្ថ​ប្រយោជន៍​នៃការ​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ និង​ងាក​មក​លើក​កម្ពស់​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះជំនួស​ឱ្យការ​ប្រើប្រាស់​ម្សៅ​ទឹក​ដោះ​គោ ដែល​មិន​អាច​ប្រៀប​ធៀប​នឹងទឹក​ដោះ​ម្តាយ​បាន​។

លោក​ស្រី Grana Pu Selvi ប្រធាន​បច្ចេក​ទេស​កម្ម​វិធី​អាហារូ​បត្ថ​ម្ភ នៃអង្គការ​ទស្សនៈ​ពិភព​លោក​កម្ពុជា​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុ​ស្តិ៍​ថា ការ​បំបៅកូន​ដោយ​ទឹកដោះ ពិត​ជាមាន​អត្ថ​ប្រយោជន៍​ខ្លាំង​ណាស់​ ព្រោះយោង​តាម​អង្គការ​សុខ​ភាព​ពិភព​លោក ទឹក​ដោះម្តាយ​គឺជា​អាហារ​ដ៏ល្អ​សម្រាប់ទា​រក ហើយ​វាថែម​ទាំង​មាន​សុវត្ថិ​ភាព ស្អាត និង​មាន​អង្គ​បដិ​ប្រាណ​ដែល​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​កុមារ​ទូទៅ​ជា​ច្រើន​។

លោក​ស្រី បាន​បន្ត​ថា ទឹកដោះ​ម្តាយ​ផ្តល់​ថាមពល និង​សារធាតុ​ចិញ្ចឹម​គ្រប់​បែប​យ៉ាង ដែល​ទារក​ត្រូវ​ការសម្រា​ប់ខែ ដំបូង​នៃជីវិត​របស់​ទារក ហើយ​វាបន្ត​ផ្តល់​រហូត​ដល់​ពាក់​កណ្តាល ឬ​ច្រើន​ជាង​ពាក់​បណ្តាល​ នៃតម្រូវ​ការអា​ហារូ​ប​ត្ថម្ភ​របស់​កុមារ​ក្នុង​អំឡុង​ពេល​ពាក់​កណ្តាល​នៃឆ្នាំទី ១ និង​បន្ត​ទៅដល់​ ១ ភាគ ៣ ក្នុ​ងអំឡុង​ពេល​ឆ្នាំទី២ នៃ​អាយុ​របស់​ទារក​។

លោក​ស្រី បាន​បញ្ជាក់​ថា៖«​កុមារ​ដែល​ទទួល​បាន​ការបំបៅ​ដោយ​ទឹក​ដោះ​ម្តាយ​ គឺមាន​ភាពវៃ​ឆ្លាត ហើយ​ទម្ង​ន់រប​ស់​ពួ​ក​គេមិន​សូវ​ធាត់ ឬ​ធាត់ និង​មិន​សូវ​ងាយ​កើត​ជំងឺទឹក​នោម​ផ្អែម​នៅថ្ងៃក្រោ​យ។ ស្ត្រីដែល​បំបៅ​ដោះកូន ក៏មាន​ការ​ថយ​ចុះ​ហានិភ័យ​នៃជំងឺ​មហា​រីក​សុដន់ និង​មហា​រីកស្បូ​នផង​ដែរ​។ ដោយ​គិតពី​អត្ថប្រ​យោជន៍​ទាំង​ម្តាយ និង​កូន វាជា​រឿង​សំខាន់​ណាស់​ក្នុង​ការគាំ​ទ្រ​ម្តាយ​ក្នុង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ»​។

អត្រា​នៃការ​បំបៅ​ដោះ​កូន​តែ១មុខ​គត់ ក្នុងចំណោម​កុមារ​អាយុ​ពីសូនដល់ ​៦ ខែ គឺ​ធ្លាក់​ចុះពី​ ៦៥% នៅ​ឆ្នាំ ២​០១៤ មក​ត្រឹម​តែ ៥​១ ភាគ​រយ នៅ​ឆ្នាំ ២​០២១។ នេះ​បើយោង​តាម​សូចនាក​រស្នូ​ល​នៃ​អត្រាអ​ង្កេត​ប្រជាសា​ស្ត្រ​ និង​សុខ​ភាព​កម្ពុជា ឆ្នាំ ២០២១-២២ របស់​ក្រសួង​សុខា​ភិបាល ចេញ​ផ្សាយ​កាល​ពីខែមិថុនា​។

ការ​អង្កេត​នេះ បាន​បញ្ជាក់​ថា៖ «ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ ១ ​មុខក្នុង​ចំណោម​កុមា​រអា​យុ ០-៥ ខែ​ បាន​កើន​ឡើង​ពី ១១ ​ភាគ​រយនៅឆ្នាំ​ ២០០០ កើន​ដល់​កម្រិត​ខ្ពស់​បំផុត​ ៧៤ ភាគ​រយនៅ​ឆ្នាំ ២​០១០ ហើយ​បាន​ធ្លាក់ចុះ​ជាប​ន្ត បន្ទា​ប់ ពី ៦​៥​ ភាគរយ នៅ​ឆ្នាំ​ ២០១៤ ដល់ ៥១​ ភាគរយ ក្នុងឆ្នាំ​ ២០២១-២២»។ កម្ពុជាបាន​ប្តេជ្ញាចិត្ត​បង្កើន​អត្រា​ការ​បំបៅ​កូ​នដោ​យទឹក​ដោះម្តា​យ​តែ ១ ​មុខគ​ត់​សម្រាប់ទា​រក និង​កុមារអាយុ​ពីសូន្យដ​ល់ ៦ ខែឱ្យបាន​ដល់​ ៨៥ ភាគ​រយនៅ​ឆ្នាំ​ ២០៣០។ នេះ​បើតាម​ការ​ប្តេជ្ញារ​បស់ក​ម្ពុជា នៅក្នុង​របាយ​ការណ៍​អ​ង្កេត​៕

អត្ថបទគួរចាប់អារម្មណ៍