ភ្នំពេញៈ គណៈ​កម្មាធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរ​ណ៍​ផ្លូវ​គោក​ដាក់​ឱ្យ​ដំណើ​ការ​កម្ម​វិធី​ដក​ពិន្ទុ​បណ្ណ​បើក​បរដោយ​អនុវត្ត​សាក​ល្បង​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​ ១ ​ខែ កញ្ញា​ ឆ្នាំ​ ២០២២ ​និង​អនុវត្ត​ពេញ​លេញ​នៅ​ថ្ងៃទី ​១ ខែ មករា ​ឆ្នាំ​ ២០២៣ ​និង​ការ​បង់​ប្រាក់​ពិន័យអន្តរ​ការណ៍​ ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្ដីពី​ចរាចរ​ណ៍​ផ្លូវគោក​ដោយ​ប្រើ​ប្រាស់​ឧប​ករណ៍​បច្ចេក​ទេស​។​

​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​គណៈក​ម្មាធិការ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​ថ្ងៃទី ៩ ​ខែសីហា​ថា យោង​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក ​មាត្រា​ ៤៣ និង​មាត្រា ៤៤ និង​អនុ​លោម​តាម​ប្រកាស​អន្តរ​ក្រសួង​លេខ ​២៣១៣​ ប្រក ចុះ​ថ្ងៃទី​ ២៧ ខែ ​មេសា ឆ្នាំ​ ២០២០ ​ស្តីពី​ការ​ពិន័យ​ជា​ប្រាក់​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពីចរាចរណ៍​ផ្លូវគោក ​និង​ប្រកាស​អន្តរ​ក្រសួង​លេខ​ ១៧៦ ប្រក​.​សក​ដ​ជក ចុះ​ថ្ងៃទី​ ១៤ ​ខែ កញ្ញា ឆ្នាំ​ ២០២១ ​ស្ដីពីនីតិ​វិធី​នៃ​កាំ​រដក និង​បំពេញ​ពិន្ទុ​ឡើង​វិញ​សម្រាប់​បណ្ណ​បើក​បរ​។​

​សេចក្តី​ជូន​ដំណឹង​នេះ​បន្ត​ថា ក្នុង​គោល​បំណង​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរា​ចរណ៍​ផ្លូវគោក​ សំដៅ​កាត់​បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ឱ្យ​បាន​ជា​អតិ​បរមា​ ក៏ដូចជា ​ការបង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ការបង់ប្រាក់​ពិន័យ​អំពើ​ល្មើ​សច្បាប់​ស្តីពី​ចរា​ចរណ៍​ផ្លូវគោក និង​ធានា​តម្លា​ភាព​ក្នុងការ​ពិន័យ​អន្តរ​ការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរា​ចរណ៍​ផ្លូវ​គោក គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវគោក​នឹង​ចាប់​ផ្តើម​ដំណើ​ការការដក​ពិន្ទុ​បណ្ណ​បើក​បរ និង​ការបង់​ប្រាក់​ពិន័យ​អន្តរ​ការណ៍​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្ដីពី​ចរាច​រណ៍ផ្លូវគោក​ ដែល​រៀបចំ​ដោយ​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​អនុវត្តសាក​ល្បង​នៅ​ទូទាំង​ប្រទេសចាប់​ពី​ថ្ងៃទី​ ១ ​ខែ កញ្ញា ឆ្នាំ​ ២០២២ ​តទៅ ហើយ​នឹង​ដំណើរ​ការ​អនុវត្ត​ពេញ​លេញនៅ​ថ្ងៃទី​ ១ ខែ ​មករា ឆ្នាំ​ ២០២៣​។​

​សេចក្តី​ជូន​ដំណឹង​ដដែលបន្ត​ទៀត​ថា ការដក​ពិន្ទុ​បណ្ណ​បើក​បរ និង​ការ​ពិន័យ​អន្តរ​ការណ៍​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្តីពី​ចរា​ចរណ៍​ផ្លូវ​គោក ត្រូវ​បាន​អនុវត្ត​ដោយ​ឧប​ករណ៍​បច្ចេក​ទេស ​ដើម្បី​កត់ត្រា​ព័ត៌មាន​រក្សា​ទុក​ក្នុង​ប្រព័ន្ធ​។ដូចនេះ!​សូម​អ្នក​បើក​បរ យាន​យន្ត​គ្រប់រូប​យក​តាម​ខ្លួន​នូវ​បណ្ណ​បើកបរ​យាន​យន្ត​ (​ច្បាប់​ដើម​) ដើម្បី​ផ្ដល់ជូន​សមត្ថ​កិច្ច​ត្រួត​ពិនិត្យ ​និង​អនុវត្ត​ការដក​ពិន្ទុក្នុង​ករណី​មាន​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ស្តីពី​ចរាច​រណ៍​ផ្លូវ​គោក​។​

​បើតាម​សេចក្តី​ជូន​ដំណឹង​នេះ ចំពោះការបង់​ប្រាក់​ពិន័យ​អន្តរ​ការណ៍​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្ដីពី​ចរា​ចរណ៍​ផ្លូវគោក​ អាច​បង់​ប្រាក់​នៅតាម​បញ្ជរទ្រូ​ម៉ាន់​នី​ ឬ​ភ្នាក់​ងារ​ទ្រូ​ម៉ាន់​នី ឬតាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​របស់​ក្រុម​ហ៊ុន​ទ្រូ​ម៉ាន់​នី (TrueMoney ​Mobile App) បន្ថែម​លើ​ការ​បង់​ប្រាក់​ដោយ​ផ្ទាល់​នៅ​ស្នាក់​ការ​នគរ​បាល​ចរាច​រណ៍​ផ្លូវ​គោក​។

​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៩ ខែសីហា​ថា កា​រដាក់​ឱ្យ​ដំណើការ​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ​នេះ ​ប្រសិន​បើ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​អនុវត្ត​បាន​ត្រឹម​ត្រូវ លោក​ជឿ​ជាក់​ថា វា​នឹង​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស ​ពីព្រោះ​ប្រទេស​នានា​នៅលើ​ពិភព​លោក​ក៏មាន​កម្មវិធី​កាត់​ពិន្ទុ​លើ​បណ្ណ​បើក​បរ​ដែរ​។​

​លោក​បន្ត​ថា ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏មាន​កម្មវិធី​នេះចាប់​តាំង​ពី​ឆ្នាំ​ ២០០៧ (​ច្បាប់​ស្តីពី​ចរា​ចរណ៍​ផ្លូវ​គោក​) ប៉ុន្តែដោយ​សារ​តែ​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹងប្រព័ន្ធ​បច្ចេក​វិទ្យា ​រហូត​ដល់​ឆ្នាំ ២០២២ ​នេះ​ទើប​ចាប់​ផ្តើម​អនុវត្ត ។ ទោះជា​យ៉ាង​ណា ​លោកស្នើ​សុំឱ្យ​ការ​អនុវត្ត​សាក​ល្បង​លើ​ការ​កាត់​ពិ​ន្ទុ​នេះ គួរ​ធ្វើ​នៅ​ផ្លូវជាតិ​ ជាពិសេស​ផ្លូវ​ណា​មួយ​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ធ្ងន់​ធ្ងរ​ ដើម្បី​ដក​ពិសោធន៍​ថា ការ​អនុវត្ត​នេះ​មាន​ប្រសិទ្ធ​ភាព​ឬទេ​? ​

​លោក​ថ្លែង​ថា​៖ «ប៉ុន្តែ​មុន​នឹង​អនុវត្តយើង​គួរតែ​មាន​ការផ្សព្វ​ផ្សាយ អ​ប់រំ ឱ្យបាន​ទំ​លំ​ទូលាយ​ជាមុន​សិន ទៅដល់​ប្រជា​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ផ្លូវ កុំឱ្យ​គាត់​អត់​បាន​ដឹង​រឿងធ្វើឱ្យ​មាន​ការ​ប្រទាំង​ប្រ​ទិស​ពាក្យ​សម្ដី​ឬ​ប្រតិកម្ម​ផ្សេងៗ យើង​ដក​ថយ​មក​វិញវា​​គ្មាន​ទទួល​ជោគ​ជ័យ​អ្វី​ទេ​»៕