
អាជីវកម្មបូមខ្សាច់នៅតាមមាត់ទន្លេម្ដុំស្ពានព្រះមុនីវង្ស ដែលអាជ្ញាធរទើបបិទដំណើរការ ។ ហេង ជីវ័ន
ភ្នំពេញៈ ពលរដ្ឋនៅតាមដងផ្លូវជាតិលេខ ២ ចាប់ពីសង្កាត់ចាក់អង្រែលើដល់សង្កាត់ចាក់អង្រែក្រោមនៃខណ្ឌមានជ័យ បានសម្ដែងការអបអរសាទរចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចុះបិទអាជីវកម្មដេប៉ូបូមខ្សាច់ដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។
លោក សេង សារ៉ន អាយុ ៦៥ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងសង្កាត់ចាក់អង្រែលើបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការដ្ឋានដេប៉ូបូមខ្សាច់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃសង្កាត់ទាំង ២ ខាងលើនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធលូ និងសុខភាពសាធារណៈ ជាពិសេសអ្នកដែលរស់នៅក្បែរទីតាំងការដ្ឋានដេប៉ូបូមខ្សាច់។
លោកថ្លែងថា៖ «ដោយសារតែការដ្ឋានបូមខ្សាច់ មិនបានរៀបចំប្រព័ន្ធរំហូរទឹកឱ្យបានត្រឹមត្រូវ នៅពេលពួកគេបូមខ្សាច់ពីសាឡង់មកចាក់គរនៅក្នុងដេប៉ូ ទឹកនិងខ្សាច់មួយចំនួនបានហូរហៀរមកលើផ្លូវ ស្របពេលដែលការដឹកជញ្ជូនខ្សាច់តាមរថយន្តធំៗលើសទម្ងន់ទៀតនោះ ធ្វើឱ្យផ្លូវថ្នល់ទន់ជ្រាយនិងប្រេះបាក់ខូចខាតយ៉ាងធ្ងន់ធ្ងរ។ មើលទៅផ្លូវមុខផ្ទះខ្ញុំឥឡូវនេះចុះ! គឺប្រេះបាក់ក្លាយជាជង្ហុកអស់ទៅហើយ»។
ស្រដៀងគ្នានេះ អ្នកស្រី ម៉ៅ ម៉ារិន អាយុ ៤៥ ឆ្នាំ ជាអ្នកប្រកបរបរលក់បាយ និងកាហ្វេនៅទល់មុខការដ្ឋានបូមខ្សាច់មួយក្នុងសង្កាត់ចាក់អង្រែក្រោមបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការដ្ឋានដេប៉ូបូមខ្សាច់ តែងតែបង្កការរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់និងប្រជាពលរដ្ឋមួយចំនួនទៀត ដែលមានផ្ទះនៅក្បែរទីតាំងការដ្ឋានដេប៉ូបូមខ្សាច់ទាំងនេះ ។
អ្នកស្រីបានបញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្តណាស់នៅពេលឃើញអាជ្ញាធរចុះមកបិទបែបនេះ ព្រោះជាច្រើនឆ្នាំកន្លងមកនេះ ពួកយើងបានរងការរំខានយ៉ាងខ្លាំងពីការដ្ឋានដេប៉ូបូមខ្សាច់ទាំងនេះ»។
បើតាមអ្នកស្រី ម៉ារីន មិនថាថ្ងៃឬយប់នោះទេ ស្នូរសំឡេងនៃគ្រឿងចក្រចូកកាយខ្សាច់ រថយន្តដឹកខ្សាច់ និងម៉ាស៊ីនបូមខ្សាច់ បានបង្កការរំខានយ៉ាងខ្លាំងដល់ការសម្រាករបស់ពួកគាត់។ នៅពេលមានខ្យល់បក់មកម្ដងៗដីខ្សាច់បានហុយចេញពីគំនរខ្សាច់ក្នុងដេប៉ូផងពីរថយន្តដឹកខ្សាច់ផងចូលពេញក្នុងផ្ទះ របស់គាត់ ហើយបែកភក់ប៉ប៉ិចប៉ប៉ាច់នៅពេលមានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យផ្លូវថ្នល់នៅខាងមុខផ្ទះរបស់គាត់បានប្រេះបាក់ក្លាយជាជង្ហុក និងកកស្ទះលូផងដែរ។
អាជ្ញាធររាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២២ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ ចុះបិទការដ្ឋានដេប៉ូខ្សាច់ចំនួន៤ទីតាំង ក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោមបន្ទាប់ពីម្ចាស់ទីតាំងអាជីវកម្មបូមខ្សាច់ទាំងនោះមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឱ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀតដូចជា ខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។
លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា៖ «យើងមិនទុកឱ្យដេប៉ូខ្សាច់ទាំងនេះនៅ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូរបស់យើងតទៅទៀតនោះទេ។ យើងចាំបាច់ត្រូវតែបិទអាជីវកម្មដេប៉ូបូមខ្សាច់ទាំងនេះទាំងស្រុងតែម្ដង»។
លោកបានបន្ថែមថា៖ «មិនមែនបិទអាជីវកម្មហើយ ម្ចាស់អាជីវកម្មទាំងនេះរួចខ្លួននោះទេ គឺត្រូវធ្វើការ កើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលផ្លូវជាតិលេខ ២ ផ្លូវ ៦០ ម៉ែត្រនិងផ្លូវ ៣០ ម៉ែត្រ ដែលរងការខូចខាតឡើងវិញព្រមទាំងជួសជុល និងស្ដារប្រព័ន្ធលូដែលបែកនិងកកស្ទះដោយខ្សាច់នៅតាមបណ្ដោយផ្លូវខាងលើនេះឡើងវិញផងដែរ»។
បើតាម សេរិទ្ធ កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានចុះណែនាំដល់ម្ចាស់អាជីវកម្មដេប៉ូបូមខ្សាច់ទាំងនេះនិងឱ្យធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារួចមកហើយ ប៉ុន្តែពួកគាត់នៅតែអនុវត្តមិនបានល្អ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានថ្លែងថា អាជីវកម្មដេប៉ូបូមខ្សាច់នៅតាមបណ្ដោយផ្លូវជាតិលេខ ២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន ៧ ទីតាំង ក្នុងនោះ នៅសង្កាត់ចាក់អង្រែលើ មាន ៤ ទីតាំង និងនៅក្នុងសង្កាត់ចាក់អង្រែក្រោមមាន៣ទីតាំង។
លោកថ្លែងថា៖ «នៅពេលនេះ យើងកំពុងតែជំរុញឱ្យម្ចាស់អាជីវកម្មទាំងនេះ កើបសម្អាតខ្សាច់នៅលើដងផ្លូវ និងរៀបចំស្ដារលូ និងជួសជុលផ្លូវឡើងវិញ»។
ចំណែក តំណាងភាគីម្ចាស់អាជីវកម្ម ដេប៉ូបូមខ្សាច់មួយក្នុងសង្កាត់ចាក់អង្រែលើបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថានៅពេលនេះម្ចាស់អាជីវកម្មដេប៉ូបូមខ្សាច់ទាំង៤ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញចុះបិទបញ្ចប់សកម្មភាពអាជីវកម្មកាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២២ នោះ កំពុងសហការគ្នាកើបសម្អាតខ្សាច់ចេញពីដងផ្លូវនិងរៀបចំស្ដារលូនិងជួសជុលផ្លូវកន្លែងដែលខូចខាតឡើងវិញដើម្បីជាប្រយោជន៍ក្នុងការទទួលបានការអនុញ្ញាតសុំបើកដំណើការអាជីវកម្មដេប៉ូបូមខ្សាច់ ឡើងវិញ៕