
ទឹកស្អាតប្រែព័ណ៌ជាល្អក់ នៅពេលខ្លះ។ រូបថត BTV
កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំងមួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះការប៉ះពាល់ដល់សុខភាព កើតឡើងដោយសារបញ្ហាទឹកស្អាត ដែលបានប្រែប្រួលញឹកញាប់ក្នុងមួយរយៈពេលចុងក្រោយនេះព្រោះពេលបើកទឹកប្រើប្រាស់ក្នុងគ្រួសារឃើញទឹកមានកករល្អក់ និងមានធំក្លិនក្ល័រខ្លាំង។ ជុំវិញបញ្ហានេះក្រុមហ៊ុនទឹកស្អាតអះអាងថា បញ្ហាទឹកល្អក់អាចបណ្តាលមកពីការដាច់ទុយោទឹកស្អាតនៅផ្នែកណាមួយដោយការអភិវឌ្ឍផ្លូវ។
លោក បាំង សំណាង ប្រជាពលរដ្ឋ ១ រូបនៅក្នុងក្រុងក្រចេះបានឱ្យដឹងនៅថ្ងៃទី ៩ ខែសីហាថា នៅពេលបើកទឹកប្រើប្រាស់ក្នុងមួយរយៈពេលចុងក្រោយនេះ ពិតជាឧស្សាហ៍ឃើញមានទឹកកកល្អក់ប្រាកដមែន ហើយទឹកល្អកបែបនេះមិនដឹងថា កើតឡើងដោយសារមូលហេតុអ្វីឡើយ។ លោកបន្តថា ពេលឃើញមានទឹកកកល្អក់មិនស្អាតបែបនេះពិតបារម្ភចំពោះបញ្ហាសុខភាពណាស់ មិនដឹងថាក្នុងទឹកមានមេរោគ ឬបង្កហានិភ័យនៃជំងឺរាតត្បាតណាមួយអាចកើតឡើងឬយ៉ាងណាទេ។
លោកថ្លែងថា៖ «ពេលឃើញទឹកល្អក់អ៊ីចឹង សូម្បីតែងូតក៏យើងញញើតដែរ កុំថាឡើយយកទៅហូប ឬដាំបាយបរិភោគ ហើយក្នុងទឹកយើងមិនដឹងថា មានមេរោគអ្វីខ្លះទេ ហើយក៏មិនដឹងថាវាប៉ះពាល់យ៉ាងណាដែរ អ៊ិចឹងបានខ្ញុំបារម្ភ ហើយសំណូមពរ ឱ្យអាជ្ញាធរពាក់ព័ន្ធក្នុងរឿងហ្នឹង ជួយពិនិត្យមើលធ្វើយ៉ាងណាកុំឱ្យមានបញ្ហាបែបហ្នឹងកើតឡើងតទៅទៀត»។
ចំណែកអ្នកស្រី ភី សោភ័ណ្ឌ ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងក្រុងកំពង់ឆ្នាំងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែសីហានេះថា ពេលបើកទឹកប្រើប្រាស់ជួនកាលមានធំក្លិនក្ល័រខ្លាំងរហូតធ្វើឱ្យអ្នកស្រីមិនហ៊ានយកទឹកនោះទៅប្រើប្រាស់ក្នុងការដាំស្លឡើយ ព្រោះព្រួយបារម្ភខ្លាចមានបញ្ហាដល់សុខភាពណាមួយកើតឡើង។ អ្នកស្រីបញ្ជាក់ថា ជារៀងរាល់ឆ្នាំបញ្ហាទឹកល្អក់បែបនេះធ្លាប់កើតឡើង ប៉ុន្តែកើតឡើងតែនៅពេលរដូវប្រាំងប៉ុណ្ណោះ មិនធ្លាប់កើតមានក្នុងរដូវវស្សាទេ ហេតុនេះសូមឱ្យមន្ត្រីពាក់ព័ន្ធជួយពិនិត្យមើលជុំវិញបញ្ហានេះផង។
អ្នកស្រីថ្លែងថា៖ «រាល់ឆ្នាំកើតឡើងពេលខែប្រាំងតែឥឡូវមិនដឹងយ៉ាងម៉េចមួយរយៈនេះកើតញឹកញាប់រឿងបញ្ហាទឹកល្អក់ហ្នឹង។ ពេលឃើញទឹកអ៊ីចឹងខ្ញុំមានការបារម្ភចំពោះសុខភាព ព្រោះយើងមិនដឹងថាវាមានផលប៉ះពាល់កម្រិតណាទេ មែនទែនទោពេលខ្លះល្អក់ដូចទឹកទន្លេ ពេលខ្លះធំក្ល័រ រហូតខ្ញុំមិនហ៊ានយកទឹកហ្នឹងទៅដាំស្លហូបទេ អ៊ីចឹងសូមឱ្យមានការត្រួតពិនិត្យពីអ្នកពាក់ព័ន្ធដើម្បីសុខភាពពលរដ្ធក្នុងមូលដ្ឋាន»។
លោក ជ័យ វិរៈរិទ្ធ ប្រជាពលរដ្ឋម្នាក់ទៀតនៅក្រុងកំពង់ឆ្នាំងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែសីហាថា បញ្ហាទឹកកករនេះកើតឡើងជិតកន្លះឆ្នាំហើយ ជួនកាលទឹកស្អាត ជួនកាលទឹកកករល្អក់ ប៉ុន្តែនៅថ្ងៃទី ៩ ខែសីហានេះ ឃើញថាទឹកមានសភាពថ្លាស្អាតឡើងវិញ។ យ៉ាងណាលោកបានសម្តែងការព្រួយបារម្ភខ្លាចក្រែងបញ្ហានេះអាចកើតមានឡើងវិញដូចលើកមុនៗទៀត ជាពិសេស គឺបារម្ភចំពោះបញ្ហាសុខភាពតែម្តង។
លោកថ្លែងថា៖ «ឥឡូវទឹកស្អាតវិញហើយ អត់មានបញ្ហាកកល្អក់អីទេ ប៉ុន្តែទោះជាអ៊ិចឹងក៏ដោយ ខ្ញុំនៅតែមានការបារម្ភ បើសិនជាប៉ុន្មានថ្ងៃខាងមុខទៀត ទឹកប្រែទៅជាល្អកកក»។
លោក ទិត្យ វង្សវិសាល ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនបកស្រាយជុំវិញបញ្ហានេះតាមរយៈទូរស័ព្ទទេ ដោយលោកតម្រូវឱ្យដាក់លិខិតចូលមកមន្ទីរទើបអាចបកស្រាយជូនបាន។
លោក ញយ កាន ប្រធានគ្រប់គ្រងទឹកស្អាតនៃក្រុមហ៊ុនអានកូប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែសីហាថា ចង្វាក់ផលិតកម្មទឹកស្អាតដែលក្រុមហ៊ុនអានកូបានធ្វើការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងមិនមានបញ្ហាអ្វីប្រែប្រួលកើតឡើងនោះទេ។ លោកបញ្ជាក់ថា ការប្រែប្រួលតិចតួច ដែលបណ្តាលឱ្យមានការកើតឡើងទឹកល្អក់កករដោយសារតែ ការធ្វើបណ្តាញផ្លូវនៅគ្រប់ទីកន្លែងក្នុងមូលដ្ឋាន បណ្តាលឱ្យមានការប៉ះពាល់បន្តិចបន្តួច។
លោកបន្តថា ជុំវិញបញ្ហានេះក្នុងនាមក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងកំពង់ឆ្នាំង ស្នើសុំឱ្យប្រជាពលរដ្ឋទូទៅមានការយោគយល់អធ្យាស្រ័យ ប្រសិនបើមានបញ្ហាកើតឡើងនៅតំបន់ណា ឬផ្ទះណាមួយនោះ សូមជូនដំណឹងមកក្រុមការងារបណ្តាញទឹកស្អាតនៃក្រុមហ៊ុនអានកូដើម្បីងាយស្រួលដល់ខាងក្រុមហ៊ុនធ្វើការដោះស្រាយជូនភ្លាមៗ។
លោកថ្លែងថា៖ «ទឹកស្អាតប្រើប្រាស់នៅក្រុងកំពង់ឆ្នាំងធម្មតា គ្រាន់តែថាមានបញ្ហាហ្នឹងយើងដោះស្រាយជូនគាត់ឱ្យតែពលរដ្ឋផ្តល់ព័ត៌មានឱ្យយើង។ បញ្ហាទឹកល្អក់ហ្នឹងដោយសារខាងរដ្ឋគាត់ធ្វើផ្លូវ ពង្រីកផ្លូវពង្រីកអ៊ីអ៊ីចឹងទៅ វាប៉ះទង្គិចគ្នាបណ្តាលឱ្យមានបញ្ហាតិចតួចទៅគាត់ អ៊ីចឹងទៅណាស់ តែយើងព្យាយាមដោះស្រាយជូនគាត់រហូតឱ្យតែគាត់បដិការមកយើង»៕