
អាជីវករផ្សារអូរឫស្សី ប្រមូលផ្តុំគ្នាតវ៉ានៅមុខផ្សារអូរឫស្សី កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី និងអាជីវករផ្សារ បន្តខ្វែងគំនិតគ្នាទៅលើតម្លៃជួលតូបសម្រាប់អាណត្តិថ្មី ដោយភាគីផ្សារសម្រេចមិនដំឡើងថ្លៃជួលតូប ១០ ភាគរយ ដោយរក្សាតម្លៃជួលដដែល ខណៈអាជីវករបន្តស្នើឱ្យបញ្ចុះតម្លៃ ៥០ ភាគរយ ដោយលើកឡើងថា បញ្ហាកូវីដ ១៩ ធ្វើឱ្យការលក់ដូរមានការធ្លាក់ចុះប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃ។
ថ្មីៗនេះ គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានគ្រោងដំឡើងថ្លៃជួលតូប ១០ ភាគរយ សម្រាប់អាណត្តិថ្មីរយៈពេល ២០ ឆ្នាំទៅមុខ ធ្វើឱ្យមានការផ្ទុះការតវ៉ាពីសំណាក់អាជីវករ និងបានស្នើឱ្យបញ្ចុះថ្លៃជួលតូប ៥០ ភាគរយ ដោយលើកឡើងថា កូវីដ ១៩ ធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរប្រចាំថ្ងៃរបស់ពួកគាត់។
បន្ទាប់ពីការខ្វែងគំនិតនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាលើសំណើរ អាជីវករផ្សារអូរឫស្សី កាលពីទី ៨ ខែ សីហា ឆ្នាំ ២០២២ ដោយមានចូលរួមពី លោក កើត ឆែ និងលោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយតំណាង អាជីវករផ្សារអូរឫស្សីចំនួន ០៥ រូប។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ តំណាងអាជីវករលើកឡើងនូវសំណូមពរចំនួន ៤ ចំណុច រួមមាន ស្នើឱ្យកំណត់អាណត្តិ ២០ ឆ្នាំបន្តទៀត ផ្តល់បណ្ណ កម្មសិទ្ធិតូបផ្ទាល់ខ្លួនដូចមុន ស្នើសុំបង់ត្រឹម ៥០ ភាគរយ នៃតម្លៃអាណត្តិចាស់ និងស្នើឱ្យមានការជួសជុលផ្សារនាឆ្នាំ ២០២៣ ខាងមុខ (ជួសជុលតាមប្លុក) បន្ទាប់ពីបង់អាណត្តិថ្មីរួច។
តាមរយៈសេចក្តីជូនដំណឹងនេះ តំណាងអាជីវករផ្សារអូរឫស្សី បានលើកឡើងថា ដោយសារស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ ១៩ ជាសកល បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការប្រកបរបរអាជីវកម្មផ្សេងៗ បណ្តាលឱ្យ ការលក់ដូរក្នុងផ្សារអូរឫស្សីមានការធ្លាក់ចុះ ទើប អាជីវករមានសំណូមពរដូចខាងលើ ពិសេស ការស្នើសុំបង់ត្រឹម ៥០ ភាគរយ នៃតម្លៃអាណត្តិចាស់។
ជាការឆ្លើយតប មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ដែលចូលរួមកិច្ចពិភាក្សានោះ បានជម្រាបជូនតំណាងអាជីវករទាំងអស់ថា ចំពោះតម្លៃនៃការបង់តូបរយៈពេល ២០ ឆ្នាំ គឺជាតម្លៃកាលពី ២០ ឆ្នាំមុន ដែលអាជីវករធ្លាប់បានបង់រួចហើយ។ ចំពោះតម្លៃនេះ ប្រសិនបើចែកជាប្រចាំឆ្នាំ ច្រចាំខែ និងថ្ងៃឃើញថា ចំពោះប្រភេទតូប/ស្តង់តម្លៃខ្ពស់បំផុតមានតម្លៃ ៣ ៣០០ ដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ។
បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់ គឺចំនួន ១៦៥ ដុល្លារ/ឆ្នាំ បើចែកជាខែ ត្រូវបង់ ១៣,៧៥ ដុល្លារក្នុង១ខែ បើចែកជាថ្ងៃ ត្រូវបង់ ០,៤៥ ដុល្លារ/ថ្ងៃ ឬស្មើ ១ ៨០០ រៀល/ថ្ងៃ។
ចំណែកតម្លៃទាបបំផុតគឺចំនួន ១ ៩៨០ ដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់គឺចំនួន ៩៩ ដុល្លារ/ឆ្នាំ បើចែកជាខែ ត្រូវបង់ ៨,២៥ ដុល្លា/ខែ បើចែកជាថ្ងៃ ត្រូវបង់ ០,២៧ ដុល្លារ/ថ្ងៃ ឬស្មើ ១ ០៨០ រៀល/ថ្ងៃ ដែលនេះបង្ហាញថា ជាតម្លៃទាបបំផុត ។
រដ្ឋបាលសាលារាជធានីភ្នំពេញបន្តថា អ្នកកាន់កាប់តូបផ្សារនេះ អាជីវករអាចបន្តការលក់ដូររហូតតកូនតចៅក្នុងអំឡុងពេលអាណត្តិនៃកិច្ចសន្យា ហើយអាជីវករអាចផ្ទេរសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបាន។
បន្ទាប់ពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់ នូវសារៈប្រយោជន៍នៃការបង់តម្លៃតូបនេះ ដើម្បីធានានូវ អាជីវកម្មរបស់អាជីវករឱ្យនៅជាប្រក្រតី រយៈពេល ២០ ឆ្នាំបន្តទៀត រដ្ឋបាលរាជធានីភ្នំពេញស្នើ តំណាង អាជីវករសូមយកលទ្ធផលនៃកិច្ចប្រជុំ ទៅជម្រាបជូនបងប្អូនអាជីវករអូរឫស្សីទាំងអស់ឱ្យបានដឹងគ្រប់គ្នា។
លោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្ស៊ីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែសីហា ក្រោយកិច្ចប្រជុំនេះ ដោយស្នើឱ្យតំណាងអាជីវករយកលទ្ធផលទាំងនេះបន្តផ្សព្វផ្សាយជូនអាជីវករផ្សេងទៀតដែលមិនបានចូលរួមកិច្ចប្រជុំ ដើម្បីឱ្យពួកគាត់បានយល់និងទទួលយកលទ្ធផលទាំងនេះ។
លោកថា៖ «យើងរក្សាតម្លៃជួលតូបចាស់ ហើយបន្ថែមសុពលភាព ២ ឆ្នាំឱ្យគាត់ទៀតដោយសារកូវីដ ១៩ អ៊ីចឹងយើងមិនដំឡើងថ្លៃជួលតូប ១០ ភាគរយទេ ចំណែកអាជីវករស្នើបញ្ចុះតម្លៃតូប ៥០ ភាគក៏មិនបានដែរ អ៊ីចឹងជារួមមកសម្រេចរក្សាតម្លៃជួលតូបដដែល ហើយគាត់អាចបង់ថ្លៃជួលតូបទៅតាមការកំណត់ជាដំណាក់កាលបាន»។
លោកបន្តថា តាមពិតអាណត្តិថ្មីនោះ នឹងត្រូវបញ្ចប់ត្រឹមឆ្នាំ ២០៤០ ប៉ុន្តែដោយសារកូវីដ ១៩ ត្រូវអូសបន្លាយ គណៈកម្មការផ្សារបន្ថែមសុពលភា២ឆ្នាំទៀត រហូតដល់ ឆ្នាំ ២០៤២។
លោកឱ្យដឹងថា បច្ចុប្បន្នតូបនៅផ្សារអូរឫស្សីចែកចេញជា ៤ តំបន់ A B C និង D ដែលមានតូបសរុបចំនួន ៥ ៧០៥ តូប ខណៈអាជីវករកំពុងប្រកបរអាជីវកម្មលក់ទំនិញគ្រប់មុខ មិនថាបោះដុំ និងលក់រាយ។
អាជីវករផ្សារអូរឫស្សីអ្នកស្រី អ៊ី មុំ ដែលប្រកបរបរលក់សៀវភៅក្នុងផ្សារអស់រយៈជាង ៣០ឆ្នាំមកហើយ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់ក្រុមអាជីវករនៅតែចង់ឱ្យភាគីផ្សារបញ្ចុះតម្លៃ ៥០ ភាគរយនៃតម្លៃជួលតូបចាស់។
អ្នកស្រីថា៖« បើនិយាយទៅតម្លៃចាស់មិនមែនជាបញ្ហាទេ ប៉ុន្តែដោយសារកូវីដ ១៩ រកលុយអត់បាន អាជីវករផ្សារអង្គុយតែលេង អត់សូវមានភ្ញៀវ ព្រោះឥឡូវនេះអត់លុយបង់ លក់នៅផ្សារអត់បានលុយទេ ស្ងាត់ឈឹងដោយសារកូវីដ មានមនុស្សដើរផ្សារឯណា រកឱ្យតែបានលុយទិញម្ហូបទេ»។
លោកបន្ថែមថា បើរកលុយបានដូចមុនពេលកូវីដ ១៩ មិនហ៊ានតវ៉ាទេ ប៉ុន្តែរកមិនបាន ទើបខំស្នើឱ្យបញ្ចុះតម្លៃ បើមានលុយបង់លែងតវ៉ាហើយ យកលុយទៅបង់ភ្លាម។
អ្នកស្រីបញ្ជាក់ថា៖ «បន្ទាប់ពីទទួលបានលទ្ធផល យើងអត់ទាន់សម្រេចយ៉ាងម៉េចទេ ឥឡូវនេះ បើគិតថា សាលាក្រុងគាត់ដោះស្រាយមិនបាន មានតែរកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍ ព្រោះសម្តេចជាអ្នកមានសិទ្ធិសម្រេចក្នុងរឿងនេះ»។
អ្នកស្រី មុំ មានតូប A បង់តម្លៃ ៣ ៣០០ ដុល្លារ និងតូប ១ ទៀត B បង់តម្លៃ ២ ៨៦០ ដុល្លារ សម្រាប់រយៈពេល ២០ ឆ្នាំ។
រដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា ចំពោះអាណត្តិថ្មី នៃកិច្ចសន្យា គិតចាប់ពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០៤២។ ចំពោះការបង់ប្រាក់សម្រាប់អាណត្តិថ្មី នៃកិច្ចសន្យា អាជីវករអាចធ្វើការបង់ ទៅតាមលទ្ធភាពជាក់ស្តែងដែលមាន៣ជម្រើស ដោយជម្រើសទី១ បង់ប្រាក់ ១ លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ ជម្រើសទី២ បង់ប្រាក់ ២ លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ ដោយបង់ ១០ ឆ្នាំម្តង និងជម្រើសទី៣ បង់ប្រាក់ ៤ លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ ដោយបង់ ០៥ ឆ្នាំម្តង៕