ភ្នំពេញៈ ​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​ (​លធ.ខប​) ​ទូទាំង​ ២៥ បាននិង​កំពុង​ផ្សព្វផ្សាយ​ស្តីពី​ការស្រង់​ស្ថិតិ​ពលរដ្ឋ​នៅតាម​ឃុំ​សង្កាត់​នីមួយៗ​ ដែល​ត្រូវ​ចាប់ផ្តើម​ស្រង់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​ ១៣ ដល់​ថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ​ ២០២២ សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២២​។

លោក សោម សូរីដា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៩ ខែ​សីហា​ថា ការស្រង់​ស្ថិត​ពលរដ្ឋ​ដែល​នឹងត្រូវ​ធ្វើ​ នៅពេល​ខាងមុខ​នេះ គឺ​ក្នុង​បំណង​សំខាន់​ដើម្បី​ចុះឈ្មោះ​ពលរដ្ឋ​សម្រាប់​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២០ ខែតុលា ដល់​ថ្ងៃទី​ ៨ ​ធ្នូ ឆ្នាំនេះ​។

លោក​បន្តថា មួយវិញ​ទៀត​គឺ​ដើម្បី​លុបឈ្មោះ​ពលរដ្ឋ​ដែល​ទទួល​មរណភាព ពលរដ្ឋ​ផ្លាស់​លំនៅ​ដែលមាន​ឯកសារ​ត្រឹមត្រូវ និង​ពលរដ្ឋ​ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​។ ម្យ៉ាងទៀត ការស្រង់​ស្ថិតិ​នេះ គឺ​ដើម្បី​ដឹង​ពី​ចំនួន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត និង​ចំនួន​ពលរដ្ឋ​ដែល​ត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០២២ នេះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង ស្ថិតិ​ដែល​ស្រង់​នេះ គឺជា​មូលដ្ឋាន សម្រាប់​ (​គជប​) ​លើក​ជា​ចំនួន​ជាក់ស្តែង​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ចុះឈ្មោះ បោះឆ្នោត​ថ្មី និង​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​»​។

បើតាម លោក សោម សូរីដា ពលរដ្ឋ​ប៉ាន់ស្មាន​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​ ២០២២ នេះ​គ្រោង​ប្រមាណ​ ៥០ ​ម៉ឺន​នាក់​។

ប៉ុន្តែ​សម្រាប់​ការលុបឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ត្រូវ​រង់ចាំ​មើល​លទ្ធផល​នៃ​ការស្រង់​ស្ថិតិ​របស់​ពលរដ្ឋ​ជាមុនសិន​។

លោក គី ចាន់សុផល ប្រធាន​​លេខាធិការដ្ឋាន​ខេត្ត​ពោធិ៍សាត់​រៀបចំ​ការបោះឆ្នោត​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែ​សីហា​ថា លោក​បាន​ផ្សព្វផ្សាយ​ស្តីពី​ការស្រង់​ស្ថិតិ​ពលរដ្ឋ​នៅតាម​ឃុំ​សង្កាត់ ចាប់តាំង​ពី​ថ្ងៃទី​ ១ ខែសីហា រហូត​ដល់​ថ្ងៃទី​ ៤​ សីហា និង​កាលពី​ថ្មីៗ​នេះ​បាន​ផ្សព្វផ្សាយ​ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ដោយ​មាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​រួច​អស់ហើយ​។

លោក​បន្តថា បច្ចុប្បន្ន​នេះ បណ្តា​ឃុំ​សង្កាត់​ក្នុង​ខេត្ត​ពោធិ៍សាត់​ទាំងអស់​បាន​បន្ត​ផ្សព្វផ្សាយ​ទៅកាន់​មេភូមិ​នានា​ឱ្យជួយ​ស្រង់​​ស្ថិតិ​ប៉ាន់ស្មាន​ឱ្យបាន​លឿន ដើម្បី​​ឱ្យ​លេខាធិការដ្ឋាន​ខេត្ត​រៀបចំ​ដាក់​បញ្ជូន​ទៅ​ (​គជប​)​។

លោក​ថ្លែងថា​៖ «​គជប ឱ្យ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​រយៈពេល​ ១០ ​ថ្ងៃ ប៉ុន្តែ​យើង​បាន​ធ្វើការ​ផ្សព្វ​ផ្សាយបាន​មុន ចង់​ឱ្យ​ឃុំ​មាន​ពេល​ផ្សព្វផ្សាយ​បន្តទៅ​ភូមិ ហើយ​ភូមិ​មាន​ពេល​ក្នុង​ការស្រង់​ស្ថិតិ​ពលរដ្ឋ​បាន​គ្រប់គ្រាន់​។

យ៉ាងណា យើង​មិន​ឱ្យ​ហួសកំណត់​របស់​ (​គជប​) ​នោះទេ »​។

បើតាម លោក គី ចាន់សុផល ការ​ស្រង់​ស្ថិតិ​នេះ​ផ្តោត​សំខាន់​លើ​ពលរដ្ឋ​រួម​ក្នុងភូមិ និង​ឃុំ​សង្កាត់​​នីមួយៗ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ដែល​មាន​អាយុ​ ១៨​ ឆ្នាំ​ឡើង ដែល​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ស្រង់​ស្ថិតិ​ពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​ ១៨ ​ឆ្នាំ​ (​គិត​មុន​ថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ​ ២០០៥) ​និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ ​ចុងក្រោយ​ពលរដ្ឋ​ដែល​ទទួល​មរណភាព​។

លោក នឹម វ៉ាន់សំ ប្រធាន​លេខាធិការដ្ឋាន​ខេត្ត​សៀមរាប​រៀបចំ​ការបោះឆ្នោត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែសីហា​ថា លោក​ក៏បាន​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​ការ​ស្រង់​ស្ថិតិ​ជូន​ដល់​អាជ្ញាធរ​ឃុំ​សង្កាត់​រួចហើយ​ ដើម្បី​ត្រៀម​ដំណើរការ​ស្រង់​ជា​ផ្លូវការ​នៅ​ទូទាំង​ខេត្ត​បញ្ជូន​ទៅ គជប ធ្វើការ​បូកសរុប​។

លោក​ថ្លែងថា​៖ «​យើង​មិន​​អាច​ប៉ាន់ស្មាន​បានទេ ពេលនេះ រង់ចាំ​របាយការណ៍​ពី​ភូមិ​ឃុំ​សិន​ថា​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី​»៕