ភ្នំពេញៈ ចាប់ពី​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០២២ ​នេះ ក្រសួង​រ៉ែ និង​ថាមពល​បាន​អភិវឌ្ឍ​ប្រភព​អគ្គិសនី និង​ពង្រីក​ការផ្គត់ផ្គង់​អគ្គិសនី​ដោយ​ធ្វើឱ្យ​ចំនួន​អនុស្ថានីយ​កើនឡើង​ពី ៣៣ ​កន្លែង​នៅ​ឆ្នាំ​ ២០១៨ ដល់ ៦៣ ​កន្លែង​នៅ​ចុងឆ្នាំ​ ២០២២ ដែល​បាន​ធ្វើឱ្យ​ការផ្គត់ផ្គង់​អគ្គិសនី​របស់​បណ្ដាញ​ជាតិ​បាន​កើនឡើង​ពី ៨៦,៨៥% នៃ​ចំនួន​ភូមិ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ ​២០១៨ ដល់ ៩៨,២៧% ​នៃ​ចំនួន​ភូមិ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​ ២០២២​។ នេះ​បើតាម​លោក​ ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល​។

លោក​ ទី នរិន្ទ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​សមិទ្ធផល​សម្រេចបាន​រយៈពេល ៥ ឆ្នាំ​កន្លង​មក​របស់​ក្រសួង​រ៉ែ និង​ថាមពល​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ៩ សីហា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ថា សម្រាប់​អាណត្តិ​ទី​ ៦​ នេះ​ការងារ​ដែល​វិស័យ​ថាមពល​ត្រូវ​ធ្វើតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​យើង​បានគ្រោង​មាន​ ៥ គឺ​ទី​ ១ ការងារ​អភិវឌ្ឍន៍​ប្រភព​អគ្គិសនី និង​ការពង្រីក​ការផ្គត់ផ្គង់​អគ្គិសនី​។ ទី​ ២ ការងារ​ពិនិត្យ​កំណើន​តម្រូវការ​ និង​ការរៀបចំ​ផែនការមេ អភិវឌ្ឍ​វិស័យ​អគ្គិសនី​ឡើងវិញ​។ ទី​ ៣ ការងារ​បញ្ចុះ​ថ្លៃ និង​ការអនុគ្រោះ​ថ្លៃ​អគ្គិសនី​។ ទី​ ៤ ការងារ​សង្គមកិច្ច​ក្នុង​វិស័យ​ថាមពល និង​ទី​ ៥ ការងារ​គ្រប់គ្រង​ថាមពល​បរមាណូ​ស៊ីវិល និង​វិទ្យុសកម្ម​។

លោក​ថ្លែងថា ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មកនេះ គិតពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ​២០២២ នេះ វិស័យ​ថាមពល​បាន​ធ្វើឱ្យ​មានការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​ចំនួន​ ១ ៥៩៧ មេហ្គាវ៉ាត់ បន្ថែមទៀត​ពីលើ​អ្វី​ដែលមាន​នៅក្នុង​ឆ្នាំ ​២០១៨ ធ្វើឱ្យ​អានុភាព​ប្រភព​អគ្គិសនី​របស់​កម្ពុជា​ ដែល​មាន​បច្ចុប្បន្ននេះ​កើនឡើង​ពី​ ២ ៦៥៣ មេហ្គាវ៉ាត់​នៅ​ឆ្នាំ ​២០១៨ រហូតដល់ ៤ ២២៧ មេហ្គាវ៉ាត់​នៅ​ឆមាស​ទី ​២ ឆ្នាំ​ ២០២២​ នេះ​ដែល​ស្មើនឹង​កំណើន​ ៦០% ធៀប​នឹង​ទំហំ​ដែល​មាននៅ​ឆ្នាំ ​២០១៨​។

លោក​ថ្លែងថា​៖ «​លើ​មូលដ្ឋាន​នៃ​ទំហំ​ប្រភព​អគ្គិសនី​ដែល​បាន​អភិវឌ្ឍ​ខាងលើ​នេះ បរិមាណ​ថាមពល​អគ្គិសនី​ដែល​ប្រព័ន្ធ​បណ្តាញ​ជាតិ​ទូទាំង​ប្រទេស​បានទទួល​បាន​កើនឡើង​ពី ៩ ៧៣៨,៧៨ ​លាន​គីឡូវ៉ាត់ម៉ោង ក្នុង​ឆ្នាំ​ ២០១៨​ដល់​ ១៤ ១៣៣,៤២ លាន​គីឡូវ៉ាត់ម៉ោង​នៅ​ចុងឆ្នាំ​ ២០២២ ដែល​ស្មើនឹង​កំណើន ៤៥% ធៀប​ទៅនឹង​បរិមាណ​​ថាមពល​ដែល​បានទទួល​នៅ​ឆ្នាំ​ ២០១៨»​។ លោក ទី នរិន្ទ បាន​ឱ្យដឹងថា​ក្នុង​ទំហំ​ប្រភព​អគ្គិសនី​សរុប​ដែល​មាននៅ​ឆ្នាំ​ ២០២២ ​នេះ​មាន​ ៣ ១១៦,០២ ​មេហ្គាវ៉ាត់ ស្មើនឹង ៧៣,៣៧% ជា​ប្រភព​អគ្គិសនី​ដែល​បាន​អភិវឌ្ឍ​ក្នុងស្រុក និង​មាន ១ ១៣០,៧៥ ​មេហ្គាវ៉ាត់ ស្មើនឹង ២៦,៦៣% ​ជា​ប្រភព​អគ្គិសនី​ដែល​បាន​នាំចូល​ពី​ប្រទេស​ជិតខាង​មាន​ថៃ វៀតណាម និង​ឡាវ​។

លោក​បញ្ជាក់ថា​៖ «​កំណើន​នៃ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ខាងលើ​នេះ​បាន​ធ្វើ​ឱ្យមាន​ស្ថិរភាព​គុណភាព និង​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​នៃ​ប្រព័ន្ធ​បណ្តាញ​ជាតិ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។ ការអភិវឌ្ឍ​ប្រភព​អគ្គិសនី​បន្ថែម​នៅក្នុង​រយៈកាល​ចុងក្រោយ​នេះ​បាន​ធ្វើឱ្យ​កម្ពុជា​មាន​ប្រភព​អគ្គិសនី​បម្រុង​ទុក​មួយចំនួន និង​លែងមាន​ការខ្វះខាត​ដូច​ដែល​យើង​បាន​ជួបប្រទះ​កាលពី​ឆ្នាំ​ ២០១៩ ទៀតហើយ​»​។ ចំពោះ​ការអភិវឌ្ឍ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​តង់ស្យុង​ខ្ពស់​បានធ្វើឱ្យ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់​កើនឡើង​ពី ២ ១៤១ ​គីឡូម៉ែត្រ​នៅ​ឆ្នាំ​ ២០១៨ រហូតដល់ ៣ ៤៨៥,៥១ ​គីឡូម៉ែត្រ នៅ​ចុងឆ្នាំ​ ២០២២ និង​ធ្វើឱ្យ​ចំនួន​អនុស្ថានីយ​កើនឡើង​ពី ៣៣ ​កន្លែង​នៅ​ឆ្នាំ​ ២០១៨ រហូតដល់ ៦៣ ​កន្លែង​នៅ​ចុងឆ្នាំ ​២០២២ ដែល​ធ្វើឱ្យ​ការផ្គត់ផ្គង់​អគ្គិសនី​របស់​បណ្ដាញ​ជាតិ​ដែល​នៅ​ឆ្នាំ​ ២០១៨ ​គ្របដណ្តប់​ត្រឹមតែ​ចំនួន ២០ ​រាជធានី ខេត្ត​រហូត​ដល់ ២៥ រាជធានី ខេត្ត នៅ​ឆ្នាំ​ ២០២២ ​នេះ​។ «​ការអភិវឌ្ឍ​ខ្សែបណ្ដាញ​ និង​អនុស្ថានីយ​បាន​ធ្វើឱ្យ​មាន​ការប្រទាក់ក្រឡា​នូវ​ខ្សែបណ្ដាញ​នៃ​ប្រព័ន្ធ​ខ្សែបណ្ដាញ​ជាតិ​របស់​យើង មាន​កាន់តែ​ច្រើន​ និង​កាន់តែ​ប្រសើរ​ឡើង​អាច​ធ្វើឱ្យ​ខ្សែបណ្ដាញ​អាចជួយ​គ្នា​ទៅវិញ​ទៅមក​នៅពេល​កំណាត់​ខ្សែ​ណាមួយ​ខូចខាត​។ អ៊ីចឹង​បាន​បង្កើន​កម្រិត​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​របស់​ប្រព័ន្ធ​បណ្ដាញ​ជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​»​។

ចំពោះ​ការអភិវឌ្ឍ​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​តង់ស្យុង​មធ្យម និង​តង់ស្យុង​ទាប​លោក នរិន្ទ ឱ្យ​ដឹងថា ក្នុង​អាណត្តិ​ទី​ ៦ ​បាន​ធ្វើឱ្យ​ប្រវែង​ខ្សែបណ្តាញ​តង់ស្យុង​មធ្យម​កើនឡើង​ពី ៣១ ៣៥៦ ​គីឡូម៉ែត្រ នៅ​ឆ្នាំ​ ២០១៨ រហូតដល់ ៤២ ៧៥០ គីឡូម៉ែត្រ​នៅ​ចុងឆ្នាំ​ ២០២២ និង​ដែល​ធ្វើឱ្យ​ប្រវែង​ខ្សែបណ្តាញ​ចែកចាយ​តង់ស្យុង​ទាប​កើនឡើង​ពី ៣២ ១១៨ គីឡូម៉ែត្រ នៅ​ឆ្នាំ​ ២០១៨ រហូតដល់ ៤៤ ៣២០ គីឡូម៉ែត្រ នៅ​ឆ្នាំ ​២០២២​។ លោក​ថ្លែងថា​៖ «​ការអភិវឌ្ឍ​ខ្សែបណ្តាញ​តង់ស្យុង មធ្យម និង​តង់ស្យុង​ទាប​ដ៏លឿន​ខាងលើនេះ​បាន​ធ្វើឱ្យ​ភាពគ្រប​ដណ្តប់​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​របស់​បណ្ដាញ​ជាតិ​បាន​កើនឡើង​ពី ១២ ៣០៥ ​ភូមិ ត្រូវជា ៨៦,៨៥% នៃ​ចំនួន​ភូមិ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​ ២០១៨ មក ១៣ ៩២៣ ​ភូមិ ត្រូវជា ៩៨,២៧%​ នៃ​ចំនួន​ភូមិ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​ ២០២២​ នេះ​»​។ បច្ចុប្បន្ន​ភូមិ​ពុំទាន់​មាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្តាញ​ជាតិ​គឺ​មាន​ ២៤៥ ​ភូមិ ស្មើនឹង ១,៧៣% ​។ ចំពោះ​ការភ្ជាប់​បណ្តាញ​ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​ប្រភេទ​បាន​កើនឡើង​ពី ២ ៦៤៥ ៦៣០ ​ទីតាំង នៅ​ឆ្នាំ​ ២០១៨ ដល់​៣ ៥១២ ០២២ ទីតាំង នៅ​ឆ្នាំ​ ២០២២ ដែល​នៅ​ក្នុងនោះ​ការភ្ជាប់​ចរន្ដ​ឱ្យ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​បាន​កើនឡើង​ពី ២ ៥៣៧ ២៨២​ ខ្នង​ផ្ទះ​នៅ​ឆ្នាំ​ ២០១៨ ដល់ ៣ ២៨៩ ៩៣២ ​ខ្នង​ផ្ទះ នៅ​ឆ្នាំ​ ២០២២​។ «​តាម​ស្ថិតិ​ចំនួន​ខ្នង​ផ្ទះ​សរុប​ទូទាំង​ប្រទេស ៣,៧២ ​លាន​ខ្នង​ផ្ទះ ខ្នង​ផ្ទះ​ដែល​ទទួល​បាន​ការផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រព័ន្ធ​បណ្ដាញ​ជាតិ​នៅ​ចុងឆ្នាំ​ ២០២២ មាន​ចំនួន ៨៨,៤៤% រួចហើយ​។ ភូមិ​ដែល​បណ្តាញ​ជាតិ​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​មិនទាន់​ដល់​មាន​ចំនួន ២៤៥​ ភូមិ ស្មើនឹង ១,៧៣% គឺជា​ភូមិ​ដាច់ស្រយាល​គ្មាន​ផ្លូវ​ធ្វើដំណើរ ជា​តំបន់​កោះ​ជា​ភូមិ​បណ្តែត​ទឹក​ និង​ជា​តំបន់​លិច​ទឹក​នៅ​រដូវវស្សា​ដែល​ពិបាក​ក្នុង​ការរៀបចំ​ខ្សែបណ្តាញ​អគ្គិសនី​ឱ្យទៅដល់​»​។ ទោះជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​បាន​ខិតខំ​ជួយ​ដោះស្រាយ​ឱ្យ​លំនៅឋាន​ពលរដ្ឋ​មួយចំនួន​ធំ​នៅក្នុង​ភូមិ​ដែល​នៅសល់​ទាំងនោះ​មាន​អគ្គិសនី​ប្រើប្រាស់​បណ្តោះអាសន្ន តាមរយៈ​ការផ្ដល់​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​តាម​ផ្ទះ​ក្នុង​ក្របខ័ណ្ឌ​ជំនួយ ឧបត្ថម្ភ​នៃ​កម្មវិធី​គាំពារ​សង្គម​របស់​មូលនិធិ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ និង​ការវិនិយោគ​ផ្ទាល់ខ្លួន ហើយ​លំនៅឋាន​មួយចំនួន​ទៀត ក៏បាន​ប្រើប្រាស់​អាគុយ​ដែលមាន​កន្លែង​សាក​អាគុយ​រួម​នៅក្នុង​ភូមិ​ផងដែរ​៕