ភ្នំពេញៈ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅ​ដល់​មន្ត្រី​របស់​លោក ត្រូវ​ចុះ​ធ្វើ​អធិការកិច្ច ត្រួតពិនិត្យ និង​ស្រាវជ្រាវ​រកឱ្យឃើញ​មន្ត្រី​ដែល​ត្រូវបាន​ចោទថា បាន​ធ្វើឱ្យ​ពលរដ្ឋ​ ១​ រូប​ស្លាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ល្បែង​ជល់​មាន់​តាម​អនឡាញ​ក្នុង​ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​ ៧ ខែ​សីហា​។

បន្ទាប់ពី​មានការ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន និង​ហ្វេសប៊ុក ដោយ​បាន​ចោទថា មន្ត្រី​កងរាជ​អាវុធហត្ថ​បាន​ធ្វើ​បាប​ជនរងគ្រោះ​រហូត​ដល់​បាត់បង់​ជីវិត​នោះ​នៅ​ថ្ងៃទី​ ៩ សីហា លោក​ សៅ សុខា បាន​បញ្ជា​ឱ្យ​នាយការិយាល័យ​អធិការកិច្ច ស្នងការ​នៃ​ស្នងការដ្ឋាន​កសាង​កម្លាំង​ជាមួយ​ស្នងការ​នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង បង្ក្រាប​បទល្មើស ដែល​ទាក់ទង​នឹង​ការអនុវត្ត​នីតិវិធី​ដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​នេះ​។ ស្នងការ​នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ចុះ​ទៅ​ធ្វើ​អធិការកិច្ច​ពិនិត្យ​រក​មូលហេតុ​ពិត​ករណី​ស្លាប់​ប្រជាជន​នៅ​ខេត្ត​កំពង់ធំ​។

លោក​បញ្ជាក់ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​នឹងធ្វើ​សេចក្ដី​សម្រេច​ចេញ​បទបញ្ជា​ឱ្យ​អស់​លោក​ចុះ​ទៅ​ស្រាវជ្រាវ ហើយ​ខេត្ត​កំពង់ធំ​ត្រូវ​សហការ​រឿងនេះ​ឱ្យ​បាន​ស៊ីជម្រៅ​។ កំហុស​នៅលើ​អ្នកណា ដែល​បាន​ប្រព្រឹត្ត​ត្រូវ​ឃាត់ខ្លួន​អ្នក​ហ្នឹង​ភ្លាម​។ ឥឡូវ​នៅ​ចំពោះមុខ ខ្ញុំ​សុំ​ឃាត់​មនុស្ស​ទាំងអស់ ដែល​មាន​ការពាក់ព័ន្ធ​ទុក​សិន អ្នក​ដែល​ចុះទៅ​អនុវត្ត ដើម្បី​រង់ចាំ​ការស្រាវជ្រាវ​»​។

លោក​ថា បើ​ការស្រាវជ្រាវ​រកឃើញ​ថា អ្នក​ដែល​ស្លាប់ គឺ​ស្លាប់​ដោយសារ​ការធ្វើ​ទារុណកម្ម​របស់​កងរាជ​អាវុធហត្ថ បុគ្គល​ណា​អ្នកប្រព្រឹត្ត គឺ​ត្រូវតែ​កសាង​សំណុំ​រឿង​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​នោះ​ដោយ គ្មាន​ការយោគយល់​ឡើយ​។ លោក​បញ្ជា​ឱ្យ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​ត្រូវ​យកចិត្ត​ទុកដាក់​ធ្វើការងារ​នេះ​ជាមួយ​ក្រុមការងារ​ដោយ​ម៉ឺងម៉ាត់​បំផុត មិន​អាច​អត់ឱន​ឱ្យបាន​ឡើយ​។

លោក​ សៅ សុខា បញ្ជាក់ថា​៖ «​ខ្ញុំ​មិនបាច់​រង់ចាំ​ឱ្យ​សម្តេច​តេជោ​ [​ហ៊ុន សែន​] ចេញ​បទបញ្ជា ឬ​សម្តេច​ពិជ័យ​ [​ទៀ បាញ់​] ចេញ​បទបញ្ជា ឬ​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ចេញ​បទបញ្ជា​នោះទេ​។ ខ្ញុំ​មេបញ្ជាការ​ទទួល​ខុសត្រូវ​រឿងនេះ​។ អ៊ីចឹង​!​ត្រូវ​ចាត់ចែង​អនុវត្ត​នៅថ្ងៃនេះ​តែម្តង ហើយ​សមាសភាព​ដែល​ខ្ញុំ​បាន​រៀបរាប់​ទាំងអស់​ត្រូវ​ចាត់​វិធានការ ការងារ​នេះ​ជាបន្ទាន់​ភ្លាម​»​។

បើ​ជនរងគ្រោះ​ស្លាប់ មិនមែន​ដោយសារ​អំពើ​ហិង្សា​របស់​មន្ត្រី​កងរាជ​អាវុធហត្ថ ដូច​ការ​ចោទប្រកាន់​របស់​គ្រួសារ​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​នោះ លោក​ សៅ សុខា ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​អាវុធហត្ថ​ត្រូវយក​ចំណុច​នេះ​ធ្វើជា​មេរៀន​ពិសោធន៍ ដើម្បី​ទុកជា​មេរៀន​ដកពិសោធន៍​ទៅដល់​ខេត្ត​ផ្សេងៗ​ទៀត​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​។

លោក​ សៅ សុខា បញ្ជាក់ថា​៖ «​យើង​មិនអាច​បណ្តែត​បណ្តោយ​ឱ្យអស់​លោក​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ទេ ហើយ​គ្រប់​ខេត្ត​ត្រូវតែ​យកចិត្ត​ទុកដាក់​។ ពិសេស​ការអនុវត្ត​តួនាទី​ភារកិច្ច ដែល​បណ្តាល​ឱ្យ​មនុស្ស​របួស ឬ​ស្លាប់​ដោយសារ​សកម្មភាព​នៃ​ការបំពេញ​តួនាទី ភារកិច្ច​របស់​កងរាជ​អាវុធហត្ថ​អ្នក​ធ្វើ​ខុស​គឺ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​។ យើង​មិនមាន​ពេលវេលា​ក្នុង​ការអប់រំ​អស់លោក​ទៀត​ទេ ព្រោះ​សាលា​បាន​បង្រៀន និង​បាន​ប្រជុំ​ញឹកញាប់​ផងដែរ​»​។

កញ្ញា​ ឌិន នារតី អាយុ ២៥ ​ឆ្នាំ​ត្រូវជា​កូនស្រី​បង្កើត​របស់​សព​ឈ្មោះ​ សួង ឌ័ន ប្រាប់​នៅ​ថ្ងៃទី​ ៩ សីហា ថា ឪពុក​របស់​នាង​មិនចេះ​លេងល្បែង​ទេ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​ ៧ ខែសីហា វេលា​ម៉ោង​ ១ ​រសៀល ឪពុក​របស់​នាង​ដែលជា​អនុភូមិ​រូង ឃុំ​ក្រវា ស្រុក​បារាយណ៍​បាន​ទៅ​ចូលរួម​ប្រជុំ​នៅ​សាលាឃុំ​។ វេលា​ម៉ោង​ ៥ ​រសៀល ឪពុក​របស់​នាង​បាន​ត្រឡប់​មកវិញ ក៏​ឆៀង​ចូល​ហូប​កាហ្វេ​នៅផ្ទះ​អ៊ំស្រី​របស់​នាង ដែល​បាន​ជួល​ទីតាំង​ឱ្យគេ​បើក​ល្បែង​ប្រជល់​មាន់​តាម​អនឡាញ និង​ល្បែង​ឡូតូ ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។

នៅពេលនោះ​ស្រាប់តែ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ធំ​បាន​ចុះទៅ​ចាប់​ឪពុក​របស់​នាង និង​មនុស្ស​ប្រុស​ ៣ ​នាក់​ទៀត​ឡើងលើ​រថយន្ត​។ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​កំពុង​ចាប់​នោះ អ៊ំស្រី​របស់​នាង​បានឃើញ​មន្ត្រី​ប៉េអឹម​ចាប់​ក្រៀក​ឪពុក​របស់​នាង​ទៅ​ក្រោយ​ខ្លាំង ហើយ​គេ​ឃើញ​ឪពុក​របស់​នាង​មាន​សភាព​ស្លេកស្លាំង​ពេលដែល​សមត្ថកិច្ច​អាវុធហត្ថ​រុញ​ឪពុក​នាង​ឡើងលើ​រថយន្ត​។

នារតី​ប្រាប់ថា​៖ «​អ៊ំស្រី​ខ្ញុំ​ឃើញ​សមត្ថកិច្ច​ចាប់​ពុក​ខ្ញុំ ហើយ​ពេលនោះ​ពុក​ខ្ញុំ​មាន​សភាព​ស្លេកស្លាំង​ខ្លាំង​រហូត​ដល់​ពាក់កណ្តាល​ផ្លូវ​គាត់​ដាច់ខ្យល់​ស្លាប់​នៅលើ​ឡាន​ប៉េអឹម​។ ខ្ញុំ​សង្ស័យថា ពុក​ខ្ញុំ​ដាច់​សរសៃឈាម​ស្លាប់ ព្រោះ​ពុក​ខ្ញុំ​ពេល​ចាប់​ភ្លាម​គាត់​ស្លេក​យកតែ​ម្តង​។ ករណីនេះ​ខ្ញុំ​សូម​សំណូមពរ​ដល់​សមត្ថកិច្ច​ឱ្យ​រក​យុត្តិធម៌​ដល់​ពុក​ខ្ញុំ​ផង​»​។

កញ្ញា​នារតី​បញ្ជាក់ថា នាង​ទទួល​ព័ត៌មាន​ពី​លោក​ អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រាប់ថា សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នឹង​ចុះទៅ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ការស្លាប់​របស់​ឪពុក​នាង​។ ប៉ុន្តែ​នាង​មិនទាន់​ទទួល​ព័ត៌មាន​ពិស្តារ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា សមត្ថកិច្ច អាវុធហត្ថ​ចុះមក​ធ្វើការ​ស្រាវជ្រាវ ដើម្បី​រកឱ្យ​ឃើញ​ថា​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​ជាមុនសិន​។

ករណី​នេះ លោក​ ឈិត ធត មេឃុំ​ក្រវា ស្រុក​បារាយណ៍​ប្រាប់​នៅ​ថ្ងៃទី ​៩ សីហា ថា ទាក់ទង​នឹង​ការស្លាប់​របស់​ជនរងគ្រោះ លោក​ទើប​តែ​ដឹង ក្រោយពី​កើតហេតុ​។

លោក​ថា​៖ «​ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ដឹក​ជនរងគ្រោះ​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​បារាយណ៍ ហើយ​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ដាច់​សរសៃ​ឈាម​បណ្តាល​ឱ្យ​គាំងបេះដូង​ស្លាប់​។ សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​បញ្ចុះ​នៅ​រសៀល​ថ្ងៃ​ទី​ ៩ សីហា​»​។

មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​លោក ហង្ស ថុល ប្រាប់​យ៉ាងខ្លី​នៅ​ថ្ងៃទី​ ៩ សីហា ថា លោក​កំពុង​ប្រជុំ​ជាមួយ​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ សួង ឌ័ន នេះ​។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) លោក​ សឹង សែនករុណា ថ្លែងថា លោក​បាន​ឱ្យ​មន្ត្រី​របស់លោក​ចុះ​ប្រមូល​ព័ត៌មាន​ជុំវិញ​ករណី​នេះដែរ​ដើម្បី​ធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។

លោក​ថា​៖ «​យើង​យល់ស្រប​ជាមួយ​ខាង​អាវុធហត្ថ ដើម្បី​កុំឱ្យ​មាន​ការរិះគន់ ហើយ​ការបញ្ជា​ឱ្យ​មាន​ការស្រាវជ្រាវ គឺជា​ការ​ត្រឹមត្រូវ​។ សមត្ថកិច្ច​គប្បី​បំពេញ តួនាទី​របស់​ខ្លួន​ត្រឹមតែ​ការអនុវត្ត​តាម​អ្វី​ដែល​ជា​តួនាទី​បាន​ហើយ​»៕