ភ្នំពេញៈ ថ្វីបើ​កន្លែង​ផ្លូវ​រថភ្លើង​ឆ្លង​​កាត់ ត្រូវបាន​បំពាក់​ស្លាក​សញ្ញា​គ្រោះ​​ថ្នាក់ ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ប្រើ​ស៊ី​ផ្លេ​ដែលមាន​សំឡេង​ឮ​ខ្លាំង​យ៉ាង​​ណាក៏ដោយ ក៏​ហេតុការណ៍​គ្រោះ​​ថ្នាក់​ចរាចរណ៍​ដ៏​កម្រ នៅតាម​ដងផ្លូវ​រថភ្លើង​និង​កន្លែង​ឆ្លងកាត់​ផ្លូវ​រថភ្លើង នៅតែ​កើតមានឡើង ដោយ​ការ​ធ្វេស​​ប្រហែស​របស់​បុគ្គល បណ្ដាលឱ្យមាន​របួស មាន​ស្លាប់ និង​ខូចខាត​រថយន្ត​ជាដើម​។ ទោះបីយ៉ាងណា​ក៏ដោយ ប្រភព​នានា មិនបាន​កត់ត្រា​គ្រោះ​​ថ្នាក់​ដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​ជាតិ​នោះទេ​។

ប៉ុន្តែ​យោងតាម​ការ​ឱ្យដឹងពី​មន្ត្រីនគរបាល ដែល​បានដឹង​ករណី​គ្រោះថ្នាក់​នេះ​នៅតាម​តំបន់​មួយចំនួន​បានឱ្យដឹងថា ​ក្នុងខែតុលា ឆ្នាំ​ ២០២១ មាន​ហេតុ​​ការណ៍​រថភ្លើង​បុក​រថយន្ត ១​ គ្រឿង នៅ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​ ៤ ជិត​ទីប្រជុំជន​វាលរេញ ស្ថិតក្នុង​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​នោះ បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​រងរបួស​ធ្ងន់ ហើយ​ក្រោយមកបាន​ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្នុង​ខែកក្កដា ឆ្នាំ​ ២០២២ កន្លងមកនេះ​មាន​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​កង់​បី ១ ​គ្រឿង ​យកទៅ​ចត​នៅក្បែរ​ផ្លូវ​រថ​ភ្លើង​ហើយ​ត្រូវបាន​រថភ្លើង​កៀរ​រង ការខូចខាត​មួយផ្នែកធំ​តែ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះទេ​។ ឧប្បត្តិ​ហេតុនេះ ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក ជ្រែង ធី នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​កា​កាប​ ២ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ខ្សែ​រថភ្លើង​នោះបាន​ចេញដំណើរ​ពី​ខេត្ត​ព្រះសីហនុ ចូលមក​ស្ថានីយ រថភ្លើង​រាជធានី​ភ្នំពេញ​។​

​លោក​បន្តថា​៖ «​ហេតុការណ៍​ដែល​បានកើត​ឡើង​នេះ​ដោយសារតែ​បុរស​អ្នកបើក​ម៉ូតូ​កង់​បី​ម្នាក់​នោះ​មានការ​ធ្វេសប្រហែស​ព្រោះ​យល់ឃើញថា​ ពេលយប់​មាន​សភាព​ស្ងាត់​តែ​ចៃដន្យ​រថភ្លើង​បាន​បើក​កៀរ​តែម្តង​។ ម៉ូតូ​​កង់​បី​នោះ​ខ្ញុំ​បានប្រគល់​ឱ្យ​ម្ចាស់​វិញ​ហើយ ហើយ​ខ្ញុំ​សូម​សំណូមពរ​ដល់​អ្នកធ្វើដំណើ​រ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​សូម​មានការ​ប្រុងប្រយ័ត្ន​ផង​»​។

​ករណី​មួយទៀត​បុរស​គ​ថ្លង់​ម្នាក់​ឈ្មោះ​ តូង ម៉ៅ អាយុ​ ៣០​ ឆ្នាំ ​ត្រូវបាន​រថភ្លើង​បុក​ខ្ទាត​ចេញពី​ផ្លូវ​រថភ្លើង​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ ខណៈ​ជនរងគ្រោះ​កំពុង​យួរ​ថង់​ដែលមាន​កំប៉ុង​ស្រា​បៀរ ដើរ​លើផ្លូវ​រថភ្លើង​ហើយ​ត្រូវបាន​រថភ្លើង​បុក​ស្លាប់​ស្ថិត​ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ បុរសរងគ្រោះ​ជា​មនុស្ស​គ​ថ្លង់​គ្មាន​ប្រពន្ធ កូន​និង​ស្នាក់នៅ​ជាមួយ​សាច់ញាតិ​របស់គាត់​ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់​។​

​លោក សួន គឹម​សំ អធិការរង​ទទួល​ផែន​នគរបាល​សណ្តាប់ធ្នាប់​ស្រុក​ព្រៃនប់​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ តាម​សម្តី​សាក្សី​ថា បន្ទាប់ពី​កើតហេតុ​លោក​បាន​សាកសួរ​សាក្សី​ដែលមាន​ផ្ទះ​នៅ​ម្តុំ​កន្លែងកើតហេតុ​នោះ​ប្រាប់​លោក​ថា មុន​ហេតុការណ៍​កើតឡើង​គេ​បានឃើញ​បុរសរងគ្រោះ​ដើរ​ក្នុង​កាយវិការ​ទំនងជា​ស្រវឹងស្រា និង​នៅ​ដៃ​ម្ខាង​គេ​ឃើញ​មាន​កាន់​ថង់ ដែលមាន​ស្រា​បៀរ​កំប៉ុង​នៅក្នុង​នោះ​ផង​។ ស្របពេលនោះ​ស្រាប់​តែមាន​រថភ្លើង​ ១ ​ខ្សែ​ចេញពី​ទិស​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ ខេត្ត​ព្រះសីហនុ​។ ស្របពេល​នោះដែរ​គេ​បានឮ​ស្នូរ​ស៊ី​ផ្លេ​របស់​រថភ្លើង​ដែលជា​សញ្ញា​ឱ្យដឹង​មុន​ដើម្បី​កុំឱ្យ​មនុស្ស​ឆ្លងកាត់ តែ​អ្នកភូមិ​ក៏​មិនបាន​ចាប់អារម្មណ៍​ថា ជនរងគ្រោះ​ត្រូវ​រថភ្លើង​បុក​ស្លាប់​នោះទេ​តែ​ ១​សន្ទុះ​ក្រោយមក​ទើប​គេ​ប្រទះឃើញបុរស​រង​​គ្រោះ​ដេកស្លាប់​នៅក្បែរ​ផ្លូវ​រថភ្លើង​ទៅហើយ​។

​លោកប្រាប់ថា​៖ «​មុខមាត់​របស់​ជនរ​ង​គ្រោះ​ត្រូវ​រថភ្លើង​បុក​បែកខ្ទេច​មើល​លែង​ស្គា​ល់ហើយ​ប៉ើង​ទៅលើ​ដី​ផ្នែក​ម្ខាង​ទៀត​នៃ​ផ្លូវ​រថភ្លើង​។ ក្រោយ​កើតមាន​ឧប្បត្តិ​ហេតុនេះ​មក​កម្លាំង​សមត្ថកិច្ច​របស់ខ្ញុំ​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ពិនិត្យឃើញថា ជនរងគ្រោះ​ត្រូវស្លាប់​ដោយ​រថភ្លើង​បុក​ពិតប្រាកដ​មែន តែ​លោក​មិនអាច​សន្និដ្ឋានថា ​បុរសរងគ្រោះ​ជា​មនុស្ស​ញៀន​ស្រា ​ឬក៏​យ៉ាងណាទេ​»​។

​បើតាម​លោក គឹម​សំ នៅក្នុង​ស្រុក​ព្រៃនប់​ពិសេស​នៅក្នុង​ភូមិ​សំរុង​ក្រោម ​គឺជា​តំបន់​ដែលមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​លើ​អ្នកធ្វើដំណើរ ពិសេស​ក្មេងៗ​តែម្តង ហើយ​ក៏មាន​ការហាម​មិនឱ្យ​លែង​សត្វ​ពាសវាល​ពាសកាល​ដែរ​។ ប៉ុន្តែ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថភ្លើង​បុក​មនុស្ស​ស្លាប់​នេះ​កម្រ​នឹង​កើតមាន​ណាស់​ពោល គឺយូរៗ​ម្តង​តែប៉ុណ្ណោះ​។ ម្យ៉ាង​ដោយ​​សារ​តែ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​សំរុង ស្រុក​ព្រៃនប់ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ២ ​គឺ​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈ្មោះ​ ជេ ជាង​។ ដោយសារ​ក្នុងភូមិ​​សាស្ត្រ​ស្រុក​ព្រៃនប់​សម្បូរ​រោងចក្រ​នេះ ហើយ​បាន​ជាមាន​បងប្អូន​កម្ម​ករ​ធ្វើការ​រោងចក្រ​ច្រើន​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​។ ដោយសារ​បង្ការ​គ្រោះថ្នាក់​នេះហើយ​ទើប​លោក​ស្នើសុំ​គោលការណ៍​ពី​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ លោក​អធិការនគរបាល​ស្រុក​ព្រៃនប់​ និង​អាជ្ញាធរ​ស្រុក​ព្រៃនប់​ធ្វើការ​​ផ្សព្វផ្សាយ​ក្នុង​រោងចក្រ​ជា​រៀងរាល់ខែ​ស្តីពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ផ្លូវ​រថភ្លើង ទាំង​ផ្លូវគោក​ដល់​បងប្អូន​កម្ម​ករ​រោងចក្រ​កាត់ដេរ​។​

​លោកថ្លែងថា​៖ «​យើង​បាន​ស្នើសុំ​សហការ​ខាង​រោងចក្រ​ដើម្បី​គាត់​អនុ​ញ្ញាត​ឱ្យ​កម្មករ​ចូលរួម​ប្រជុំ​ដែល​យើង​ធ្វើ​ក្នុង​រោងចក្រតែម្តង​។ ​ឯ​នៅតាម​ភូមិ​យើង​ក៏​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដែរ​នៅពេល​មាន​វេទិកាសាធារណៈ​ម្តងៗ មិនដែល​ខកខាន​ឡើយ​។ ​យើង​ធ្វើបែបនេះ​ដើម្បី​ដាស់​ស្មារតី​ដល់​ពលរដ្ឋ​យើង​ឱ្យ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​គ្រោះថ្នាក់​ចរាចរណ៍​។ បើ​យើង​ទទួលរង​គ្រោះថ្នាក់​ចរាច​រណ៍​ហើយ ​គឺ​យើង​ត្រូវ​ព្រាត់​អ្នកជា​ទីស្រឡាញ់​ឬ​បើ​មាន​ពិការភាព​វិញ​យើង​នឹងមាន​វិ​ប្ប​ដិ​សារី​អស់​មួយជីវិត​»​។

លោក​បន្ថែមថា ក្រៅពី​ការងារ​ខាងលើនេះ​សមត្ថកិច្ច​របស់លោក​ក៏បាន​​បញ្ជ្រាប​ការផ្សព្វផ្សាយ​អប់រំ​ពី​គ្រោះថ្នាក់​ចរាចរណ៍ នៅពេល​មាន​ពិធីបុណ្យ​​ទាន​ផ្សេងៗ​ផង​។​ ដូចជា​ព្រះសង្ឃ​ ឬ​ឱ្យ​លោកតា​អាចារ្យ​តាម​វត្ត​ជួយ​ផ្សព្វ​ផ្សាយ​បន្ត​ព្រោះ​ពេលខ្លះ ពលរដ្ឋ​អាច​យល់បាន​ច្រើនជាង​ការផ្សព្វផ្សាយ​របស់​សម​ត្ថ​កិច្ច​។ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​នេះដែរ សមត្ថកិច្ច​ស្រុក​ព្រៃនប់ មិនបាន​កំណត់ថា ត្រូវតែ​ធ្វើជា​រៀងរាល់ខែ​នោះទេ តែ​ត្រូវបានធ្វើ​ជាប្រចាំ​នៅក្នុង​រោងចក្រ​កាត់ដេរ​ព្រោះថា កម្មករ​រោងចក្រ​មាន​ចំនួន​ច្រើន​។

ក្នុងនោះ​សមត្ថកិច្ច​របស់​លោកមា​ន​ស្ទិ​ក​ឃ័​រ នៅតាម​ផ្លូវ​ចូលក្នុង​រោងចក្រ​នូវ​ពាក្យស្លោក​ថា​ «​ថ្ងៃនេះ​ថ្ងៃស្អែក កុំ​ឱ្យមាន​គ្រោះថ្នាក់​​ចរាចរណ៍​»​ ជាដើម​។ ម្យ៉ាងវិញទៀត​នៅពេលដែល​កម្មករ​រោងចក្រ​ចេញពី​ធ្វើការ​គឺ​ពួកគាត់​ម្នាក់ៗ​ប្រញាប់​ដែល​ជួនកាល​ជិះ​ម៉ូតូ​មិន​ទាំង​ចាប់​អា​​រ​ម្មណ៍​ថា ​មាន​រថភ្លើង​មក​ផង​។ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថភ្លើង​ដោយ​គិត​ចាប់ពី​ដើមខែ​មករា ដល់​ខែកក្កដា ឆ្នាំ​ ២០២២ នេះ​អ្នកស្លាប់​ដោយ​រថភ្លើង​បុក​មានតែ​ម្នាក់​ប៉ុណ្ណោះ​។

​លោក​ប្រាប់ថា​៖ «​ដោយសារ​ថា​វា​ប្រឈម​ខ្លាំង​ គឺ​បងប្អូន​កម្មករ​រោងចក្រ​គាត់​បើកបរ​ម៉ូតូ​ធ្វេសប្រហែស​ប្រ​​ញាប់​ទៅដល់រោងចក្រ​។ បើ​កាល​​ណា​គាត់​ប្រញាប់​គឺ​គាត់​ត្រូវ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ដើម្បី​ធ្វើ​ម៉េច​ឱ្យបាន​ដល់​រោងចក្រ​។​ម៉ូតូ​វា​មិន​ដូច​ឡាន​ទេ បើ​មាន​ឧបសគ្គ​នៅខាងមុខ​ គឺមាន​ការលំបាក​ក្នុងការ​បញ្ជា​វា​មិនទាន់​ទេ​»​។

​លោក ឡុង ជឿន អធិការរង​នគរបាល​ស្រុក​សំរោង ខេត្តតាកែវ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្នុងភូមិ​សាស្ត្រ​ស្រុក​សំរោង មាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ចំនួន​ ៦​ ឃុំ​គឺ​ឃុំ​រវៀង ឃុំ​ជំ​រះ​ពេន ឃុំ​សំរោង ឃុំ​សឹង្ហ ឃុំ​បឹង​ត្រាញ់ ខាងត្បូង​និង​ឃុំ​លំចង់​។ ពាក់ព័ន្ធ​បញ្ហា​គ្រោះ​​ថ្នាក់​ចរាចរណ៍​រថភ្លើង​បុក​វិញ នៅ​ដើមឆ្នាំ​ ២០២១​ កន្លងទៅ​រហូតដល់​​បច្ចុប្បន្ន​មានតែ​ ២​ ករណី​ទេ ​គឺ​បុក​មនុស្ស ស្លាប់​ ១​ ករណី និង​បញ្ហា​គ្រោះថ្នាក់​រថយន្ត​បើក​បុក​រថភ្លើង ​១ ​ករណី​។ ប៉ុន្តែ​ថ្វីដ្បិតតែ​នៅក្នុង​ភូមិ​សាស្ត្រ ស្រុក​សំរោង មាន​ ៦ ​ឃុំ ដែលមាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ក្តី ក៏ប៉ុន្តែ​បញ្ហា​នៃ​គ្រោះថ្នាក់​នេះ​កើតមានឡើង​តែ​ម្តងម្កាល​ប៉ុណ្ណោះ​។ ទោះ​យ៉ាងនេះ​ក្តី ក៏​សមត្ថកិច្ច​របស់លោក​តែងតែ​ធ្វើជា​សារ​អប់រំ​តាម​គ្រប់​មធ្យោបាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​។

​លោក​បាន​ថ្លែងថា​៖ «​យើង​បាន​ផ្សព្វ​ផ្សាយ​អំពី​ពាក្យស្លោក​ ឬ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​គ្រោះថ្នាក់​ផ្សេងៗ​ដូចជា​វិធានការ​នៃ​ការបើកបរ​ពី​ការ​​ប្រុងប្រយ័ត្ន​ក្នុងពេល​ធ្វើដំណើរ​ឆ្លង​​កាត់​ផ្លូវ​រថភ្លើង​។ ករណីនេះ​យើង​ខ្លួន​​ឯង​ត្រូវ​ចេះ​ការពារ​ខ្លួន ព្រោះ​នៅ​រាល់​ទីតាំង​រថភ្លើង​បើក​ឆ្លងកាត់​សុទ្ធ​មាន​ស្លាក​សញ្ញា​ហាមឃាត់​ ឬ​មាន​ស៊ី​ផ្លេ​ពី​រថភ្លើង​ផង ហេតុដូច្នេះ អ្នកបើកបរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​។​

​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់គ្រង​ក្នុង​មូលដ្ឋាន​ដែលមាន​រថភ្លើង​ឆ្លង​កាត់​នៅតែមាន​ក្តីបារម្ភ និង​នៅតែប្រុងប្រយ័ត្ន ព្យាយាម​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ជាប្រចាំ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​គ្រប់​មធ្យោបាយ​ដែល​អាចធ្វើ​ទៅបាន​។

​លោក​ អ៊ុក អ៊ួ​ក ប្រធាន​នាយកដ្ឋាន​ផ្លូវដែក​កម្ពុជា​នៃ​ក្រសួង​សាធារណ​​ការ ​និង​ដឹកជញ្ជូន​បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ថា គ្រោះថ្នាក់​កន្លងមកនេះ​ច្រើនតែ​កើតឡើង​ដោយសារតែ​ការ​ធ្វេស​​ប្រហែស​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ពលរដ្ឋ​ខ្លះ​បាននាំគ្នា​ទៅ​អង្គុយ​នៅលើ​ផ្លូវដែក​ហូបចុក​ជាដើម ហើយ​ការងារ​នេះ​មានការ​លំបាក​ខ្លាំងណាស់​ក្នុងការ​ពន្យល់ និង​អប់រំ​ពួកគាត់​ដើម្បីឱ្យ​គាត់​យល់ដឹង​ពី​បញ្ហា​គ្រោះថ្នាក់​នេះ​។ ទោះជា​យ៉ាងណា ខាង​នាយកដ្ឋាន​ផ្លូវដែក​បាន​បំពាក់​ស្លាកស​ញ្ញាច​រា​ចរណ៍​បាន​ច្រើន​ហើយ​តែ​ខាង​នាយក​​ដ្ឋា​ន​ផ្លូវដែក​របស់លោក​គ្មាន​ចំនួន​តួលេខ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ច​រា​ចរណ៍​ផ្លូវដែក​ទេ​។ ផ្លូវដែក​ថ្វីដ្បិតតែ​មិនសូវមាន​ភាព​មមាញឹក​ដូច​ការ​ប្រើប្រាស់​ផ្លូវថ្នល់​ក៏ពិតមែន​ ក៏ប៉ុន្តែ​វា​អាច​បង្ក​ហានិភ័យ​ពី​គ្រោះថ្នាក់​ខ្ពស់​ដែរ​នៅពេលដែល​ពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​តំបន់​ដែលមាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​។

លោក​ថា​៖ «​ចំពោះ​តំបន់​ណា​ដែលមាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ច្រើន​គឺ​ភ្នាក់ងារ​យើង​បានដាក់​ជា​ស្លាក​សញ្ញា​គ្រោះថ្នាក់​ ឬ​ពន្យល់​ពី​ការ​​គ្រោះថ្នាក់​ដោយ​រថភ្លើង​។ ​ក្រៅពីនេះ​ក៏មាន​ដាក់​ជា​បា​រ៉ា​ស់​ស្កាត់ផ្លូវ​មិនឱ្យ​អ្នក​ដំណើរ​ឆ្លងកាត់​តែម្តង​នៅពេល​ដែលមាន​រថភ្លើង​មកដល់​រីឯ​រថភ្លើង​ក៏​ស៊ី​ផ្លេ​ឱ្យដឹងពី​ចម្ងាយ​ដែរ​ដើម្បីឱ្យ​ពលរដ្ឋ​បានឮ ព្រោះ​បើកាលណា​គាត់​ដឹង​មុន​គឺ​គាត់​នឹងមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ហើយ​បើ​គាត់​មានការ​ប្រុងប្រយ័ត្ន​ល្អ ​គឺ​មិនអាច​នឹង​ជួប​គ្រោះថ្នាក់​បានទេ​»​។​

​លោក​បន្តទៀតថា ចំពោះ​នៅពេល​យប់​វិញ​គឺ​ភ្នាក់ងារ​អ្នកបើក​រថភ្លើង ​ឬ​មន្ត្រី​បម្រើការ​នៅក្នុង​រថភ្លើង​កាន់តែ​យកចិត្តទុកដាក់​ដោយមាន​ការប្រុងប្រយ័ត្ន​ជាង​ពេល​ថ្ងៃ​ទៅទៀត​។ ទន្ទឹមនឹងនេះ​តួ​រថភ្លើង​ក៏​ត្រូវតែ​បំពាក់​ភ្លើង​ហ្វា​សម្រាប់​បំភ្លឺ​មើលផ្លូវ​ហើយក៏​មិនសូវ​ជា​បើក​ល្បឿន​លឿន​ទេ​ ហើយ​បើ​តំបន់​ណា​មាន​មនុស្ស​កុះករ​អ៊ូអរ​វិញ ​គឺ​ភ្នាក់ងារ​សន្តិសុខ​មានការ​ចាំ​យាម​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​លោក​ថ្លែងថា​៖ «​ធម្មតា​នៅ​ចំណុច​គោលដៅ​ឆ្លងកាត់​ផ្លូវដែក​មួយៗ​តែងមាន​បំពាក់​ស្លាក​សញ្ញា​ឈប់​ដើម្បីឱ្យ​អ្នកដំណើរ​មើល​ឆ្វេង​ស្តាំ​មុននឹង​ឆ្លង តែ​ភាគច្រើន​គាត់​មិនបាន​ឈប់​ទេ​ធ្វើឱ្យ​ប៉ះពារ​។ មួយរយៈ​កន្លង​​មកនេះ​ខ្ញុំ​ឃើញ​មានការ​ប៉ះពារ​ដែរ​តែ​មិន​ញឹកញាប់​ទេ​»៕