តាកែវៈ សិក្ខាកាម​ជា​នាយទាហាន នាយទាហានរង និង​ពលទាហាន ចំនួន​ ១៨៨ ​នាក់​នៃ​បញ្ជាការដ្ឋាន​វិស្វកម្ម​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ទាយ​ត្រាំខ្នារ ស្ថិតនៅ​ឃុំ​សូភី ស្រុក​បាទី ខេត្ត​តាកែវ កាលពី​ថ្ងៃទី​ ៨ ខែសីហា ឆ្នាំ​ ២០២២ បាន​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បោសសម្អាត​មីន​រយៈពេល​ខ្លី ដើម្បី​បង្កើន​ឱ្យមាន​សមត្ថភាព​ក្នុង​កិច្ចការ​បោសសម្អាត​មីន​។

លោក​ គង់ ប៉ក់ នាយសេនាធិការរង និង​ជា​មេបញ្ជាការរង បញ្ជាការដ្ឋាន​វិស្វកម្ម​កងទ័ព​ជើងគោក​ថ្លែង​ក្នុង​ពិធី​នោះ​ថា វគ្គ​ដែល​ត្រូវ​ដំណើរការ​នាពេល​នេះ​មាន​រយៈពេល​ ១៩​ ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៨ ខែសីហា រហូតដល់​ថ្ងៃទី​ ២៦ ខែសីហា ឆ្នាំ​ ២០២២ ដោយ​មាន​សិក្ខាកាម​ចំនួន​ ១៨៨ ​នាក់​មកពី​បណ្តា​កងឯកភាព​ចំណុះ​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​។

លោក​ឱ្យ​ដឹងថា ខ្លឹមសា​មេរៀន​ដែល​ត្រូវ​រៀនសូត្រ​រួមមាន មេរៀន​ជំនាញ​បោសសម្អាត​មីន ​(​របៀប​ប្រើប្រាស់​ម៉ាស៊ីនរាវមីន​) ម៉ាស៊ីនរាវមីន​ស៊ាឌីវ័ន ​(Ciea D1) ម៉ាស៊ីន​អេហ្វស្រ៊ី ​(F3) ទ្រឹស្តី​+​ការអនុវត្ត​ម៉ាស៊ីនរាវមីន​ស៊ាឌីវ័ន​ (Ciea D1) និង​ឌីអេស​ (DS) ម៉ាស៊ីន​ F3 (​ទ្រឹស្តី​+​ការអនុវត្ត​) ម៉ាស៊ីន​អេប៊ិចជ័រ និង​អាប់ប៉ិច ៧៤០ ម៉ាស៊ីន​ឌីអេស និង​អាប់ប៉ិច​ ៧៤០ អប់រំ​ចិត្តសាស្ត្រ និង​មុខ​វិជ្ជាពេទ្យ​បឋម​។

លោក​ ខឹមជា សាឃឿន នាយ​សេនាធិការ​កងទ័ព​ជើងគោក​ឱ្យ​ដឹងថា វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បោសសម្អាត​មីន​នាពេល​នេះ សំដៅ​លើកកម្ពស់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​បង្កើន​ឱ្យ​មាន​សមត្ថភាព ចំណេះដឹង​គ្រប់គ្រាន់ ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​ក្នុង​ការអនុវត្ត​កិច្ចការ​បោសសម្អាត​មីន ទាំង​ការគ្រប់គ្រង​ធនធាន​មនុស្ស និង​មូលដ្ឋាន​សម្ភារ​ឱ្យមាន​លក្ខណៈ​ប្រសើរ និង​ឱ្យ​យោធិន​ទាំងអស់​យល់ដឹង​អំពី​ការប្រើប្រាស់​ម៉ាស៊ីន​រាវ​មីន​គ្រប់​ប្រភេទ យល់ដឹង​អំពី​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ កាកសំណល់​ជាតិ​ផ្ទុះ ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​។

លោក​បន្តថា ប្រទេស​កម្ពុជា​បាន​ទទួលរង​គ្រោះ ដោយសារ​សង្គ្រាម​ចាប់ពី​ឆ្នាំ​ ១៩៧៥-១៩៧៩ ហើយ​ត្រូវ​បាន​រំដោះ​ចេញពី​របប​ប៉ុលពត​ក៏ពិតមែន ប៉ុន្តែ​សង្គ្រាម​មិន​បាន​បញ្ចប់​នោះទេ​។ រហូតដល់​ឆ្នាំ​ ១៩៩៨ សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប៉ុន្តែ​កម្ពុជា​បាន​បន្សល់​នូវ​កាកសំណល់​សង្គ្រាម​ជាច្រើន​រហូត​ដល់​បច្ចុប្បន្ន​។ ទោះយ៉ាងណា វិស័យ​ដោះមីន​របស់​កងយោធពល​ខេមរភូមិន្ទ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ១៩៩២ មក​ម្ល៉េះ​។

បើតាម លោក​ ខឹមជា សាឃឿន លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្កើត​អាជ្ញាធរ​គ្រប់គ្រង​សកម្មភាព​មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន​មាន​ភារកិច្ច​ជួយ​សម្រប​សម្រួល​លើ​វិស័យ​មីន​ទូទាំង​ប្រទេស និង​ឆាក​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ដាក់ចេញ​គម្រោង​សម្តេច​តេជោ សម្រាប់​សកម្មភាព​មីន​ក្រោម​មូលបទ​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​។

លោក​ថ្លែងថា​៖ «​ទន្ទឹមនឹងនោះ​កងកម្លាំង​វិស្វកម្ម​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ប្រកាន់ខ្ជាប់​នូវ​តួនាទី ភារកិច្ច​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ជាតិ ដោយ​បាន​រំដោះ​ដី​ជូន​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត និង​រស់នៅ​ដោយ​ក្តីសង្ឃឹម​»​។

មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) លោក​ អ៊ុំ សុជាតិ ថ្លែងថា ចាប់ពី​ឆ្នាំ​ ២០១៩ មកដល់​ពេលនេះ មជ្ឈមណ្ឌល​បាន​ដំណើរ​ការបើក​វគ្គ​បោសសម្អាត​មីន​នៅ​បញ្ជា​ការដ្ឋាន​វិស្វកម្ម​បាន​ចំនួន​ ៣​ លើក​មាន​សិក្ខាកាម​ចូលរួម​រៀនសូត្រ​ចំនួន​ ៤១៨​ នាក់​។ លោក​ចាត់ទុក​ដំណើរការ​នៃ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បោសសម្អាត​មីន​ដល់​កងទ័ព នាពេល​នេះ ពិតជា​បាន​ពង្រឹង​សមត្ថភាព គុណភាព ចំណេះដឹង ចំណេះធ្វើ​ពិតប្រាកដ​ក្នុង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស កងយោធពល​ខេមរភូមិន្ទ​ក្នុង​វិស័យ​ពង្រឹង​ប្រៀប​ការពារជាតិ និង​ការចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ក្នុង​ការកសាង អភិវឌ្ឍ​ជាតិ​៕