ភ្នំពេញៈ ក្រុម​អ្នកវិភាគ​មើលឃើញ​ចំណុច​វិជ្ជមាន​ជាច្រើន​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ (AMM-55) ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​រៀបចំ​ដោយផ្ទាល់​នៅ​កម្ពុជា​ជា​លើកដំបូង​ចាប់តាំងពី​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​ ១៩​។

កិច្ចប្រជុំ AMM-55 ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី​ ៣ ខែសីហា បន្ទាប់មក​មាន​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ភាពជា​ដៃគូ​អាស៊ាន​ជាមួយ​សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្ស៊ី និង​អូស្ត្រាលី ​ក្នុងចំណោម​ប្រទេស​ដៃគូ​ជាច្រើន​ផ្សេងទៀត​។ បន្ទាប់ពី AMM-55 នេះ ក៏មាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ចំនួន​ ២៩ ​ទំព័រ តែ​ទទ្ទឹម​នេះ អាស៊ាន​ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយឡែក​ស្តីពី​ភាពតានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​កើតមានឡើង​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​សហរដ្ឋ​អាមេរិក​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី​។

អ្នកវិភាគ​ ៣​ រូប​នៅ​ក្រុមប្រឹក្សា​យោបល់ FULCRUM មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​នៃ​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន ដែល​ជា​ស្ថាប័ន​ចំណុះ​វិទ្យាស្ថាន ISEAS - Yusof Ishak គឺ​លោកស្រី Sharon Seah លោកស្រី Joanne Lin និង​លោកស្រី Melinda Martinus បាន​លើកឡើង ​៦ ​ចំណុច​ដើម្បី​សង្ខេប​ពី​កិច្ចប្រជុំ​នោះ​ចាប់ពី​ភាព​តានតឹង​ជាថ្មី​នៅ​តៃវ៉ាន់​រហូត​ដល់​បញ្ហា​មីយ៉ាន់ម៉ា និង​ឯកភាព​របស់​អាស៊ាន​។

ខណៈ​ដែល​បញ្ហា​ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​បញ្ហា​ក្តៅគគុក អ្នកវិភាគ​ទាំង ​៣ បានលើកឡើង​កាលពី​ថ្ងៃទី​ ៨ សីហា​ថា អាស៊ាន​ទទួល​បាន​កិត្តិយស​ដោយសារ​សេចក្តី​ថ្លែងការណ៍​រួម​ចេញ​ភ្លាមៗ និង​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយឡែក​លើកដំបូង​មិន​ធ្លាប់មាន​ស្តីពី​ការវិវឌ្ឍ​រវាង​ចិន និង​តៃវ៉ាន់​។ ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ អាស៊ាន​បង្ហាញ​កង្វល់​អំពី​អស្ថិរភាព​ក្នុង​តំបន់​អំពី​ការប៉ាន់ស្មាន​ខុស និង​បាន​អំពាវនាវ​ឱ្យមាន​អំណត់​ជា​អតិបរមា​។ ក្រុម​អ្នកវិភាគ​បាន​បន្ថែមថា មេដឹកនាំ​អាស៊ាន​មាន​សិល្បៈ​ផ្នែក​ការទូត​ស្តីពី​បញ្ហា​នេះ ទោះបី​ពួកគេ​បាន​អះអាង​បញ្ជាក់​ឡើងវិញ​នូវ “​គោលនយោបាយ​ចិន​តែមួយ​”​ក៏ដោយ​។

ក្រុម​អ្នកវិភាគ​ដដែល​ក៏​មើលឃើញ​ពី​ជំហរ​មុតមាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​ស្តីពី​ការវិវឌ្ឍ​ចុងក្រោយ​បំផុត​នៅ​មីយ៉ាន់ម៉ា ជាពិសេស​ចំណុច​ដែល​លោក​ថា អាស៊ាន​នឹង​គិត​ឡើង​វិញ​នូវ​តួនាទី​របស់ខ្លួន​ចំពោះ​កិច្ចព្រមព្រៀង​ ៥ ​ចំណុច ស្ដីពី​មីយ៉ាន់ម៉ា​។

ក្រុមអ្នកវិភាគ​បន្តថា​៖ «​វា​មិនមែន​ជា​រឿង​សាមញ្ញ​ទេ​ សម្រាប់​កម្ពុជា​ក្នុងការ​ប្រកាន់​ជំហរ​តឹងរ៉ឹង​មួយ​បែបនេះ​។ តែ​យ៉ាងណា​ក៏ដោយ​កិច្ចខិតខំ​រយៈពេល​ច្រើន​ខែ​ស្រប​ពេល​ការរិះគន់​ខ្លាំង​អំពី​ភាពទន់ខ្សោយ​របស់​អាស៊ាន​ប្រហែល​បានរួម​ចំណែក​មួយ​។ សេចក្តី​ថ្លែងការណ៍​ក៏​អាចជា​សញ្ញា​មួយ​សម្រាប់​ក្រុមប្រឹក្សា​រដ្ឋបាល​មីយ៉ាន់ម៉ា​ (SAC) ដើម្បី​បង្ហាញ​សុច្ឆន្ទៈ​ខ្លះ​មុនពេល​កិច្ចប្រជុំ​កំពូល​ធ្វើឡើង​នៅ​ខែវិច្ឆិកា​ខាងមុខ​ដែល​ក្នុង​ពេលនោះ​របៀប​ដោះស្រាយ​ថ្មី​ចំពោះ​មីយ៉ាន់ម៉ា​អាច​នឹងត្រូវ​បានគិត​សាជាថ្មី​។

ចំណែក​លទ្ធភាព​របស់​ទីម័រ​ខាងកើត​ក្លាយជា​សមាជិក​ទី​ ១១ របស់​អាស៊ាន​ឆ្នាំក្រោយ ក្រុម​អ្នកវិភាគ​បន្ថែមថា AMM-55 នេះ​បាន​បង្កើនល្បឿន​នៃ​ការស្នើសុំ​របស់​ទីម័រ​ខាងកើត ដែល​បាន​ស្នើសុំ​ចូល​អាស៊ាន​តាំងពី​ឆ្នាំ​ ២០១១ ក្នុងពេល​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើជា​ប្រធាន​អាស៊ាន​។

ក្រុមអ្នកវិភាគ​ក៏​មើលឃើញ​ដែរ​ថា អាស៊ាន​បាន​ខិតខំ​ពង្រីក​ទំនាក់​ទំនង​ខាងក្រៅ​ ដើម្បី​ផលប្រយោជន៍​របស់ខ្លួន រួមមាន​ការចុះហត្ថលេខា​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ (TAC) នៅ​ថ្ងៃទី​ ៣ សីហា និង​ពិចារណា​ការស្នើសុំ​របស់​ប្រទេស​អ៊ុយក្រែន​ចូលក្នុង TAC ក៏ដូចជា​កិច្ចសន្ទនា​តាម​វិស័យ​ឯទៀត​ជាមួយ​ប្រទេស​ជាច្រើន​។ ពួកគេ​មើលឃើញ ជំហរ​មោះមុត​របស់​កម្ពុជា​ទទួល​បាន​ពិន្ទុ​ជា​វិជ្ជមាន​អំឡុងពេល​ពាក់​កណ្ដាល​អាណត្តិ​នៃ​ភាពជា​ប្រធាន​អាស៊ាន​។

ក្រុមអ្នកវិភាគ​លើកឡើង​ថា​៖ «​កម្ពុជា​មិន​គ្រាន់តែ​ឆ្លើយតប​ទាន់​ពេល​ចំពោះ​ព្រឹត្តិការណ៍​វិវឌ្ឍន៍​ថ្មីៗ​ក្នុង​ប្លុក​អាស៊ាន​ខ្លួនឯង​ប៉ុណ្ណោះ​ទេ កម្ពុជា​ក៏​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ចំនួន​ ១១៩ កថាខណ្ឌ​ពាក់ព័ន្ធ​នឹង​ចំណុច​ជា​គន្លឹះ​ដ៏​ចម្រូងចម្រាស​ដូចជា​មីយ៉ាន់ម៉ា អ៊ុយក្រែន និង​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​តាំងពី​មុន​កិច្ចប្រជុំ​ទាំងអស់​បានបញ្ចប់​»​។

អ្នកវិភាគ​បន្តថា​៖ «​វា​បង្ហាញ​កម្រិត​នៃ​ការសម្រប​សម្រួល​ដែល​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​បាន​ខិតខំ​តាំងចិត្ត​ធ្វើ​ ដើម្បី​ធានាថា នឹង​មិន​បើក​ឱ្យមាន​ការចរចា​ជា​ពាក្យសម្តី​រហូតដល់​នាទី​ចុងក្រោយ​។ ការសម្រេចចិត្ត​ក្នុង​ការចេញ​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយឡែក​ស្តីពី​ការវិវឌ្ឍ​នៅ​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​ជា​រឿង​ល្អ ពីព្រោះ​វា​ជួយ​ឱ្យ​សេចក្ដី​ថ្លែងការណ៍​នោះ​អាច​ចេញ​បាន​ភ្លាមៗ​»​។

បើទោះបី​អ្នក​វិភាគ​មើលឃើញ​ថា អាស៊ាន​នៅតែ​ជា​ចំណាប់ខ្មាំង​ចំពោះ​នយោបាយ​របស់​មហាអំណាច​ក៏ដោយ ពួកគេ​យល់​ថា អំណាច​អាស៊ាន​បាន​នាំមក​នូវ «​ឯកភាព​» ស្រប​ពេល​ដែល​មានការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​សកល​ជាច្រើន​។ ពួកគេ​លើកឡើង​ថា​៖ «​ច្បាស់​ណាស់​ថា អាស៊ាន​បាន​រក្សា​អំណាច​ក្នុងការ​កោះប្រជុំ​នាំ​មហាអំណាច​ពិភពលោក​ទៅកាន់​តុ​ចរចា​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​កាល​សប្តាហ៍​មុន​ថា ថ្នាក់ដឹកនាំ​មួយចំនួន​ដែល​ចូលរួម​ប្រជុំ បដិសេធ​អង្គុយ​ក្បែរ​គូបដិបក្ស​របស់​ពួកគេ​។ ប៉ុន្តែ​លោក​បន្ថែមថា អ្នក​ចូលរួម​បាន​យល់ច្បាស់​នូវ​ស្ថានភាព នៅពេល​ដែល​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​ក្នុង​ស្ថានភាព​មិន​ធ្លាប់មាន​ពីមុនមក​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង សូម្បីតែ​ការរៀបចំ​កៅអី​អង្គុយ​ក៏​ពិបាក​ដែរ ព្រោះ​ឥឡូវ​កំពុង​តែមាន​ជម្លោះ​នៅ​អឺរ៉ុប​មាន​ជម្លោះ​នៅ​កន្លែង​មួយចំនួន​។ ដូច្នេះ ការរៀប​កៅអី​អង្គុយ​គេ​មិន​ចង់​អង្គុយ​ជិតគ្នា​ក៏មាន មិនមែន​ជា​រឿង​ងាយស្រួល​ទេ​»​។ លោក ហ៊ុន សែន បន្ថែម​ថា ការធ្វើ​សេចក្ដី​ថ្លែងការណ៍​ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ដែរ ប៉ុន្តែ​សមត្ថភាព​នៃ​ការឆ្លើយតប និង​ការសម្រប​សម្រួល​របស់​កម្ពុជា គឺ​អាច​ធ្វើ​ទៅបាន​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ក៏បាន​មើលឃើញ​ចំណុច​ល្អៗ​ជាច្រើន​ចេញពី​កិច្ចប្រជុំ​កាលពី​សប្ដាហ៍​មុន រាប់​ចាប់ពី​ការរៀបចំ បដិសណ្ឋារកិច្ច និង​ពិធីការ​ផ្សេងៗ​។ កម្ពុជា​មាន​សមត្ថភាព​សម្របសម្រួល​ខ្ពស់​ក្នុង​ការចាត់ចែង​កិច្ចប្រជុំ កម្រិត​ខ្ពស់​ហើយ​ចេញ​សេចក្តី​ថ្លែងការណ៍​សម្រាប់​កិច្ចប្រជុំ​នីមួយៗ​។

លោក​បន្តថា​៖ «​កិច្ចប្រជុំ​នេះ​បានបង្ហាញ​ជំហរ​ច្បាស់​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​រក្សា​មជ្ឈភាព​របស់​អាស៊ាន​ដែល​ជា​តួនាទី​សំខាន់​។ មុខមាត់​របស់​កម្ពុជា​ក៏ត្រូវ​បាន​លើក​តាម​ហ្នឹង​ដែរ​»​។

លោក​បន្ថែមថា​៖ «​យើង​ឃើញ​ការឯកភាព និង​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​អាស៊ាន ដែល​មិន​ធ្លាប់​មាន​ពីមុន​។ អាស៊ាន​ដូចជា​មាន​ជំហរ​រួម​ស្តីពី​ទិដ្ឋភាព និង​បញ្ហា​ជាច្រើន ដូចជា បញ្ហា​មីយ៉ាន់ម៉ា​ដែល​នៅក្នុង​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ច្បាស់ និង​ប្រើពាក្យ​ខ្លាំងៗ​បញ្ជាក់ថា SAC ត្រូវតែ​គិតគូរ​ឡើងវិញ​នូវ​ជំហរ និង​ឥរិយាបថ​របស់ខ្លួន​»​។

ពេល​និយាយ​ដល់​បញ្ហា​តៃវ៉ាន់ លោក​ គិន ភា ​លើកឡើង​ថា កម្ពុជា និង​អាស៊ាន​បាន​ថ្លែង​អំពី​បញ្ហា​នៅ​កោះ​តៃវ៉ាន់​ដោយ​វៃឆ្លាត​តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី​អាច​ទទួល​យក​បាន​៕

វីដេអូ៖