ភ្នំពេញៈ​ អគ្គ​នាយក​រង​នៃ​ក្រុម​ហ៊ុន​ OCIC លោក ទូច សំណាង បាន​ឱ្យ​ដឹង​ថា ស្ពាន​កោះ​នរា​ដែល​ភ្ជាប់​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​ ១ គ្រោង​ដាក់​ឱ្យ​ប្រើ​ប្រាស់​យ៉ាង​យូរ​នៅ​ដើម​ខែ​តុលា​ ឆ្នាំ​ ២០២២​ ខាង​មុខ​នេះ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាច​ណ៍​ដ៏​មមា​ញឹក​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ​។​

​លោក ទូច ​សំណាង ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃទី ​១០​ ខែ​សីហា​ថា ​បច្ចុប្បន្ន​ស្ពាន​នេះ​សម្រេច​ការ​សាង​សង់​បាន​ជាង ៩០​ ភាគ​រយ​ហើយ នៅ​សល់​តែ​ការ​អ៊ុត​កៅ​ស៊ូប៉ុណ្ណោះ​។

​លោក​ថា​៖ «ស្ពាន​កោះនរា​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​ ១ ​សម្រេច​បាន​ជាង ៩០​ ភាគ​រយ​ នៅតែ​បង្ហើយ​ការ​អ៊ុត​កៅស៊ូ និង​ធ្វើ​គំនូស​ចរា​ចរណ៍ អ៊ីចឹង​យើង​អាច​ដាក់​ឱ្យ​ដំណើរ​ការ​បាន​ហើយ​នៅ​ចុង​ខែ​កញ្ញា​ឬ​ដើមខែ​តុលា ឆ្នាំ ២០២២ ខាង​មុខនេះ​»​។​

​លោក​បន្ត​ថា ការ​សាង​សង់​កន្លង​មក​មិន​បាន​ជួប​បញ្ហា​បច្ចេក​ទេស​អ្វី​នោះ​ទេ​ ទើប​ដំណើរការ​អាច​សម្រេច​ទៅ​តាម​ផែន​ការ​គ្រោង​ទុក​ប្រហែល ​១២ ​ខែ​។​ លោក​បាន​​រំពឹងថា ​ស្ពាន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ចរា​ចរណ៍​របស់​ប្រជា​ពលរដ្ឋ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១ ឆ្ពោះ​ទៅ​កាន់​ក្រុង​ភ្នំពេញ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ទី​១​ គឺ​សម្រួល​ដល់​ការធ្វើ​ចរាច​ណ៍ ដែល​អ្នក​បើក​បរ​អាច​មាន​ផ្លូវ​ច្រើន ​ដោយ​សារ​ពួក​គាត់​ពេល​ឆ្លង​ស្រឡាង​បណ្តោះ​អាសន្ន គឺ​ត្រូវ​ឆ្លង​តាម​ផ្លូវ​តូច ​ឆ្ពោះទៅ​កាន់​ផ្លូវ​ជាតិ​លេខ ១​ អ៊ីចឹ​ង​ការ​មាន​ស្ពាន​ថ្មី​នេះគឺ​បន្ថែម​ច្រក​ថ្មី​មួយ​ទៀត​ដែល​គាត់​អាច​ងាយ​ស្រួល​ចេញ​-​ចូល និង​ជា​ផ្លូវ​កាត់​មួយ​ដែរ​»​។

​លោក​បន្ត​ថា ដោយ​ឡែក​ស្ពាន​មួយ​ទៀត​ត​ភា្ជ​ប់​ពី​កោះ​នរា ឆ្ពោះ​ទៅ​កាន់​កោះ​ពេជ្រ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​តុលា ​ឆ្នាំ​ ២០២៣ ខាង​មុខ ខណៈ​ការ​សាង​សង់​សម្រេច​បាន​ប្រមាណ​ ៤០​ ភាគ​រយ​។ លោក​ថា​៖ «​យើង​មាន​ស្ពាន ​២ ពី​កោះ​ពេជ្រ​ភ្ជាប់​មក​កោះ​នរា​ និង​ស្ពាន​ពី​កោះ​នរា​ភ្ជាប់​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ ​១ ​ហើយ​ចំពោះ​ស្ពាន​ធំ​ភ្ជាប់​ពី​កោះ​នរា មក​កោះ​ពេជ្រ គ្រោង​ដាក់​ឱ្យ​ដំណើរ​នៅ​ដើម​ខែ​តុលា​ ឆ្នាំ​ ២០២៣​។​

​លោក​បន្ត​ថា ស្ពាន​កោះ​ពេជ្រ​ទៅ​កោះនរា​សម្រេច​ការ​សាង​សង់​បាន​ប្រមាណ​ពី ៣៥ ​ទៅ ៤០​ ភាគរយ ខណៈ​ការងារ​សាង​សង់​ក្នុង​ទឹក​បាន​បញ្ចប់​រួចរាល់​ នៅ​សល់​តែ​ការ​សាង​សង់​ផុត​ពី​ទឹក​ប៉ុណ្ណោះ​។ លោក​ថា​៖ «ការ​ងារ​ក្នុង​ទឹកជា​ការ​លំបាក ឥឡូវ​នៅ​សល់​ការងារ​ដែល​ផុតពី​ទឹក​ទេ ​អ៊ីចឹ​ង​យើង​គ្រោង​បញ្ចប់​តាម​ផែន​ការ​គ្រោង​ទុក​ដែរ​»​។​

​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១ ​លោក ​តារា​ វិច័យ ​មាន​ថ្លែង​ថា ​បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​ ១ រៀង​រាល់​ព្រឹក​ មាន​ការ​កកស្ទះ​ចរា​ចរណ៍​ចាប់ពី​វត្ត​និរោធ​ដល់​ស្ពាន​ព្រះ​មុនីវង្ស​ ខណ្ឌ​ច្បារ​អំពៅ ​រាជ​ធានី​ភ្នំពេញ ដែល​បង្ខំ​ចិត្ត​ឱ្យ​លោកជិះ​វាង​ផ្លូវ​ទៅកាន់​កោះ​នរា តាម​រយៈ​ឆ្លង​ស្រ​ឡាង​ទៅ​កោះ​ពេជ្រ​ដើម្បី​ចូល​ក្រុង​ម្តងៗ​។

លោក​ថា​៖ «​ផ្លូវ​ចូល​កោះ​នរា​មិនសូវ​ធំ​ប៉ុន្មាន​ទេ ហើយ​បើ​មាន​រថយន្ត​ជិះ​ចូល​ទៀត​កាន់តែ​ចង្អៀត​ អ៊ីចឹ​ង​សង្ឃឹមថា​ ស្ពាន​កោះនរា​ថ្មី​នេះ ​អាច​ជា​ច្រក​មួយ​ទៀត​ នឹង​អាច​ជួយ​សម្រួល​ចរាចរ​ណ៍​មួយ​ផ្នែក​ចុះ​»​។​

​លោក ​ឃួង ​ស្រេង ​អភិ​បាល​រាជ​ធានី​ភ្នំពេញ ធ្លាប់​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​នោះ​ថាការ​ស្ថា​បនា​ស្ពាន​ទាំង​ ២ ​ទីតាំង​នេះនឹង​រួម​ចំណែក​ដោះ​ស្រាយ​ការ​កក​ស្ទះ​ចរាចរ​ណ៍នៅ​ត្រង់​គល់​ស្ពាន​ព្រះ​មុនីវង្ស ​និង​ស្ពាន​អាកាស​ក្បាល​ថ្នល់​បាន​មួយ​ផ្នែក​ធំ​ ព្រម​ទាំង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ និង​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ដឹក​ជញ្ជូន​ផលិត​ផល ​និង​សេវា​កម្ម​។​

សូម​ជម្រាប​ថា ​ក្រុម​ហ៊ុន (OCIC) បាន​បង្ហាញ​ផែន​ការ​បោះ​ទុន​សរុប​ ២,៥ ពាន់​លាន​ដុល្លារ​ សម្រាប់​អភិវឌ្ឍ​កោះ​នរា​ទៅជា​ទីក្រុង​រណប​ថ្មី​មួយ​ទៀត​ស្ថិត​នៅ​ជាប់​ទន្លេ​ចតុ​មុខ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​ស្របពេល​ដែល​ក្រុម​ហ៊ុន​កំពុង​ដំណើរកា​រ​កសាង​ស្ពាន​ចំនួន ​២ ​ខ្សែ​ត​ភ្ជាប់​តំបន់​កោះ​អភិវឌ្ឍន៍​នេះ​ទៅ​ផ្លូវជាតិ​លេខ ​១ និង​ទៅ​ទីក្រុង​រណប​កោះ​ពេជ្រ​។

​ក្រុម​ហ៊ុន​​ត្រូវ​ចំណាយ​ ៣៩,៦​ លាន​ដុល្លារ​ លើ​គម្រោង​សាង​សង់​ស្ពាន​ចំនួន​២​ខ្សែ ​ដោយ​ក្នុង​នោះ​ស្ពាន​ទី១ ​ជា​ប្រភេទ​ស្ពាន​បេតុង​យោង​ខ្សែ​កាប​ត​ភ្ជាប់​ពី​តំបន់​អភិវឌ្ឍន៍​កោះ​នរា​ ទៅ​កាន់​ផ្លូវជាតិ​លេខ​ ១ ​មាន​បណ្តោយ​ ៦០​ ម៉ែត្រនិ​ង​ទទឹង ​២១ ​ម៉ែត្រ​ត្រូវ​ចំណាយ​ថវិកា​សាង​សង់​ចំនួន​ ១,៦​ លាន​ដុល្លារ​ដោយ​ប្រើពេល​សាង​សង់​ ១២ ​ខែ​។​

​ចំណែក​ស្ពាន​ទី​២​ គឺជា​ប្រភេទ​ស្ពាន​បេតុង​ខ្សែ​កាប​ត​ភ្ជាប់​ពី​តំបន់​អភិវឌ្ឍន៍​កោះ​នរា​ទៅ​កាន់​ទីក្រុង​រណប​កោះ​ពេជ្រ​មាន​ប្រវែង​ ៨២៤​ ម៉ែត្រ​ និង​ទទឹង​ ២៤,៥​ ម៉ែត្រ​ដែល​ត្រូវ​ចំណាយ​ថវិកា​សាង​សង់​ចំនួន ៣៨​ លាន​ដុល្លារ​ ដោយ​ត្រូវ​ប្រើ​ពេល​សាង​សង់​ ៣៥​ ខែ​៕