​ភ្នំពេញៈ ​កម្ពុជា​-​វៀតណាម​បង្ហាញ​ភាព​រីកចម្រើន​លើ​កិច្ចសហប្រតិបត្ដិការ​ក្នុង​វិស័យ​អប់រំ​ និង​សន្យា​បង្កើន​កិច្ច​សហ​ប្រតិប​ត្ដិ​ការផ្លាស់ប្ដូរ​និស្សិត​តាមរយៈ​ការផ្ដល់​អាហារូបករណ៍​កម្រិត​ឧត្ដមសិក្សា ខណៈ​ក្នុង ១ ឆ្នាំៗ វៀត​ណាម​ផ្ដល់​អាហារូបករណ៍​កម្រិត​ឧត្ដមសិក្សា​ដល់​និស្សិត​កម្ពុ​ជាជាង ១០០ នាក់​។

នៅ​ថ្ងៃទី​ ១០ ខែ សីហា ឆ្នាំ​ ២០២២ ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានរៀបចំ​ទទួល​គណៈប្រតិភូ​ក្រសួង​អប់រំ និង​បណ្ដុះបណ្ដាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​តំណាង​សាកលវិទ្យាល័យ​មួយចំនួន​នៃ​ប្រទេស​វៀតណាម ដឹកនាំ​ដោយ លោក ងឿ​ន វ៉ាន់ ហ្វុ​ក អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​បណ្ដុះបណ្តាល​វៀត​មណា​ម ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី​ ៩-១២ ខែ សីហា ឆ្នាំ​ ២០២២ ដើម្បី​ចូលរួម​ពិព័រណ៍​អប់រំ​វៀតណាម​ក្នុងឱកាស​សប្ដាហ៍​វប្បធម៌​វៀតណាម​។

​ក្រៅពី​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​រវាង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទាំង ២ ដឹកនាំ​ដោយ​លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក លោក ងឿ​ន វ៉ាន់ ហ្វុ​ក អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​បណ្ដុះបណ្តាល​វៀត​មណា​ម​បានរៀបចំ​កិច្ចពិភាក្សា​ប្រជុំ​តុមូល​លើ​ប្រធានបទ​ពង្រឹង​ប្រសិទ្ធភាព​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ឧ​ត្ត​ម​សិក្សា​រវាង​ប្រទេស​ទាំង២​កម្ពុជា​-​វៀតណាម​។ ក្នុង​កិច្ចពិភាក្សា​នោះ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​មន្ត្រី​ជំនាញ​ក្នុង​វិស័យ​ឧ​ត្ត​មសិ​ក្សា និង​តំណាង​សាកលវិទ្យាល័យ​មួយចំនួន​នៃ​ប្រទេស​ទាំង ​២​ ផងដែរ​។​

​លោក ពិត ចំណាន ថ្លែងថា ក្រោម​ការដឹកនាំ​ដោយ​លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​វ៉ាក់សាំង​កូ​វីដ ​១៩ ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ មន្ដ្រីរាជការ អ្នកការទូត ហើយ​ក្នុងនោះ​បានផ្ដល់​អាទិភាព​ការចាក់​វ៉ាក់សាំង​ដល់​គ្រូបង្រៀន និង​សិស្សានុសិស្ស​ដើម្បី​ឱ្យមាន​ភាពស៊ាំ​អាចឱ្យ​សិស្សានុ​សិស្ស​ចូលរៀន​ក្នុង​ថ្នាក់​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឡើងវិញ​។

លោក​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​វៀតណាម​បានផ្ដល់​អាទិភាព​ខ្លាំង ក្នុង​ការកសាង​ធនធានមនុស្ស​ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម នៅក្នុង​ដំណាក់កាល​នៃ​សម័យ​ឌីជីថល​នេះ​។ កម្ពុជាបានធ្វើ​កំណែទម្រង់​ជាច្រើន​ដើម្បី​ធ្វើ​ម៉េច​បង្កើន​នូវ​ប្រសិទ្ធភាព ក៏ដូចជា​គុណភាព ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​នៅក្នុង​ប្រទេស​ឱ្យ​ដើរ​ទាន់​សម័យកាល​ឌីជីថល​នេះ​។​

លោក​បញ្ជាក់ថា​៖ «​តាមរយៈ​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស​នេះ​បច្ចុប្បន្ន​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​យក​ចិ​ត្ដ​ទុកដាក់​លើ​ការអភិវឌ្ឍ និង​បណ្ដុះបណ្ដាល​សមត្ថភាព​គ្រូបង្រៀន​នៅ​គ្រប់​សាលារៀន​ទាំងអស់​ទូទាំងប្រទេស ដោយ​ទទួលបាន​កញ្ចប់​មូល​និ​ធិ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។

លោក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម​ដែល​ក្នុង​ ១ ឆ្នាំៗ បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​សម្រាប់​កម្រិត​ឧត្ដមសិក្សា​ចំនួន​ជាង ១០០ នាក់​ ចាប់ពី​ថ្នាក់​បរិញ្ញា​ប​ត្រ​រហូតដល់​ថ្នាក់បណ្ឌិត​។ លោក​ស្នើ​ភាគី​វៀតណាម​បន្ត​បង្កើន​ចំនួន​ផ្ដល់​អាហា​រូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្ថែមទៀត​ដើម្បី​អាច​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​វៀតណាម​។​

លោក ងឿ​ន វ៉ាន់ ហ្វុក បាន​អបអរសាទរ​ដែល​កម្ពុ​ជា​បាន​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​អាច​ឈានទៅ​បើក​ដំណើរការ​សាលារៀន​អាចឱ្យ​សិស្ស​បន្ត​រៀនសូត្រ​បានជា​ប្រក្រតីភាព​ឡើងវិញ​។

លោក​បានឱ្យដឹងថា ចំពោះ​ការផ្ដល់​អាហារូបករណ៍ រដ្ឋាភិបាល​វៀតណាម​នឹង​ខិតខំ​បន្ត​ផ្ដល់​អាហារូបករណ៍​បន្ថែមទៀត​ដល់​កម្ពុជា ដើម្បី​អាចឱ្យ​និស្សិត​កម្ពុជា​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​វៀតណាម​។

លោក​ថ្លែងថា​៖«​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ យើង​ក៏បាន​ពិនិត្យ និង​គិត អំពី​ការផ្ដល់​អាហារូបករណ៍ និង​ការបញ្ជូន​និស្សិត​កម្ពុជា​បន្ថែមទៀត​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​វៀតណាម​»​។

​បើតាម​លោក ងឿ​ន វ៉ាន់ ហ្វុ​ក បច្ចុប្បន្ន​នៅ​ប្រទេស​​វៀតណាម មាន​កម្មវិធីសិក្សា​ច្រើន​សម្រាប់​ការបណ្ដុះបណ្ដាល​និស្សិត ក្នុងនោះ​មាន​កម្មវិធីសិក្សា​ជា​ភាសា​វៀតណាម អង់គ្លេស និង​បារាំង។​ ដូច្នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា​ជ្រើសរើស​និស្សិត​អាហារូបករណ៍​យ៉ាងណា​ឱ្យ​ត្រូវ​តាម​ជំនាញ​នៃ​កម្មវិធីសិក្សា​នីមួយៗ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ទាំង​ការបណ្ដុះបណ្ដាល និង​ការសិក្សា​របស់​និស្សិត​ផ្ទាល់​៕