
លោកហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមពីថ្ងៃទី ៨ សីហា ។ រូបថត ក្រសួងការពារជាតិកម្ពុជា
ភ្នំពេញៈលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានស្នើរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបន្តផ្តល់ការគាំទ្រលើកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកបន្ថែមទៀតដើម្បីកសាង និងការពារប្រទេសទាំង ២ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។
ការស្នើរបស់លោក ហ៊ុន ម៉ាណែត នេះ បានធ្វើឡើងកាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២២ ក្នុងគ្រាដែលលោកបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមរយៈការផ្សព្វផ្សាយរបស់នាយកដ្ឋានព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃទី ១០ ខែសីហា បានឱ្យដឹងថា ក្នុងជំនួបនោះលោក ហ៊ុន ម៉ាណែត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទកម្ពុជាជាមួយនឹងបណ្តាស្ថាប័នកងឯកភាពជាច្រើននៃកងទ័ពប្រជាជនវៀតណាមតាមរយៈសកម្មភាពជាច្រើន ទាំងការអប់រំបណ្តុះបណ្តាលធនមនុស្ស,ការផ្លាស់ប្តូរគណៈប្រតិភូ,លំហាត់ហ្វឹកហ្វឺនរួម,ការផ្តល់ជំនួយយោធានិងសម្ព័ន្ធមេត្រីភាពរវាងអង្គភាព និងអង្គភាព។
លោកក៏បានស្នើសុំរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកដែលបានឯកភាពគ្នាសំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នានិងការសហការគ្នាឱ្យបានស្អិតល្មួតបន្ថែមទៀត ដើម្បីកសាងនិងការពារប្រទេសទាំង២តាមរយៈការធានាបាននូវព្រំដែនសន្តិភាពនិងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។
ជាការឆ្លើយតប លោក Phan Van Giang បានសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័សរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយថ្មីៗនេះកម្ពុជាក៏ទើបទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM ។
ទន្ទឹមនឹងនេះ លោក Phan Van Giang ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំង២។ជាមួយគ្នានេះលោកបានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងដែលបានឈានឡើងដល់កម្រិតជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោកកម្ពុជា-វៀតណាមថ្នាក់រដ្ឋមន្ត្រីការពារជាតិលើកទី១ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ និងកិច្ចប្រជុំត្រីភាគីរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ឡាវ-វៀតណាម (CLV)ព្រមទាំងការត្រៀមធ្វើលំហាត់រួមត្រីភាគីស្ដីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណា នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ក្នុងឱកាសនោះ លោក Phan Van Giang ក៏បានគូសបញ្ជាក់ផងដែរ អំពីការគាំទ្រចំពោះទិសដៅដែលបានឯកភាពគ្នាសំដៅធ្វើយ៉ាងណាបន្តថែរក្សានិងលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធនិងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសម្លឹងមើលសក្តានុពលថ្មីៗបន្ថែមទៀតសម្រាប់ពេលអនាគត៕