
ពលរដ្ឋឆ្លងកាត់តំបន់ដែលទឹកជំនន់កាត់ផ្លូវ។ មន្ទីរព័ត៌មានមណ្ឌលគិរី
មណ្ឌលគិរីៈ អាជ្ញាធរខេត្តមណ្ឌលគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទំនាបជាប់ដងទន្លេស្រែពក បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ដែលអាចកើតមាននៅក្នុងអំឡុងពេលដ៏ខ្លីខាងមុខនេះ ខណៈកម្ពស់ទឹកទន្លេស្រែពក នៅព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ បានជន់ឡើងប្រកៀកនឹងកម្រិតប្រកាសអាសន្ន។
លោក អ៊ុំ សុវណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទឹកទន្លេស្រែពក បានជន់ឡើងដល់កម្រិតកម្ពស់ ១២,២០ ម៉ែត្រ គិតត្រឹមម៉ោង ១០:៣០ នាទីព្រឹកថ្ងៃទី ១០ ខែសីហា ខណៈកម្រិតកម្ពស់ប្រកាសអាសន្នគឺ ១២,៥០ ម៉ែត្រ។ ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបជាប់មាត់ទឹក នឹងប្រឈមគ្រោះទឹកជំនន់ ដែលអាចកើតមានឡើងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
លោក សុវណ្ណា បានថ្លែងថា៖ «ដើម្បីបង្ការហានិភ័យនៃគ្រោះទឹកជំនន់ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់អំពីសុវត្ថិភាពក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារ និងត្រៀមនូវមធ្យោបាយមួយចំនួនសម្រាប់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីទឹកជន់លិចផ្ទះសំបែង»។
យ៉ាងណាក៏ដោយលោក គិត ទ្រី អភិបាលរងខេត្តរតនគិរី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពស់ទឹកទន្លេស្រែពក នៅតែបន្តជន់ឡើងជាបន្តបន្ទាប់ ជាពិសេសនៅក្នុងស្រុកលំផាត់ ទឹកបានជន់ហូរចូលទៅក្នុងប្រព័ន្ធអូរ ប្រឡាយ ព្រែក នឹងហៀរហូរលិចផ្លូវលំមួយចំនួនជាបណ្ដើរៗហើយ។
លោកបានបញ្ជាក់ថា៖ «ក្នុងខណៈនេះ ក្រុមការងារយើងបានបញ្ជូននូវមធ្យោបាយដូចជាទូក កាណូត និងកម្លាំងអន្តរាគមន៍ ទៅរៀបចំបោះតង់នៅកន្លែងទីទួលសុវត្ថិភាព ដើម្បីត្រៀមខ្លួនជួយអន្តរាគមន៍ នៅពេលគ្រោះទឹកជំនន់មកដល់»។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងតំបន់ប្រឈមការលិចលង់ដោយគ្រោះទឹកជំនន់ ត្រូវត្រៀមខ្លួនដើម្បីជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងត្រូវបញ្ជូនសត្វពាហនៈ ដូចជា គោ ក្របី និង ជ្រូក របស់ពួកគេទៅកាន់ទីទួលសុវត្ថិភាពផងដែរ ដើម្បីការពារកុំឱ្យបាត់បង់ ដោយប្រការផ្សេងៗ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និង ឧតុនិយម កាលពីថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២ នៅពេលនេះ ប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលពីកូនព្យុះមួយឈ្មោះ MULAN ដែលបានកើតឡើងនៅខាងកើតកោះហៃណាំ។ ឥទ្ធិពលនៃព្យុះនេះ បាននាំមកនូវភ្លៀងរលឹមនិងខ្យល់បក់បោកខ្លាំងនៅក្នុងតំបន់មាត់សមុទ្រ និងមានភ្លៀងធ្លាក់ច្រើននៅតំបន់ខ្ពង់រាបភាគខាងជើង និងភាគឦសាន ជាពិសេសតាមព្រំដែនកម្ពុជា-ឡាវ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមថា ឥទ្ធិពលរបស់កូនព្យុះនេះ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ផ្ទៃអាងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និង កម្ពុជា ចាប់តាំងពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២២ មក។ ជាមួយបរិមាណទឹកភ្លៀងក្នុងកម្រិត ២០០ មិល្លីម៉ែត្រ តំបន់ខ្លះនៃខេត្តចំប៉ាសាក់ ប្រទេសឡាវ បានរងការជន់លិច រហូតដល់ធ្វើឱ្យមានការជម្លៀស ប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាព។
លោកបានបន្តថា៖ «ការជន់លិចនៅខេត្តចំប៉ាសាក់ ប្រទេសឡាវ បានធ្វើឱ្យកម្ពស់ទន្លេទាំង ៣ នៅភាគឦសាន នៃប្រទេសកម្ពុជា ដូចជាទន្លេសេសាន ស្រែពក និងទន្លេសេកុង បានចាប់ផ្តើមជន់ឡើងយ៉ាងគំហុកផងដែរ នៅថ្ងៃនេះ»។
លោកបានបន្តថា ចំណែកទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកអាចនឹងឡើងដល់កម្ពស់ ៨,៥០ ម៉ែត្រ, ខេត្តក្រចេះ ទឹកអាចនឹងឡើងដល់កម្ពស់ ១៩,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ ម៉ែត្រ។
ទឹកទន្លេដែលហក់ឡើងនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងហូរចូលទៅតាមបណ្តាផ្នែកមួយចំនួន នៃតំបន់វាលទំនាប៕