កំពង់ធំៈ ​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន ​១២ ​រូប​ ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ ដើម្បី​រង់ចាំ​ស៊ើបអង្កេត​បន្ត​ពាក់ព័ន្ធ​ករណី​ស្លាប់​បុរស​ម្នាក់​ក្នុងពេល​ចុះបង្ក្រាប​ទីតាំង​ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​ ១ កន្លែង ​ស្ថិតនៅ​ភូមិ​រូង ឃុំ ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​ ៧ ខែ សីហា ឆ្នាំ ២០២២​។​

លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០​ សីហាថា កាលពី​ថ្ងៃទី​ ៩ ខែសីហា មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចុះមក​ខេត្តកំពង់ធំ​បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​បុរស​ម្នាក់​ បន្ទាប់ពី​កម្លាំងកងរាជ​អាវុធហត្ថ​នៃ​បញ្ជាការដ្ឋាន​ខេត្តកំពង់ធំ​ចុះបង្ក្រាប​ល្បែង​កាលពី​ថ្ងៃទី​ ៧ ខែសីហា​។

លោក​ថ្លែងថា​៖ «​រឿងនេះ​យើង​បាន​ឃាត់​មនុស្ស​ ១២​ នាក់​ហើយ ​ពេលនេះ​មន្ត្រី​កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្តទៀត​»​។​

យោងតាម​សារ​បំភ្លឺ​តាម​ផេ​ច​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​ ៧ ​សីហា​ របស់លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានសរសេរថា​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបានទទួល​របាយការណ៍​ពី​លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ រាយការណ៍​អំពី​ការឃាត់ខ្លួន​ជនសង្ស័យ​ ៤​ នាក់ ដែល​ប្រព្រឹត្ត​លេងល្បែង​ស៊ីសង (​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ​)​។ ក្នុងចំណោម​នោះ​មាន​ជនសង្ស័យ​ឈ្មោះ សួង ឌ័​ន ម្នាក់​ផងដែរ​។

ក្នុងពេលដែល​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ពេលដែល​កំពុងធ្វើដំណើ​រ​នោះ ដល់​មុខ​វត្ត​បល្ល័ង្ក ភូមិ​បល្ល័ង្ក ឃុំបល្ល័ង ស្រុក​បារាយណ៍ ឈ្មោះ សួង ឌ័​ន ក៏បាន​និយាយថា​មិន​ស្រួលខ្លួន ស្របពេលនោះ​ជនសង្ស័យ​នោះ​មាន​អាកា​រ​ស្លេកស្លាំង ដកដង្ហើម​កាន់តែ​ញាប់​។ ពេលនោះ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ជួយ​ធ្វើ​ចលនា​បេះដូង និង​បន្តដំណើរ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សន្ទុក ខេត្តកំពង់ធំ ដើម្បីឱ្យ​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ ប៉ុន្តែ​ពេល​ដល់​មន្ទីរពេទ្យ​ឈ្មោះ សួង ឌ័​ន បាន​ស្លាប់បាត់​បង់ជីវិត​។ រីឯ​ការចុះផ្សាយ​នូវ​ព័ត៌មាន​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nearadey Din នៅ​ថ្ងៃទី​ ៧ ខែ សីហា ឆ្នាំ​ ២០២២ កងរាជអាវុធហត្ថ ទទួលយក​នូវ​ព័ត៌មាន​នេះ ដើម្បី​យកទៅ​ធ្វើការ​ស្រាវជ្រាវរ​ក​សាក្សី និង​ភ័ស្តុតាង​បញ្ជាក់បន្ថែម​។​

ផេ​ច​ដដែល​បង្ហាញ​សម្ដី​លោក អេង ហ៊ី ទៀតថា​៖ «​កងរាជអាវុធហត្ថ​យើងខ្ញុំ នឹងធ្វើ​ការ​ស៊ើប​អង្កេត ស្រាវជ្រាវ​ករណីនេះ​ឱ្យបាន​ច្បាស់លាស់ ត្រឹមត្រូវ​តាមច្បាប់ រក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​នៃ​សព តាមរយៈ​ការចុះ​ធ្វើ​ចំពោះ​កិច្ច​ដល់​កន្លែងកើតហេតុ ដោយ​ក្រុមការងារ​ចំពោះ​កិច្ច នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​»​។​

កញ្ញា ឌិន នារ​តី ត្រូវជា​កូនស្រី​បង្កើត​របស់​បុរសរងគ្រោះ​បាន​និយាយប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ១០ ​សីហាថា មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​បាន​ទូរស័ព្ទ​ប្រាប់ថា កម្លាំង​មន្ត្រី​អាវុធហត្ថ​ជំនាញ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​មន្ត្រី​ជំនាញ​អាវុធហត្ថ​ខេត្តកំពង់ធំ​ត្រូវ​ចុះមក​ដល់ផ្ទះ​របស់​នាង​នៅ​ថ្ងៃទី​ ១០​ សីហា ដើម្បី​ស៊ើបអង្កេត​ជុំវិញ​ការស្លាប់​របស់​ឪពុក​នាង​។​

កញ្ញាបញ្ជាក់ថា​៖ «​ខាង​ប៉េ​អឹម​ប្រាប់​ខ្ញុំ​ថា ​គាត់​ចុះមក​ផ្ទះ​ខ្ញុំ​នៅ ​(​ថ្ងៃទី​ ១០​ សីហា​) ​គាត់​ថា ​ចុះមក​ស្រាវជ្រាវ​ស៊ើបអង្កេត​ដើម្បី​ធ្វើ​កោសល្យវិច័យ​តែ​ខ្ញុំ​មិនដឹងថា យ៉ាងម៉េច​នៅឡើយ​ទេ​តែ​ខាង​មន្ត្រី​ប៉េ​អឹម​ប្រាប់​ខ្ញុំ​ថា ស្វែងរក​យុត្តិធម៌​ឱ្យបាន​ពិតប្រាកដ​។​ អ្វីដែល​ខ្ញុំ​ចង់បាន​គឺ​ការរក​យុត្តិធម៌​ឱ្យ​ឪពុក​របស់ខ្ញុំ​»​។

កញ្ញា នារ​តី អះអាងថា ​ឪពុក​របស់​នាង​មិនមែនជា​មនុស្ស​ចេះ​លេងល្បែង​ទេ​ប៉ុន្តែ​នៅ​ថ្ងៃទី​ ៧ ខែ សីហា ឆ្នាំ ២០២២ ​ដែលជា​ថ្ងៃកើតហេតុ​នោះ​ឪពុក​របស់​នាង​មកពី​ចូលរួម​ប្រជុំ​។​ ពីព្រោះ​គាត់​ជា​អនុ​ភូមិ​រូង​ហើយ​បាន​ចូល​អង្គុយ​ហូប​កាហ្វេ​នៅផ្ទះ​ស្រី​របស់គាត់​ដែល​ជួល​ឱ្យគេ​បើក​ល្បែង​ជល់​មាន់​តាម​អន​ឡាញ​ចៃដន្យ​ប៉េ​អឹម​ចុះមក​ចាប់គាត់ និង​មនុស្ស​ប្រុស​៣​នាក់​ទៀត​។

អ្នកស្រី​ ស៊ុន វីន អាយុ​ ៤៦ ​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​និយាយប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ​សីហាថា ប្តី​របស់​អ្នកស្រី​មាន​អាយុ​ ៤៧​ ឆ្នាំ​ហើយ​ តែ​សុខភាព​របស់គាត់​នៅ​ល្អ​ណាស់​មិន​ដែលមាន​ជំងឺ​អី​ទេ​សូម្បីតែ​លើសឈាម​ ឬ​ជំងឺ​ទឹកនោមផ្អែម​ក៏​គ្មាន​ដែរ​។​ ដូច្នេះ​ការស្លាប់​របស់គាត់​ងាយៗ​បែបនេះ​ទើប​ធ្វើឱ្យ​អ្នកស្រី​ក៏ដូចជា​កូនៗ​របស់​អ្នកស្រី​មិន​អស់ចិត្ត​ទាល់តែសោះ​ចំពោះ​ការស្លាប់​ប្តី​របស់គាត់​។ ​នៅ​ថ្ងៃកើតហេតុ​នោះ​គ្មាន​សមាជិក​ណា​ម្នាក់​របស់​អ្នកស្រី​បានឃើញ​សកម្មភាព​សមត្ថកិច្ច​ប៉េ​អឹម​ចាប់​ប្តី​របស់​អ្នកស្រី​ទេ​។​ ប៉ុន្តែ​ស្ត្រី​ម្នាក់​ដែលជា​បងថ្លៃ​របស់​អ្នកស្រី​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ហើយ​បាន​និយាយប្រាប់​អ្នកស្រី​ថា សមត្ថកិច្ច​បាន​យកដៃ​ក្រៀក​ក​ប្តី​អ្នកស្រី​ជើង​ផុតពី​ដី​ហើយ​រុញ​ចូលក្នុង​រថយន្ត​ ដែល​ពេលនោះ​ប្តី​របស់​អ្នកស្រី​មាន​សភាព​ស្លេកស្លាំង​ភ្លាមៗ​តែម្តង​។

អ្នកស្រី ​ស៊ុន វីន​ ថា​៖ «​គេ​ចាប់​ប្តី​ ខ្ញុំ​ទៅ​អត់​ទាន់​ទេ ហើយក៏​ត្រឡប់មកផ្ទះ​វិញ​មិនទាន់​ទាំង​ដាក់​គូទ​អង្គុយ​ផង​ស្រាប់តែ​គេ​តេ​មក​ប្រាប់​ខ្ញុំ​ថា ​ប្តី​ខ្ញុំ​ស្លាប់​ហើយ​។ ​នៅពេលនោះ​ខ្ញុំ​ស្ទើរ​គាំងបេះដូង​ស្លាប់​ ព្រោះ​វារ​ហ័ស​ពេក​។ ​អ៊ីចឹង​ខ្ញុំ និង​កូនៗ​មិន​អស់ចិត្ត​ទេ ខ្ញុំ​ស្នើសុំ​ដល់​សមត្ថកិច្ច​មេត្តា​រក​យុត្តិធម៌​ឱ្យ​ប្តី​ខ្ញុំ​ផង​។ ​បើ​គេ​សុំ​គាស់​សព​ប្តី​ខ្ញុំ​មក​ធ្វើ​កោសល្យវិច័យ​ក៏​ខ្ញុំ​ឱ្យ​គាស់​ដែរ​»​។​

លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបានចេញ​បទបញ្ជា​ក្រោយពី​កើតហេតុ​ថា លោក​បញ្ជា​ឱ្យ​នាយការិយាល័យ​អធិការកិច្ច ស្នងការនៃស្នងការដ្ឋាន​កសាង​ក​ម្លាំ​ង ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ដែល​ទាក់ទង​ទៅនឹង​ការអនុវត្ត​នីតិវិធី​ដឹកនាំ​ការស្រាវជ្រាវ​នេះ​។ ដោយ​ស្នងការនៃស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​រក​មូលហេតុ​ពិត​ករណី​ស្លាប់​ប្រជាជន​នៅ​ខេត្តកំពង់ធំ​ ដែលកងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ក្នុង​ប្រតិបត្តិការ​មាន​មនុស្ស​​ស្លាប់ ដោយមាន​សារព័ត៌មាន និង​សាធារណមតិ​គេ​បាន​ចុះផ្សាយ​ព្រោងព្រាត​។​

លោក​ថ្លែងថា​៖ «​ថ្ងៃនេះ​ខ្ញុំ​នឹងធ្វើ​សេចក្តីសម្រេច​ចេញ​បទបញ្ជា​ឱ្យ​អស់លោក​ចុះទៅ​ស្រាវជ្រាវ​ហើយ​ខេត្តកំពង់ធំ ​ត្រូវ​សហការ​រឿងនេះ​ឱ្យបាន​ពិតប្រាកដ​ស៊ីជម្រៅ​។ កំហុស​នៅលើ​អ្នកណា​ដែល​បាន​ប្រព្រឹត្ត​ត្រូវ​ឃាត់ខ្លួន​អ្នក​ហ្នឹង​ភ្លាម​។​ឥឡូវ​ចំពោះមុខ​ខ្ញុំ​សុំឱ្យ​រក្សា​ឃាត់​មនុស្ស​ទាំងអស់​ដែលមាន​ការពាក់ព័ន្ធ​ទុក​ម្តុំ​សិន​»៕

វីដេអូ៖