ភ្នំពេញៈ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានដោះស្រាយបញ្ចប់ទំនាស់ដីធ្លី ២០០ ហិកតា ក្នុងតំបន់កោះរះ រវាងក្រុមហ៊ុន ៧ មករា ផារី និងប្រជាពលរដ្ឋចំនួន ៩៩ គ្រួសារ នៅសាលាឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី ៩ ខែសីហា ដោយភាគីទាំងសងខាងយល់ព្រមចែកគ្នាម្នាក់ពាក់កណ្តាល។

លោកអភិបាលខេត្កកំពង់ធំ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានឱ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី ៩ ខែសីហា ថា ការជួបគ្នាជាមួយភាគីទំនាស់ទាំងសងខាងនេះ ដើម្បីអង្គប្រជុំក្តាប់បាន នូវអ្វី ដែលកើតឡើងលើដីទំនាស់ សំដៅឈានទៅដល់ការសិក្សាបញ្ចប់ នៃបញ្ហាទំនាស់រឿងដីធ្លី រវាងដីក្រុមហ៊ុន ៧ មករា ផារី ជាមួយនឹងប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា ទំនាស់ដីធ្លីនេះបានអូសបន្លាយពេលយូរ និងបានប្រើប្រាស់យន្តការតុលាការក្នុងការចេញដីការក្សាការពារ ដើម្បីបានសិទ្ឋិប្រើប្រាស់អាស្រ័យផលលើដីរបស់រដ្ឋ (ដីតំបន់ ២)។ ក្នុងកិច្ចប្រជុំដោះស្រាយនោះ លោកអភិបាលខេត្ត បានឱ្យខាងភាគីក្រុមហ៊ុន ៧ មករា ផារី និងភាគីតំណាងប្រជាពលរដ្ឋលើកឡើងអំពីប្រវត្តិដី និងប្រវត្តិនៃការចូលកាន់កាប់ដី ព្រមទាំងឱ្យអាជ្ញាធរដែនដីធ្វើការបំភ្លឺបន្ថែមទៀត បន្ទាប់ពីចុះសិក្សាស្រាវជ្រាវកន្លងមក។

លោក ងួន រតនៈ បានធ្វើការសម្របសម្រួល និងស្វែងរកដំណោះស្រាយ អស់រយៈពេលជាច្រើនម៉ោង ដោយភាគីទាំង ២ បានយល់ព្រមបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះ ដោយបែងចែកគ្នាពាក់កណ្តាលម្នាក់លើផ្ទៃដីចំនួន ២០០ ហិកតា។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ជំរុញឱ្យអាជ្ញាធរដែនដីធ្វើការជាមួយតំណាងក្រុមហ៊ុន ៧ មករា ផារី ជួបប្រជាពលរដ្ឋទាំង ៩៩ គ្រួសារ បន្តចុះទៅធ្វើការបែងចែកដីទំនាស់នេះ រវាងក្រុមហ៊ុន ៧ មករា ផារី និងប្រជាពលរដ្ឋ ដោយមានកំណត់ការបោះបង្គោលព្រំឱ្យបានច្បាស់លាស់។

ក្នុងកិច្ចប្រជុំសម្របសម្រួលនោះដែរ លោកអភិបាលខេត្តបានស្នើសុំឱ្យភាគីទំនាស់ទាំង២ ដកពាក្យបណ្តឹងទាំងឡាយណា ដែលពាក់ព័ន្ធនឹងបុគ្គល រឿងទំនាស់ដីធ្លីនេះពីសមត្ថកិច្ចតុលាការ បន្ទាប់ពីក្រុមការងារបានធ្វើការបិទបញ្ចប់បញ្ហាទំនាស់នោះ។

លោក ងួន រតនៈ បញ្ជាក់ថា៖«សូមភាគីទាំង២បញ្ចប់គ្រប់រឿងទាំងអស់ ដើម្បីឱ្យកើតមានសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងចូលទៅអាស្រ័យផល។ កុំទុកដីចោល ត្រូវប្រើប្រាស់ឱ្យសមស្របទៅតាមពេលវេលា និងគោលបំណង នៃការប្រើប្រាស់ ជាជាងទុកដីនៅទំនេរ»។

មេឃុំស្រឡៅ លោក កុល ញឹម ថ្លែងនៅថ្ងៃទី ១០ សីហា ថា ប្រជាពលរដ្ឋបានសម្តែងការសប្បាយចិត្ត នៅពេលដែលបញ្ហាត្រូវបានស្រុះស្រួលគ្នាដោះស្រាយបានសម្រេច ហើយពួកគាត់់នឹងទទួលបានចំណែកដី សម្រាប់អាស្រ័យផល។ លោកមេឃុំប្រាប់ថា បញ្ហាទំនាស់ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ៩៩គ្រួសារនេះ កើតឡើងក្នុងឆ្នាំ ២០២១ ដោយសារការវិនិយោគរបស់ក្រុមហ៊ុន ប៉ះលើដីអាស្រ័យផល របស់ប្រជាពលរដ្ឋ ដែលបានចាប់ផ្តើមធ្វើការអាស្រ័យផល តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។

លោកថ្លែងថា៖ «ប្រជាពលរដ្ឋបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ ២០០៤ មក ប៉ុន្តែគាត់ធ្វើដោយអន្លើៗទេ មិនធ្វើស្មើទេ មានន័យថា ធ្វើដោយចន្លោះៗ។ រហូតដល់ឆ្នាំ ២០២១ ក្រុមហ៊ុនចូលទៅ បានប៉ះទៅលើកន្លែងពួកគាត់ ក៏ទាស់គ្នា ប៉ុន្តែឥឡូវបានដោះស្រាយរួចហើយ គាត់អបអរសាទរ និងព្រមព្រៀងគ្នាអស់ហើយ»។

លោក ញឹម សារ៉ាត់ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ប្រចាំខេត្តកំពង់ធំ ថ្លែងនៅថ្ងៃទី ១០ សីហា ថា បើសិនជាមានការសម្រេចដោះស្រាយជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផលយូរឆ្នាំហើយ តាមរយៈការព្រមព្រៀងគ្នា របស់ប្រជាពលរដ្ឋនៅតំបន់នោះជាមួយក្រុមហ៊ុន នោះមិនមែនជាបញ្ហាអ្វីទេ៕