
ការបើកវគ្គបណ្ដុះបណ្ដាលគ្រូពេទ្យនៅតាមសហគ្រាសពីថ្ងៃទី៩ សីហា ។ រូបថត ក្រសួងការងារ
ភ្នំពេញៈ នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពនិងសុខភាពការងារដល់គ្រូពេទ្យសហគ្រាស ដើម្បីយកទៅប្រើប្រាស់នៅតាមបណ្តារោងចក្រ សហគ្រាសប្រកបដោយប្រសិទ្ធភាពក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងការងារ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែសីហានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានពេទ្យការងារ និងសិក្ខាកាមដែលជាគ្រូពេទ្យសហគ្រាសចំនួន ៤១ នាក់ នៅសាលប្រជុំនាយកដ្ឋានពេទ្យការងារ។
អនុប្រធាននាយកដ្ឋានពេទ្យការងារ លោក យី កន្និដ្ឋា ដែលបានអញ្ជើញបើកវគ្គបណ្តុះបណ្តាលនេះបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ដើម្បីបំពេញបន្ថែមឱ្យគ្រូពេទ្យមាននីតិសម្បទាគ្រប់គ្រាន់ក្លាយជាគ្រូពេទ្យសហគ្រាសនិងអាចបម្រើការងារនៅតាមរោងចក្រសហគ្រាសបានស្របតាមលក្ខខណ្ឌដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីការងារនិងប្រកាសរួមលេខ ១៣៩ សកបយ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០០១ ស្តីពីលក្ខខណ្ឌនិងបេសកកម្មសេវាពេទ្យសហគ្រាស។
លោកថា៖ «វគ្គនេះ គឺជាមូលដ្ឋានគ្រឹះ អ៊ីចឹងយើងបង្រៀនអ្វីដែលទាក់ទងសុវត្ថិភាព និងសុខភាពការងារ ដោយត្រូវកំណត់ហានិភ័យកន្លែងធ្វើការ និងការវាយតម្លៃ ការទប់ស្កាត់ហានិភ័យ ការការពារទៅលើជំងឺវិជ្ជាជីវៈហើយនៅក្នុងនោះនិយាយអំពីអនាម័យឧស្សាហកម្ម»។
លោកបន្តថា ក្រៅពីនោះក៏បង្រៀនទៅលើសុវត្ថិភាពអគ្គិភ័យនិងសុវត្ថិភាពអគ្គិសនីផងដែរ ដើម្បីឱ្យគ្រូពេទ្យយកទៅផ្សព្វផ្សាយអប់រំបន្តដល់កម្មករ និងនិយោជកជាដើម។
លោក ហេង សុខសាង ដែលជាគ្រូពេទ្យប្រចាំរោងចក្រកាត់ដេរសម្លៀកពាក់បានថ្លែងថា សម្រាប់ការងារបច្ចេកទេសលោកមានស្រាប់ហើយ។ ចំណែកការបណ្តុះបណ្តាលនោះផ្តោតទៅលើសុវត្ថិភាពនិងសុខភាពការងារដោយសារនៅតាមរោងចក្រសហគ្រាសមានមនុស្សច្រើនអាចបង្កជាហានិភ័យកើតឡើងដោយប្រយោល។
លោកថា៖ «ពេលយើងទទួលបានចំណេះដឹងផ្នែកនេះយើងត្រូវធ្វើការផ្សព្វផ្សាយបន្តទៅតាមរោងចក្រដែលយើងឈរជើងនៅទីនោះ ហើយសម្រាប់កន្លែងដែលខ្ញុំប្រចាំការនេះមិនសូវមានហានិភ័យកើតឡើង ដោយសារយើងមានគ្រូពេទ្យ ២ នាក់ប្រចាំការ តែជួនកាលកើតមានដោយសារធ្វេសប្រហែសរបស់គាត់ដូចជា មុតកន្រៃ្តតិចតួច»។
ប្រធាននាយកដ្ឋានពេទ្យការងារលោក ឡេង តុង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការបណ្តុះបណ្តាលពិតជាមានសារៈសំខាន់ ខណៈនាយកដ្ឋានកំពុងជំរុញធ្វើឱ្យបានទូទាំងប្រទេស ដើម្បីឱ្យស្របតាមផែនការយុទ្ធសាស្ត្រផ្នែកសុវត្ថិភាព និងសុខភាពការងារ។
លោកថា៖ «កម្មករជាទូទៅគាត់ឈឺក្បាល វិលមុខ មុតដៃ ដូច្នេះគ្រូពេទ្យសហគ្រាសជួយឃ្លាំមើល សុវត្ថិភាពនិងសុខភាពនៅកន្លែងការងារ។ឧទាហរណ៍កន្លែងធ្វើការនោះហប់អត់មានប្រព័ន្ធខ្យល់ត្រឹមត្រូវ កម្មករនឹងងាយសន្លប់ អ៊ីចឹងគ្រូពេទ្យដូចជាតំណាងរបស់នាយកដ្ឋានពេទ្យការងារមួយដែរ ជួយមើលការខុសត្រូវ ហើយគាត់អាចជួយបង្រៀនកម្មករពីការការពារគ្រោះថ្នាក់ការងារ»។
លោកបន្តថា ជាទូទៅគ្រូពេទ្យគាត់រៀនពីជំនាញបច្ចេកទេស ប៉ុន្តែការងារនៅរោងចក្រសហគ្រាស មានភាពខុសប្លែកនៅខាងក្រៅដែលទាមទារឱ្យគាត់ទទួលបានចំណេះបន្ថែមទាំងសុវត្ថិភាពផង និងសុខភាពកម្មករនៅកន្លែងការងារ ដែលជាផ្នែកមួយជួយកាត់បន្ថយគ្រោះថ្នាក់នានាៗ។
លោកថា៖ «បណ្តុះបណ្តាលទាំងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពការងារត្រូវឱ្យគាត់ដឹងថាកន្លែងការងារត្រូវមានអី ឧទាហរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ការងារយើងត្រូវធ្វើការវិភាគនិងរកឱ្យឃើញថាកន្លែងការងារនោះមានហានិភ័យអ្វី?ពេលរកឃើញហើយ យកមកវិភាគថា កន្លែងនោះគ្រោះថ្នាក់ស្រាលឬធ្ងន់ ដើម្បីដាក់ចេញវិធានការការពារ»។
លោកបន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះក៏បង្រៀនពីការជំរុញការអនុវត្តច្បាប់ ដើម្បីឱ្យគាត់ដឹងថាក្រសួងមានយន្តការជំរុញការអនុវត្តច្បាប់ប្រសិនបើនិយោជកមិនអនុវត្តទេគឺនឹងមានការផាកពិន័យឬអាចឈានដល់ការបិទរោងចក្រ។
លោកថា៖ «ក្រសួងកំពុងជំរុញការអនុវត្តប្រព័ន្ធស្តង់ដាការងារ អ៊ីចឹងគ្រូពេទ្យសហគ្រាសក៏ជាសមាជិកនៃក្រុមការងារដែរ យើងតម្រូវឱ្យរោងចក្រត្រូវជួលគ្រូពេទ្យដាក់ប្រចាំនៅតាមរោងចក្រសហគ្រាសហើយគ្រូពេទ្យសហគ្រាសអាចជាបុគ្គលិកឯកជន ឬអាចជាមន្ត្រីរាជការអាចបំពេញការងារក្រៅម៉ោងបាន»៕